កំពង់ធំៈអ្នករៀបចំព្រឹត្តិការណ៍ដ៏ល្បីល្បាញសញ្ជាតិជប៉ុន៣រូប និងអ្នកឌីហ្សាញអន្តរជាតិចំនួន ៦ នាក់ ដែលមកពីប្រទេសឥណ្ឌា ថៃ ហ្វីលីពីន និងជប៉ុន បានសហការគ្នាជាមួយនឹងក្រុមអ្នកច្នៃប្រឌិតក្នុងស្រុក ៤ នាក់ នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកចម្លើយនានា នៅប្រាសាទបុរាណសំបូរព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ។
គម្រោង DOOR to ASIA (DTA) គឺជាអ្នកឌីហ្សាញក្នុងកម្មវិធីនិវេសនដ្ឋានដែលតម្រូវឱ្យក្រុមអ្នកឌីហ្សាញទាំងអស់ មកពីប្រទេសក្នុងតំបន់អាស៊ី ធ្វើការប្រមូលផ្តុំគ្នានៅក្នុងសហគមន៍មួយ ក្នុង ១ រយៈពេល ដើម្បីបង្កើត «ទំនាក់ទំនង» សម្រាប់ក្រុមហ៊ុនក្នុងស្រុក តាមរយៈការប្រើប្រាស់ថាមពលនៃភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកជួយដល់សង្គម។
ក្រុមការងារមួយនេះ បាននិងកំពុងតែធ្វើការនៅតំបន់ជុំវិញប្រាសាទសំបូរព្រៃគុក ចាប់តាំងពីសប្តាហ៍ទី១ នៃខែកក្កដា ដោយពួកគេបានធ្វើការងារចាប់ពីសហគមន៍ជនជាតិភាគតិចកួយ រហូតដល់សិប្បករក្នុងតំបន់ ក៏ដូចជាការងារសង្គមជាច្រើនផ្សេងទៀត។ ក្រុមការងារ Door to Asia កំពុងតែព្យាយាមធ្វើការងារដើម្បីធ្វើយ៉ាងណាឱ្យមានការរក្សាការបើកចំហទ្វារជានិច្ចទៅកាន់ខេត្តកំពង់ធំ។
នៅពាក់កណ្តាលខែកញ្ញា ក្រុមដែលពោរពេញដោយគំនិតច្នៃប្រឌិតក្នុងស្រុក នឹងវិលទៅកាន់ខេត្តកំពង់ធំវិញ ដើម្បីរៀបចំសិក្ខាសាលាមួយចំនួនជាបន្តបន្ទាប់។ កាលពីមុន ពួកគេបានធ្វើបទបង្ហាញរួចរាល់ហើយ ប៉ុន្តែនៅពេលនេះ ពួកគេនឹងរកការបោះជំហានឆ្ពោះទៅមុខ ១ កម្រិតទៀត។
អ្នកស្រី Mai Yoshikawa អ្នករៀបចំម្នាក់ក្នុងចំណោមអ្នករៀបចំសញ្ជាតិជប៉ុនទាំង៣នាក់ ដែលកំពុងតែដឹកនាំគម្រោងនេះ បានឱ្យដឹងថា៖ «ដោយមានគោលបំណងក្នុងការផ្សារភ្ជាប់ទីក្រុង និងអ្នកភូមិ អាហារ និងដែនដី ពលរដ្ឋ និងពេលរដ្ឋ យើងកំពុងតែរៀបចំផែនការវិលទៅកាន់ខេត្តកំពង់ធំ ដើម្បីបន្តការងាររបស់យើង។ កាលពីមុន យើងបានធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ហើយសមាជិកម្នាក់ៗ បានបង្កើតការច្នៃប្រឌិតជាច្រើនដើម្បីធ្វើជាដំណោះស្រាយមួយទៅលើប្រធានបទដែលត្រូវបានកំណត់។ នៅពេលនេះ យើងនឹងទៅពិនិត្យមើលពីរបៀបដែលយើងអាចប្រើប្រាស់សម្ភារដែលត្រូវបានច្នៃប្រឌិតរួចហើយ ដើម្បីបង្កើតឱ្យមានឥទ្ធិពលបន្ថែមទៀត»។
អ្នកស្រីបានប្រាប់បន្តថា៖ «បច្ចុប្បន្ន នៅកម្ពុជាយើងបង្កើតសំណួរ ១ ដែលសួរថា «តើអ្វីខ្លះដែលសំខាន់សម្រាប់យើង ក្នុងការរស់នៅក្នុងពិភពលោកនេះ?»។ អំឡុងពេលនៃវិបត្តិកូវីដ ១៩ មនុស្សជាច្រើនមានសំណួរដូចគ្នា ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ចម្លើយទៅនឹងសំណួរនេះ គឺស្ថិតក្នុងខេត្តកំពង់ធំតែម្តង។ ហេតុនេះ យើងបានអញ្ជើញក្រុមអ្នកច្នៃប្រឌិតទាំងក្នុងស្រុក និងនៅអាស៊ី មកប្រមូលផ្តុំគ្នានៅកំពង់ធំ សម្រាប់រយៈពេល ១ សប្តាហ៍ ដើម្បីស្វែងរកចម្លើយរួមគ្នា កាលពីដើមខែកក្កដា»។
ប្រធានបទ ៤ សំខាន់ៗ ដែលត្រូវផ្តោតអារម្មណ៍ គឺទី១ កសិកម្ម និងចំណីអាហារ ដែលសំដៅលើការបន្តរស់នៅលើទឹកដីនេះ។ ទី២ ស្មារតី និងដួងព្រលឹង សំដៅលើការរស់នៅជាមួយនឹងរឿងរ៉ាវនៃដែនដីនេះ។
ទី៣ លំនៅឋាន និងទស្សនីយភាព សំដៅលើដួងព្រលឹងដែលស្ថិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង និងប្រធានបទទី៤ ផ្តោតលើទីប្រជុំជន និងទំនាក់ទំនង ដែលសំដៅលើការផ្សារភ្ជាប់រឿងរ៉ាវនៃទីប្រជុំជននេះ។
អ្នកឌីហ្សាញ និងសិល្បករក្នុងស្រុក ៤ នាក់ ដែលរួមមានលោក ប៉ែន ឧត្តម អ្នកឌីហ្សាញធ្លាប់ធ្វើការនៅសាលា វប្បធម៌ ដែលជាសិល្បៈប្រពៃណីខ្មែរនៅខេត្តកំពត លោកធ្យូ មនោរម្យ សហគ្រិន Compost Cityលោក Miguel Jeronimo អ្នកថតរូបសញ្ជាតិព័ទុយហ្គាល់រស់នៅភ្នំពេញ និងអ្នកស្រី ឱក សុចិន្តា ដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អស្តីពីជីវិតគ្មានសំរាម មកពីអង្គការ Zerow ជ្រើសរើសយកប្រធានបទទី៤ ស្តីពី ទីប្រជុំជន និងទំនាក់ទំនង ដោយសហការជាមួយនឹងអ្នកឌីហ្សាញសញ្ជាតិថៃម្នាក់។
អ្នកស្រី Mai បានទៅទស្សនកិច្ចនៅប្រាសាទសំបូរព្រៃគុក កាលពី ១៧ ឆ្នាំមុន ហើយអ្នកស្រីបានគិតថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានកើតមកដើម្បីមកទីនេះ និងសិក្សាពីចំណុចសំខាន់ៗសម្រាប់យើងទាំងអស់គ្នា»។ អ្នកស្រីបានចាប់អារម្មណ៍ទីនោះយ៉ាងខ្លាំង និងបានឈ្វែងយល់ពីសារៈសំខាន់សម្រាប់ប្រជាជន ក្នុងការរស់នៅ ចាប់ពីពេលនេះតទៅ។
អ្នកស្រីមើលឃើញកាន់តែច្បាស់ពី «ផ្លូវជីវិតមួយទៀត» សម្រាប់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់ និងកក់ក្តៅ តាមរយៈវត្ថុដែលមានតម្លៃពីធម្មជាតិ និងគ្មានកន្លែងណា ដែលមានលក្ខខណ្ឌដូចគ្នានេះ។ អ្នកស្រី នឹងនិយាយពីជិវិតរបស់អ្នកស្រី នៅកម្ពុជា ហើយជាការងារដែលអ្នកស្រីកំពុងតែធ្វើក្នុងទីប្រជុំជនមួយ អំឡុងពេលនៃការរតត្បាតនៃវីវុសកូវីដ ១៩។
ក្នុងឆ្នាំ ២០១៥ អ្នកស្រីបានបង្កើតក្រុមហ៊ុនទេសចរណ៍មួយដើម្បីចែករំលែកពីដំណើរផ្សងព្រេងរបស់អ្នកស្រី ហើយចាប់ពីឆ្នាំ ២០២០ អ្នកស្រីបានកាន់កាប់សណ្ឋាគារ ១ ដែលបានបិទទ្វារ ដោយសារតែវិបត្តិកូវីដ ១៩ និងបានជួសជុលសណ្ឋាគារនោះទៅជាមូលដ្ឋានមួយសម្រាប់ដំណើរផ្សងព្រេងរបស់អ្នកស្រី។
មកទល់ពេលនេះ គម្រោង Door to Asia បានរៀបចំកម្មវិធីចំនួន១៤លើកមកហើយ ជាមួយនឹងក្រុមអ្នកឌីហ្សាញចំនួន៩៦នាក់ មកពីប្រទេសចំនួន២២ និង៤៦ក្រុមហ៊ុន/រដ្ឋាភិបាលក្នុងតំបន់ ប៉ុន្តែ អ្នកស្រី Maiចង់បង្ហាញពីបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ដើម្បីរក្សាទំនាក់ទំនង សូម្បីតែក្នុងពេលរឹតត្បិតការធ្វើដំណើរ។
អ្នកស្រី Mai បានឱ្យដឹងថា៖ «ហេតុនេះ ខ្ញុំបានសម្រេចចិត្តរៀបចំកម្មវិធីអនឡាញសរុបចំនួន ១០។ ទស្សនទាននៃកម្មវិធីនោះ គឺ «តួនាទីនៃការរចនាសម្រាប់បញ្ហាសង្គម ដែលបង្កឡើងដោយការឆ្លងរាតត្បាត»។ កម្មវិធីនេះ ទទួលបានការគាំទ្រដោយមូលនិធិ The Toyota Foundation»។
ចំពោះសកម្មភាពនានា ដែលពួកគេគ្រោងសម្រាប់ការធ្វើទស្សនកិច្ចជាលើកទី២ ពួកគេនឹងធ្វើដំណើរទៅកាន់សហគមន៍ជនជាតិកួយ និងផលិតជាវីដេអូមួយ ដើម្បីបង្ហាញពីសារៈសំខាន់របស់ជនជាតិដើមភាគតិច។ ពួកគេលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្រឡាញ់ និងផ្សារភ្ជាប់ទំនាក់ទំនងត្រឡប់ទៅធម្មជាតិវិញ និងរៀនពីរបៀបដែលជនជាតិដើមភាគតិចអាចរស់នៅជាមួយនឹងធម្មជាតិ ដូចជា សហគមន៍ជនជាតិកួយជាដើម។
ពួកគេបានធ្វើបទបង្ហាញស្តីពីរបកគំឃើញដែលពួកគេបានរកឃើញ នៅតំបន់ជុំវិញប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌល Factory Phnom Penh។
សម្រាប់ការធ្វើទស្សនកិច្ចជាលើកទី២ ពួកគេក៏បានធ្វើបទបង្ហាញនៅសាលារៀន ១ ស្តីពីសៀវភៅរឿង ១ ដែលក្រុមការងាររបស់ពួកគេបានតាក់តែងឡើង។ សៀវភៅ និយាយពីរឿងប្រឌិតបែបអប់រំ ដែលកុមារចូលចិត្តអាន និងរៀនទាក់ទងនឹងភូមិរបស់ពួកគេក្នុងពេលតែមួយ។
ប្រាសាទសំបូរព្រៃគុក បានបំផុសគំនិតឱ្យមានការឌីហ្សាញពាក្យ នៅណា នៅលើអាវយឺតសម្រាប់កម្មវិធីសិក្ខាសាលា ស្របពេលដែលសិស្ស-និស្សិត ត្រូវបានលើកទឹកចិត្តឱ្យផ្សព្វផ្សាយ និងអភិរក្សវប្បធម៌របស់ខ្លួន។
អ្នកស្រីសុខចិន្តា បានឱ្យដឹងថា៖ «ខ្ញុំជាអ្នកបង្កើតមាតិកា និងជាស្ថាបនិកអង្គការ Zerow។ នៅ Zerow កំពុងតែធ្វើការលើការបង្កើនការយល់ដឹងលើការផ្លាស់ប្តូរអាកាសធាតុ និងសកម្មភាពទាក់ទងនឹងអាកាសធាតុ»។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីត្រូវបានគេជ្រើសរើសឱ្យធ្វើការក្នុងកម្មវិធីនេះជាមួយនឹងគម្រោង DTA ក្នុងនាមជាអ្នកឌីហ្សាញ និងអ្នកបង្កើតក្នុងស្រុក។ DTA គឺជាកម្មវិធីដ៏អស្ចារ្យមួយ ដែកផ្សារភ្ជាប់ប្រជាពលរដ្ឋទូទាំងតំបន់អាស៊ី ឱ្យធ្វើការលើប្រធានបទ/បញ្ហាដែលជាក់លាក់ និងបង្កើតឱ្យមានការច្នៃប្រឌិតនានា ដើម្បីបង្កើតឱ្យបាននូវអត្ថប្រយោជន៍សម្រាប់សង្គម។
អ្នកស្រីបានឱ្យដឹងថា៖ «នៅមុនពេលខ្ញុំបានសម្រេចចិត្តធ្វើការជាមួយនឹងគម្រោង DTA ខ្ញុំមិនបានដឹងច្បាស់អំពីអ្វីដែលយើងនឹងធ្វើក្នុងកម្មវិធីនេះឡើយ។ ខ្ញុំបានសួរគេឯង ប៉ុន្តែហាក់គ្មាននរណាអាចផ្តល់ចម្លើយដ៏ច្បាស់លាស់ឡើយ។ ប៉ុន្តែយើងទាំងអស់គ្នាបានដឹងថា វានឹងក្លាយជាគម្រោងដ៏អស្ចារ្យ។ យើងបានដឹងថា យើងក្លាយជាផ្នែក ១ នៃគម្រោងដ៏អស្ចារ្យនេះ»។
ក្រោមការចាប់ដៃគូជាមួយនឹង Chatchai Sukanan Mean មកពីប្រទេសថៃ អ្នកទាំង ២ បានធ្វើការទាក់ទងនឹងអគារបុរាណជាច្រើន ដូចជាអគារសល់ពីអាណានិគមនិយមបារាំង ក្នុងទីក្រុងជាដើម។ សកម្មភាពបន្ថែមទៀតទាក់ទងនឹងប្រធានបទនេះ គឺនាំម្ចាស់ផ្ទះនៅទីក្រុងភ្នំពេញ ទៅទស្សនកិច្ចនៅសហគមន៍មួយ ដែលត្រូវបានសាងសង់ឡើងពីលើផ្ទះអាណានិគមនិយមបារាំង ដូចជា ផ្ទះចាស់ ជាដើម។
សុចិន្តា បាននិយាយថា៖ «សកម្មភាពនេះ នឹងបំផុសលើកទឹកចិត្តដល់ពួកគាត់ និងបង្ហាញឱ្យពួកគាត់ឃើញពីតម្លៃនៃប្រភេទផ្ទះរបស់គាត់។ គម្រោងនេះ នឹងកើតឡើងនៅពេលបន្ទាប់ទៀត ក្រោយពីការធ្វើដំណើរទៅកាន់ខេត្តកំពង់ធំជាលើកទី២ របស់យើង។ នោះគឺជាមូលហេតុដែលគ្មានការលើកឡើងពីផែនការសកម្មភាព»។
ការវិលត្រឡប់ទៅខេត្តកំពង់ធំ និងធ្វើការជាមួយនឹងសហគមន៍ជនជាតិកួយ គឺបេសកកម្មដ៏ពិសេសមួយសម្រាប់ DTA។ អ្នកស្រីសុចិន្តា បាននិយាយថា វាក៏មានការបើកចំហលើការធ្វើការងារលើសពីប្រធានបទដែលត្រូវបានកំណត់ផងដែរ។
បច្ចុប្បន្ន អ្នកស្រីកំពុងតែធ្វើការក្នុងយុទ្ធនាការសង្គមមួយដែលមានឈ្មោះថា #showmeyourtree (បង្ហាញឱ្យខ្ញុំឃើញពីដើមឈើរបស់អ្នក)។ ហេតុនេះ អ្នកស្រីធ្វើការជាមួយនឹងគម្រោងទាំង ២ ពោលគឺទាំងជាមួយនឹង DTA និងទាំងយុទ្ធនាការ #showmeyourtree ស្តីពីរបៀបដែលសហគមន៍ជនជាតិកួយរស់នៅជាមួយនឹងធម្មជាតិ។
ស្ថាបនិកអង្គការ Zerow រូបនេះ ចង់ឱ្យជនជាតិដើមភាគតិច និងប្រជាពលរដ្ឋមិនមែនជាជនជាតិដើមទាំងអស់ដឹងថា ជនជាតិដើមភាគតិច មានមធ្យោបាយដ៏ល្អបំផុតក្នុងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងធម្មជាតិ។
អ្នកស្រីបានកត់សម្គាល់ថា៖ «[ជនជាតិកួយ] មានគន្លឹះ ធម្មជាតិ និងព្រៃពឹ្រក្សា ជាផ្ទះរបស់ពួកគេ ប៉ុន្តែ ពួកគេជាក្រុមមនុស្សដំបូងគេដែលរងនូវផលប៉ះពាល់ដោយសារតែការកាប់ព្រៃ (ដែលជាមូលហេតុមួយនាំឱ្យមានការផ្លាស់ប្តូរអាកាសធាតុ) ធ្វើសម្បទានដីធ្លី និងការអភិវឌ្ឍដែលគ្មានការអភិរក្ស។ បើទោះបីអរិយធម៌ ចូលជ្រួតជ្រាបគ្រប់មនុស្សទាំងអស់ក៏ដោយ ប៉ុន្តែ យើងភ្លេចថា ព្រៃឈើ មិនត្រឹមតែជាជម្រកសម្រាប់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់មនុស្សផងដែរ»។
នេះគឺជាចំណុចដែល Door to Asia កំណត់ទស្សនវិស័យរបស់ខ្លួន ដើម្បីធ្វើដំណើរវិលទៅកាន់ខេត្តកំពង់ធំ ប្រទេសកម្ពុជាវិញ ជាទីកន្លែងរបស់ប្រាសាទសំបូរព្រៃគុក ដែលប្រមូលផ្តុំដោយទីតាំងប្រវត្តិសាស្ត្រជាច្រើន មានអាយុកាលច្រើនជាង ១ ០០០ ឆ្នាំ និងជាទីតាំងបេតិកភណ្ឌពិភពលោកទី៣ នៅកម្ពុជា។
ជាមួយគ្នានេះ ប្រាសាទសំបូរព្រៃគុក ក៏ជាទីកន្លែងមានលក្ខណពិសេសដាច់គេ និងប្រមូលផ្តុំដោយទិដ្ឋភាព ចំណីអាហារ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដ៏សម្បូរបែបផងដែរ។ ទោះបីជាយ៉ាងណា ក្នុងពេលដែលមានការរីកចម្រើនឥតឈប់ឈរក្នុងសង្គមសម័យទំនើបនេះ «រឿងរ៉ាវ ដួងព្រលឹង និងទស្សនវិជ្ជានានា ដែលស្ថិតនៅក្នុងដែនដីនេះ និងស្ថិតក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ» ពិតជាកម្រស្តែងចេញឱ្យឃើញណាស់ ដែលនាំឱ្យមានការលំបាកក្នុងការបញ្ជ្រាប និងប្រឈមនឹងគ្រោះថ្នាក់នៃការបាត់បង់។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Mai។
ក្នុងនាមជាអ្នកឌីហ្សាញម្នាក់ ដែលបានទៅទស្សនកិច្ចនៅតំបន់បុរាណវិទ្យានេះ អ្នកស្រី Mai បង្កលក្ខណៈងាយស្រួល ១ កម្រិតទៀតសម្រាប់គ្រប់គ្នា តាមរយៈថាមពលនៃការរចនា ដើម្បីពន្យល់ពីអត្ថន័យនៃពាក្យប្រជាពលរដ្ឋ គ្រួសារ អ្នកជិតខាង សហគមន៍ ទីក្រុង និងសង្គម ស្របពេលដែលការរចនាមិនមែនសំដៅតែលើផលិតផលនៃការរចនាតែ ១ មុខឡើយ ប៉ុន្តែ ក៏ផ្តោតលើការរចនាបែបទំនាក់ទំនង និងការផ្សារភ្ជាប់ជាមួយនឹងមនុស្ស ផងដែរ។
អ្នកស្រីបញ្ជាក់ថា សហគមន៍ជនជាតិកួយ បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍លើរបៀបរស់នៅក្នុងព្រៃរបស់ពួកគេ អស់រយៈពេលដ៏យូរ ហើយអ្នកស្រីបានគិតថា ទស្សនៈរបស់ពួកគេលើការរស់នៅបែបនេះ ពិតជាសំខាន់សម្រាប់សង្គមបច្ចុប្បន្ន។
អ្នកស្រី Mai បានឱ្យដឹងថា៖ «ពួកគេគឺជាមនុស្សជំនាន់មុនរបស់យើង។ ខ្ញុំមានអារម្មណ៍ថា វាជាកន្លែងដែលមនុស្សអាចរៀនពីជីវិត តាមរយៈការផ្សារភ្ជាប់សម័យបុរាណជាមួយនឹងសម័យទំនើប»។
នេះគឺជាមូលហេតុដែលអ្នកស្រី បានមករស់នៅកម្ពុជា ដោយសារតែអ្នកស្រីចង់ចែករំលែកចំណេះដឹងជាមួយនឹងអ្នកផ្សេងទៀត ស្តីពីអត្ថន័យនៃការរស់រានមានជីវិត ដែលអ្នកស្រីបានរៀនសូត្រនៅក្នុង និងជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេច Facebook៖ @door.2.asia ហើយដំណើរទស្សនកិច្ចជាលើកទី២ទៅកាន់ខេត្តកំពង់ធំ គឺចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២២៕