ភ្នំពេញៈ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ អនុញ្ញាតឱ្យថ្នាក់ដឹកនាំ គណបក្សនយោបាយចំនួន ៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀនចូលជួបពិភាក្សាលើសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី ៣១ សីហា។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែសីហា ថា គ.ជ.ប. ទទួលបានលិខិតរបស់គណបក្សទាំង ៤ នេះ កាលពីថ្ងៃ ២២ សីហា ឆ្នាំ ២០២២។ ក្រោយពីទទួលបានលិខិតនេះ លោកប្រាជ្ញ ចន្ទ បានចារឯកភាពអនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សទាំង ៤ ជួបជាមួយសមាសភាពថ្នាក់ដឹកនាំរបស់ គជប។
លោកឱ្យដឹងថា សមាសភាពថ្នាក់ដឹកនាំសំខាន់ៗដែលគ្រោងនឹងជួបពិភាក្សាជាមួយមេបក្សទាំងនោះមាន លោក ហង្ស ពុទ្ធា សមាជិក គជប ជាប្រធានដឹកនាំ លោក ទេព នីថា អគ្គលេខាធិការ គជប លោក សោម សូរីដា អគ្គលេខាធិការរង លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ព្រមទាំង លោក កែ រិទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋាន សេវាកម្មច្បាប់ និងបច្ចេកទេស។
បើតាម លោក សោម សូរីដា ជំនួបនេះគ្រោងធ្វើនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ តបតាមកម្មវត្ថុរបស់គណបក្សទាំង ៤ ដើម្បីពិភាក្សាលើសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ ទោះជាយ៉ាងណា កម្មវត្ថុនេះមិនមែនជាសមត្ថកិច្ចរបស់ គជប ទេ ព្រោះ គជប គឺជាស្ថាប័នអនុវត្តច្បាប់។ ដូច្នេះ ការកំណត់ពីតួនាទី និងភារកិច្ច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឱ្យស្ថាប័នគជប រៀបចំ ចាត់ចែងគ្រប់គ្រងបោះឆ្នោតតាមច្បាប់ជាធរមាន។
លោកថ្លែងថា៖ «អ៊ីចឹង ក្របខ័ណ្ឌច្បាប់ជាធរមាននេះ គឺ គជប ត្រូវគោរព និងអនុវត្ត ហើយការស្នើឡើងទាំងឡាយរបស់គណបក្ស ទាំង ៤ ដែលប្រាសចាកពីក្របខ័ណ្ឌច្បាប់ គជប មិនអាចទទួលយកបានទេ។ ប៉ុន្តែ ការស្នើទាំងឡាយណាស្របទៅនឹងបញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដែលមានជាធរមាន គឺ គជប នឹងពិនិត្យ និងទទួលយក»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ សីហា ថា តំណាងគណបក្សទាំង ៤ នៅថ្ងៃទី ២៨ សីហា បានជួបពិភាក្សាលើកយកបញ្ហាមួយចំនួន ទៅជជែកពិភាក្សាជាមួយ គជប ដើម្បីឱ្យស្ថាប័ននេះ អនុវត្តឱ្យបានសុក្រឹត និងត្រឹមត្រូវទៅតាមច្បាប់ ព្រោះកន្លងមក ស្ថាប័ននេះ នៅមានភាពខ្វះចន្លោះមួយចំនួនដែលមានចែងក្នុងនីតិវិធី។
លោកបន្តថា ពាក់ព័ន្ធនឹងនីតិវិធីនេះ គជប មានលទ្ធភាពក្នុងការកែប្រែ ដូចជាពេលវេលាពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ពេលវេលាសម្រាប់ដាក់អ្នកសង្កេតការណ៍ និងបើកទ្វារ ដើម្បីឱ្យអ្នកបោះឆ្នោតបានឃ្លាំមើលពីការរាប់សន្លឹកឆ្នោត ជាដើម។ ទាំងអស់នេះជានីតិវិធីមិនមានច្បាប់ណាមួយហាមឃាត់មិនឱ្យកែប្រែទេ។
លោកថ្លែងថា៖ «យើងចង់ឱ្យមានកែប្រែនីតិវិធីមួយចំនួនតែប៉ុណ្ណឹង ហើយច្បាប់ទម្លាប់មួយចំនួន យើងចង់តស៊ូមតិទៅសភា តែយ៉ាងណាខាងសភាបានបដិសេធ មិនជួបជាមួយគណបក្សក្រៅរដ្ឋាភិបាល ដែលមិនមានអាសនៈនៅក្នុងរដ្ឋសភាទេ ដោយអះអាងថា មិនមានបទប្បញ្ញត្តិ ឬបទបញ្ជាផ្ទៃក្នុងរបស់សភា ឱ្យជួបជាមួយគណបក្សក្រៅរដ្ឋាភិបាល»។
លោកចាត់ទុក ការបដិសេធរបស់រដ្ឋសភា មិនសមហេតុផល និងហាក់ដូចជាការលេងសើច និងមិនអាចទទួលយកបាន ព្រោះបើមិនមានបទប្បញ្ញត្តិ ឬបទបញ្ជាផ្ទៃក្នុងទេ គឺរដ្ឋសភាអាចជួបពិភាក្សាជាមួយគណបក្សក្រៅរដ្ឋាភិបាលបាន។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែសីហាថា រដ្ឋសភា គ្មាននីតិវិធីណាមួយចែងឱ្យសភាជួបពិគ្រោះជាមួយគណបក្សក្រៅរដ្ឋាភិបាល ដែលមិនមានអាសនៈនៅក្នុងសភានោះទេ ហើយបើជួបក៏គ្មានបានផលអ្វីដែរ ជាពិសេសវានឹងនាំឱ្យមានការបកស្រាយតែផ្តេសតែផ្តាសផ្សេងៗ។
លោក ប៉េងឡុង បានថ្លែងថា៖ «តាមច្បាប់ គឺជួប វាអត់បាន ហើយបើជួបនាំឱ្យមានការបកស្រាយតាពាស ហើយអាចបង្កើតទៅជាទម្លាប់អាក្រក់ទៅថ្ងៃក្រោយក៏មានដែរ»៕