ភ្នំពេញៈ កម្មវិធី App របស់ក្រសួងព័ត៌មានបានបង្កើត Menu (ម៉ឺនុយ) ថ្មីមួយគឺ «ទស្សនាវដ្តីកម្ពុជា (Kambuja) ដែលមានដើមកំណើតតាំងពីសម័យសង្គមរាស្ត្រនិយមតែក្រោយមកក្រសួងព័ត៌មានបានបន្តកេរដំណែលនេះតាំងពីក្រោយឆ្នាំ ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដើម្បីបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
ក្រសួងព័ត៌មានបានបញ្ជាក់តាមរយៈគេហទំព័រកាលពីថ្ងៃទី ២៩ ខែសីហាថា «ក្រសួងព័ត៌មានបានបង្កើតម៉ឺនុយមួយចងក្រងនូវទស្សនាវដ្តីកម្ពុជា Kambuja ចេញផ្សាយប្រចាំខែមានចំនួន ១០០ ទំព័រ ដែលទស្សនាវដ្តីនេះមានកំណើតតាំងពីសម័យសង្គមរាស្ត្រនិយមឈ្មោះថា Kambuja ហើយក្រោយមកក្រសួងព័ត៌មានក៏បានបន្តកេរដំណែលនេះ ក្រោយឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន បានចេញផ្សាយរាប់រយលេខមកហើយ ដែលចេញជាប្រចាំថ្ងៃ ឬក៏ប្រចាំខែដែលរាជរដ្ឋាភិបាលដាក់ចេញ»។
ក្រសួងព័ត៌មានបានបញ្ជាក់ថា «ក្នុងនោះ [Kambuja] ក៏បាននិយាយអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់វិស័យឯកជនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព។ ទស្សនាវដ្ដីកម្ពុជា គឺជាឯកសារគោលមួយសម្រាប់មិត្តអ្នកអានក៏ដូចជាយុវវ័យរបស់យើងត្រូវការស្រាវជ្រាវឯកសារឬចង់ក្រងឯកសារផ្សេងៗរបស់ពួកគេផងដែរ»។
ដើម្បីចូលទៅកាន់ទស្សនាវដ្តីកម្ពុជាបានគឺត្រូវទាញយក APP ក្រសួងព័ត៌មានតាមរយៈប្រតិបត្តិការទូរសព្ទដៃវៃឆ្លាត IOS និង Android រួចចូលទៅកាន់ម៉ឺនុយ (Icon) ខាងឆ្វេង ដែលមានសញ្ញាត្រេៗ ៣ ដង ហើយបន្ទាប់មកចូលទៅកាន់ទស្សនាវដ្តីកម្ពុជា Kambuja ។
ក្រសួងព័ត៌មានបានបង្កើត APP របស់ខ្លួនដើម្បីពង្រីកបណ្តាញផ្សព្វផ្សាយកម្មវិធីរបស់ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងវិទ្យុជាតិ (FM 96MHz) និងដើម្បីឆ្លើយតបតាមតម្រូវការដែលកំពុងពេញនិយមរបស់អ្នកប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត (Smart Phone)។
ក្រសួងព័ត៌មានបានបញ្ជាក់ថា៖ «APP ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានទាន់ហេតុការណ៍ ព្រឹត្តិការណ៍ជាតិ អន្តរជាតិ នយោបាយសំខាន់ៗ មានទាំងរូបភាព វីដេអូ អត្ថបទ សំឡេង និងផ្សាយបន្តផ្ទាល់រាល់កម្មវិធីសម្ដេចនៅលើ TV APP»។
ក្រសួងបន្តថា APP ក្រសួងព័ត៌មានជាបណ្តាញផ្សព្វផ្សាយរបស់ជាតិដ៏មានសក្តានុពលដែលបរទេសដកស្រង់ប្រើជាផ្លូវការ។ លើសពីនេះអ្នកប្រើប្រាស់អាចទស្សនាការផ្សាយផ្ទាល់ប៉ុស្តិ៍ទូរទស្សន៍ និងស្ដាប់ វិទ្យុប្រមាណ ១០០ ប៉ុស្តិ៍ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
បើតាមក្រសួងព័ត៌មាន ការបង្កើតឱ្យមានកម្មវិធីទូរស័ព្ទដៃវៃឆ្លាត APP គឺជាការពង្រីកបណ្តាញផ្សព្វផ្សាយឌីជីថល (Digital) គ្មានដែនកំណត់ទៅកាន់ពិភពលោក ជាពិសេសត្រៀមខ្លួនដើរតួនាទីបន្ថែមឱ្យទាន់បច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្ម ៤.០ នៃសម័យបច្ចេកវិទ្យា។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែសីហា ថា App របស់ក្រសួងព័ត៌មាន គឺជាកន្លែងសម្រាប់ដាក់ផ្សព្វផ្សាយឡើងវិញនូវបណ្តាប្រភេទព័ត៌មានទាំងអស់ដែលក្រសួងព័ត៌មានផលិត ដូចជា វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី Kambujaជាដើម ព្រមទាំងជាកន្លែងដាក់ផ្សព្វផ្សាយនូវគ្រប់អង្គភាពរបស់ក្រសួងព័ត៌មាន ដើម្បីងាយស្រួលដល់មន្ត្រីក្នុងការស្វែងរកត្រឡប់មកវិញនិងសម្រាប់សាធារណជនដែលអាចចូលមើលតាមអ្វីដែលជា«មុខម្ហូបប៊ូហ្វេ (Buffet)» ដ៏ច្រើនសន្ធឹកសន្ធាប់ដែលរៀបចំឡើងដោយមន្ត្រីគ្រប់ផ្នែករបស់ក្រសួងព័ត៌មាន»។
លោកថ្លែងថា៖ «Kambuja ខ្ញុំគិតថាមានការទទួលការគាំទ្រហើយជាទស្សនាវដ្តីមួយដែលមានវ័យចំណាស់ជាងគេក្រោមរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន។ [Kambuja] មានការគាំទ្រច្រើនដែរ ជាពិសេសឥឡូវនេះស្ថានទូតហើយ និងអង្គភាពមួយចំនួនអី ក៏សុទ្ធតែមកសុំប្រភេទទស្សនាវដ្តីនេះទៅផ្សព្វផ្សាយបន្តដែរ»៕