តាកែវៈ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅសម្រេចបាន ៨០ ភាគរយហើយ នៅសល់តែជីកស្រះ មិនទាន់ធ្វើរួចរាល់នៅឡើយ។
លោក ហ៊ីង ប៊ុនហៀង បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ២៩ ខែសីហា តាមរយៈបណ្តញសង្គមតេឡេក្រាមថា៖ «ជិតចប់ហើយ សម្រេចបាន ៨០ ភាគរយ តែនៅសល់ជីកស្រះមិនទាន់ហើយទេ»។
យោងតាមហ្វេសប៊ុកបញ្ជាការដ្ឋានអង្គរក្ស ដែលបានដកស្រង់សម្តីលោក ហ៊ីង ប៊ុនហ៊ាង នៅថ្ងៃទី ២៦ ខែសីហា បានឱ្យដឹងថា នៅការដ្ឋានដាំកូនឈើនេះ ពុំមានការហាមឃាត់នូវការចេញ-ចូលរបស់សាធារណជនឡើយ ពោលគឺសាធារណជន អាចចេញចូលតាមច្រកណាមួយក៏បានក្នុងច្រកចេញចូលទាំង ៥ គ្រាន់តែមុននឹងចេញចូល ត្រូវជូនដំណឹងដល់អ្នកប្រចាំការនៅទីនោះ។
ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា នៅទី ២៩ ខែសីហា លោក ជ្រុន ថេរ៉ាវ៉ាត់ តំណាងលោក ហ៊ុន ម៉ាណែត បានចូលរួមដាំកូនឈើ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំងបញ្ជាការដ្ឋានអង្គរក្សបំពេញភារកិច្ចនៅភ្នំតាម៉ៅ ដែលមានកម្លាំង អង្គរក្សប្រមាណ ១ ២០០ នាក់ និងគ្រឿងចក្រ ជាង១០០គ្រឿង ឈូសឆាយឫសឈើ មែកឈើ និងដាំកូនឈើ ដាំបង្គោលរបងការពារសត្វ ពិសេសនោះ គឺកំពុងជីកអាងស្តុកទឹកសម្រាប់ស្រោចស្រពកូនឈើ នៅរដូវប្រាំង តបតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយឡែកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបានចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅផងដែរ។
លោករដ្ឋមន្ត្រីបានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២៦ ខែសីហាថា៖«សកម្មភាពនេះស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានឱ្យដឹងដែរថា នៅថ្ងៃទី ២៦ ខែសីហា លោកក៏បានសហការជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានរួមគ្នាចុះទៅសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កងកម្លាំងអង្គរក្សនៅភ្នំតាម៉ៅ និងផ្តល់កូនឈើប្រណីតបន្ថែមទៀតសរុបបានចំនួន ៤៧ ៧៧០ ដើមហើយ ។
លោកថ្លែងថា៖ «រូបខ្ញុំពិតជាមានមោទនភាពរីករាយខ្លាំងណាស់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរូបខ្ញុំបានចូលរួមចំណែក ក្នុងកិច្ចការដ៏មានសារៈសំខាន់បំផុតនេះ។ ខ្ញុំបាទសូមសម្តេចតេជោមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ នូវរាល់កំហុសឆ្គងដោយអចេតនាណាមួយ ដែលបានប្រព្រឹត្តដោយមិនដឹងខ្លួន» ៕