ភ្នំពេញៈ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានរៀបចំយុទ្ធនាការស្តីពីមូលនិធិឧស្សាហកម្មនិស្សារណកម្មសម្រាប់យុវជនជំនាន់ក្រោយ ដែលមានយុវជនជាង ១០០ នាក់ មកពីតាមសាកលវិទ្យាល័យនានាចូលរួម ខណៈយុទ្ធនាការនេះកំពុងជំរុញឱ្យមានការបង្កើតមូលនិធិឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា។
យុទ្ធនាការស្តីពីមូលនិធិឧស្សាហកម្មនិស្សារណកម្ម ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែសីហា ដោយមានកិច្ចពិភាក្សាដែលមានអ្នកចូលរួមភាគច្រើនជាយុវជន និងមានការចុះទៅផ្សព្វផ្សាយនៅតាមទីសាធារណៈ ក្នុងន័យផ្សព្វផ្សាយជុំវិញយន្ដការក្នុងការគ្រប់គ្រងចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្មប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
កញ្ញា សល់ លីហ័ង ជំនួយការគម្រោងលើកកម្ពស់ការចូលរួមរបស់យុវជនដើម្បីឥទ្ធិពលគោលនយោបាយរបស់អង្គការ YRDP បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ សីហាថា យុទ្ធនាការនេះ មិនត្រឹមមានគោលបំណងផ្ដល់ឱកាសឱ្យយុវជន និងសាធារណជនទទួលបានចំណេះដឹងពីយន្ដការក្នុងការគ្រប់គ្រងចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្មប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះ ក៏បានចូលរួមផ្សព្វផ្សាយចំណេះដឹងអំពីការបង្កើតមូលនិធិឧស្សាហកម្មនិស្សារណកម្ម ដែលពលរដ្ឋមួយចំនួនមិនទាន់មានការយល់ដឹងអំពីមូលនិធិនេះផងដែរ។
កញ្ញាបានបន្តថា៖ «យើងបានធ្វើការចែករំលែកពីសារៈសំខាននៃការបង្កើតមូលនិធិឧស្សាហកម្មនិស្សារណកម្មហ្នឹងទៅដល់ប្រជាពលរដ្ឋ ដែលគាត់មិនធ្លាប់បានដឹងព័ត៌មានកន្លងមកកាលពីមុន។ អ៊ីចឹងយើងបានចែករំលែកទៅដល់ទីតាំងផ្សេងៗដោយមានការប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈការជិះតុកតុក និងការជិះស៊ីក្លូ និងម៉ូតូទៅតាមទិសដៅនីមួយៗ»។
កញ្ញា ថន វិច្ឆិកាណារី យុវជនស្ម័គ្រចិត្ត YRDP និងបានចូលរួមយុទ្ធនាការនេះ បាននិយាយថា ជាទូទៅព័ត៌មានដែលពាក់ព័ន្ធនឹងមូលនិធិឧស្សាហកម្មនិស្សារណកម្ម ហាក់នៅមានព័ត៌មានតិចតួចមែនទែន ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការពិបាកក្នុងការស្រាវជ្រាវ។ កញ្ញាថ្លែងថា យុទ្ធនាការនេះ បានចូលរួមផ្តល់នូវព័ត៌មានមួយចំនួនដល់កញ្ញា ខណៈការផ្តល់មូលនិធិឧស្សាហកម្មនិស្សារណកម្ម គឺបានចូលរួមចំណែកក្នុងការកសាងហេដ្ឋានរចនាសម្ព័ន្ធសង្គមជាតិបានច្រើន។
កញ្ញាបន្តថា៖ «ខ្ញុំចាប់អារម្មណ៍មែនទេន ដែលបង្កើតកម្មវិធីនេះឡើង ដែលសំខាន់មែនទែន ព្រោះយើងចង់ឱ្យមានការបង្កើតមូលនិធិនេះឡើងនៅកម្ពុជារបស់យើង។ យើងចង់ឃើញមានកញ្ចប់ថវិកាមួយផ្នែកពីការទាញយក និងការលក់ប្រេង ឧស្ម័ន និងរ៉ែហ្នឹង ដើម្បីយកថវិកាទាំងអស់នោះ ទៅធ្វើការអភិវឌ្ឍនៅមូលដ្ឋាន»។
តាមអង្គការ YRDP មូលនិធិឧស្សាហកម្មនិស្សារណកម្ម គឺជាការផ្តល់ថវិកាមួយចំណែក ដើម្បីទ្រទ្រង់សហគមន៍មូលដ្ឋាន ដែលទទួលបានពីវិស័យរ៉ែ តាមរយៈក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិវិនិយោគនៅក្នុងប្រទេស។ ឧស្សាហកម្មនិស្សារណកម្ម សំដៅទៅលើវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្ម សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ដូចជា ខ្សាច់ ថ្ម និងក្រួសជាដើម។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា លោកមិនទាន់ដឹងច្បាស់ទេថា ការទាមទារឱ្យមានការបង្កើតមូលនិធិឧស្សាហកម្មនិស្សារណកម្មក្នុងគោលបំណងអ្វី ដែលចាំបាច់ត្រូវសិក្សាបន្ថែមទៀត។ យ៉ាងណាក្ដីលោកអះអាងថា កន្លងមក ក្រសួងរ៉ែ និងថាមពល បានបង្កើតមូលនិធិរ៉ែឬមូលនិធិទ្រទ្រង់សហគមន៍មូលដ្ឋានរួចហើយ ដែលមានន័យថា គ្រប់ការដ្ឋានរ៉ែទាំងអស់នៅកម្ពុជា ត្រូវបង់ថវិកាចូលមូលនិធិទាំងនេះដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន។
លោកបានបញ្ជាក់ថា៖«រឿងថាចង់ផ្សព្វផ្សាយឱ្យយុវជនចង់ដឹងឮ ខាងយើងក្រសួងរ៉ែ ពិតជាសប្បាយរីករាយណាស់។រ៉ែគឺជារ៉ែរបស់ប្រជាជនខ្មែរទាំងអស់ មិនមែនរបស់បុគ្គលណាមួយទេ ដូច្នេះហើយក្រសួងពិតជាសប្បាយរីករាយ ប្រសិនបើយុវជនយើងមានចំណាប់អារម្មណ៍ ចង់ដឹង ចង់យល់ និងចង់ចូលរួមអភិវឌ្ឍវិស័យទាំងនេះ ឱ្យកាន់តែប្រសើរថែមទៀត»។
ជាមួយនឹងការស្វាគមន៍នេះ លោក អ៊ឹង ឌីប៉ូឡា ក៏បានប្រកាសឱ្យសាធារណជន នៅពេលមានចម្ងល់ជុំវិញវិស័យឧស្សាហកម្មនិស្សារណកម្ម អាចទាក់ទងមកលេខទាន់ហេតុការណ៍ ០៩៥ ៧២៧ ៧២៧ ខណៈលោក អះអាងថា ក្រសួងតែងផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនតាមបណ្តាញសង្គមផងដែរ។
ទាក់ទងនឹងករណីរ៉ែនេះ អគ្គនាយកដ្ឋានធនធានរ៉ែដែលជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពលបានអះអាងថា ខ្លួនមានបេសកកម្មយ៉ាងធំធេងក្នុងការជំរុញទាញយកឱ្យអស់លទ្ធភាពនូវសក្តានុពលរបស់វិស័យឧស្សាហកម្មនិស្សារណកម្ម ដូចជា ការធ្វើអាជីវកម្មផលិតកម្មរ៉ែ ដើម្បីបង្កើតនូវផលប្រយោជន៍ជាវឌ្ឍនភាពរុងរឿងរយៈពេលវែងនៃសង្គមជាតិ ដោយបញ្ចៀសឱ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថាន និងសង្គម លើកកម្ពស់ ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន និងធ្វើឱ្យកាន់តែល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់។
អគ្គនាយកនេះ បានអះអាងថា៖ «វិស័យរ៉ែ នឹងត្រូវជំរុញអភិវឌ្ឍឱ្យក្លាយទៅជាសសរស្តម្ភដ៏រឹងមាំ និងជាកម្លាំងចលករថ្មីយ៉ាងសំខាន់ សម្រាប់ការជំរុញវឌ្ឍនភាពសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងការជំរុញអភិវឌ្ឍពិពិធកម្មសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា»៕