មណ្ឌលគិរីៈ ក្រុមអ្នកសិក្សាស្រាវជ្រាវនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្តចុះដាក់កាមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ ទីតាំង ដើម្បីតាមដានចំនួនសត្វរំពា(ឈ្លូស) ខណៈមន្ត្រីជំនាញ អះអាងថា បច្ចុប្បន្នចំនួនសត្វរំពា (ឈ្លូស) អាចនឹងមានចំនួនថយចុះដោយសារតែការបរបាញ់ និងការដាក់អន្ទាក់ដោយខុសច្បាប់។
កាលពីថ្ងៃទី ២៨ ខែសីហា មន្ត្រីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួម និងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានបន្តចុះដាក់កាមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញចំនួន ២៥ ទីតាំង ដើម្បីតាមដានចំនួនសត្វរំពា (ឈ្លូស)។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ «ការសិក្សាស្រាវជ្រាវនេះ គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ហើយក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពា(ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ»។
ឈ្លូស (Red muntjac) គឺស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក ហើយវាត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួម នឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។
តាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សត្វប្រភេទនេះ កំពុងប្រឈម នឹងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ ហើយតាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា៖ «វាអាចបន្លឺសំឡេងខ្លាំង និងតតបគ្នា រហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់ និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាព និងរកចំណី ពេញ ១ យប់ ប្រសិនបើមានការរំខាន»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែសីហាថា ក្រោយពីការបំពាក់កាមេរ៉ា ក្រុមអ្នកស្រាវជ្រាវ នឹងបន្តធ្វើការប្រមូលរូបភាពដែលថតបាន ដើម្បីយកមកវិភាគរកតួលេខនៃសត្វឈ្លូសដែលសេសសល់នៅក្នុងតំបន់នេះ។ លោក បានឱ្យដឹងថា គម្រោងនៃការស្រាវជ្រាវនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយមន្ត្រីជំនាញនឹងធ្វើការវិភាគទៅលើសត្វទាំងនេះ ដើម្បីឱ្យប្រាកដថា ចំនួនឈ្លូសដែលសេសសល់ក្នុងតំបន់នេះ មានចំនួនប៉ុន្មាន។
លោកបានបញ្ជាក់ថា៖ «យើងកំពុងប្រមូលអង្គចងចាំដើម្បីពិនិត្យមើលរូបភាព ដូច្នេះជារៀងរាល់សប្តាហ៍ គឺមន្ត្រីរបស់យើងនឹងដើរទៅប្រមូលទិន្នន័យទាំងនេះ ដើម្បីធ្វើការវិភាគលើសត្វឈ្លូស ១ ក្បាលៗ នៅក្នុងដែនជម្រកយើង។ រហូតមកដល់ពេលនេះ យើងមិនទាន់បានធ្វើអត្តសញ្ញាណទេ យើងគ្រាន់តែប្រមូលនូវរូបភាពសត្វទាំងនោះ ហើយលើកចុងក្រោយ បានយើងធ្វើការវិភាគទៅលើឈ្លូសនីមួយ។ ការវិភាគនេះ យើងនឹងធ្វើការវិភាគដើម្បីឱ្យដឹងថា សត្វឈ្លូសនេះ មានការខុសគ្នារបៀបម៉េចព្រោះពេលខ្លះ យើងឃើញ អត់មានអីសម្គាល់ ហើយថា វាតែ ១»។
តាមលោក កែវ សុភគ៌ ការសិក្សាចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ រកឃើញថា ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វឈ្លូសជាង ១ ០០០ ក្បាល។ ប៉ុន្តែលោកអះអាងថា តាមការសន្និដ្ឋានក្នុងពេលបច្ចុប្បន្ន តួលេខនេះ អាចនឹងមានការធ្លាក់ចុះ ដោយសារតែបទល្មើសនៃការបរបាញ់ និងការដាក់អន្ទាក់ដោយខុសច្បាប់។
លោកបានបញ្ជាក់ថា៖ «ដោយសាតែមានសកម្មភាពនៃការបរបាញ់ អ៊ីចឹងចំនួនសត្វឈ្លូសនេះ មានការធ្លាក់ចុះ។ អ៊ីចឹងបានជា មន្ទីរបរិស្ថាន សហការជាមួយ អង្គការ WWF ធ្វើការងារនេះឡើងវិញ។ យើងធ្វើនេះ មិនត្រឹមតែសត្វឈ្លូសទេ គឺយើងធ្វើទៅលើសត្វរំពាមួយចំនួនទៀត ដែលជាចំណីខ្លា គ្រាន់តែលើកនេះ យើងផ្តោតទៅលើសត្វឈ្លូស»។
សូមជម្រាបថា ក្នុងប្រភេទជម្រុះស្នែង សត្វឈ្លូស ជាប្រភេទសត្វដែលមានមាឌតូច និងមានស្នែងខ្លីប្រវែងពី ១០ ទៅ ១៥ សង់ទីម៉ែត្រ ព្រមទាំងប្រវែងខ្នែងមិនលើសពី ៥ សង់ទីម៉ែត្រទេ ហើយឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលទេ គឺគ្រាន់តែលេចចេញជាដុំពក ឆ្អឹងតូចនៅពីលើក្បាលជាមួយរោមកញ្ចុំប៉ុណ្ណោះ។
ឈ្លូសញី និងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលជាទូទៅវាប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ វាមានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។ នៅលើផ្ទៃមុខបង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំង ២។ នៅខាងលើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស។ នេះបើតាមការអះអាងរបស់មន្ទីរបរិស្ថានខេត្តមណ្ដលគិរី៕