ភ្នំពេញៈ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីណែនាំដល់មន្ទីរធម្មការ និងសាសនាគ្រប់បណ្តារាជធានី ខេត្តត្រូវបំផុសចលនា ស្មារតីចូលរួមជំរុញកម្មវិធីអក្ខរកម្ម និងណែនាំដល់គ្រប់វត្តអារាម អាស្រម មណ្ឌលវិបស្សនា អង្គការ សមាគម រៀបចំតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកទៅតាមអង្គភាពដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឱ្យបានផុសផុល។
សេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៣០ ខែសីហា បានឱ្យដឹងថា ការណែនាំនេះធ្វើឡើងដើម្បីឱ្យការរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ប្រព្រឹត្តទៅស្របតាមព្រះរាជក្រឹត្យ សារាចរណែនាំ ព្រមទាំងបំពេញតាមសំណូមពរនៃប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញ ១ ជីវិត» និងចូលរួមបដិបត្តិតាមសេចក្តីណែនាំនានារបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ។
ក្រសួងធម្មការបានណែនាំថា៖ «ត្រូវចូលរួមបំផុសចលនា ព្រះសង្ឃ បព្វជិតពុទ្ធសាសនា អាចារ្យ សីលវន្ត សីលវតី ឱ្យចូលរួម ជំរុញកម្មវិធីអក្ខរកម្ម តាមរយៈការសម្តែងធម៌ទេសនាជាដើម ដោយអនុវត្តតាមវិធានការ “៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺវីដ ១៩»។
លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបងថ្លែងនៅរសៀលថ្ងៃទី ៣០ ខែសីហាថា មន្ទីរធម្មការខេត្តបាត់ដំបងទើបទទួលបានការណែនាំនៅព្រឹកថ្ងៃទី ៣០ ខែសីហា តាមរយៈតេឡេក្រាម។ លោកថា ខេត្តបាត់ដំបងមិនមានរៀបចំពិធីអ្វីធំដុំទេ ប៉ុន្តែនឹងធ្វើការផ្សាព្វផ្សាយតាមបណ្តាវត្តអារាម ដោយដាក់តាំងពាក្យស្លោកតាមរបងវត្ត និងខ្លោងទ្វារជាពិសេសគឺនៅថ្ងៃសីល។
លោកប្រធានមន្ទីរប្រាប់ថា ពលរដ្ឋមិនចេះអក្សមិនសូវមានទេក្នុងពេលបច្ចុប្បន្ន សូម្បីព្រះសង្ឃក៏មានកម្រិតល្អប្រសើរជាងមុន។ ពលរដ្ឋបច្ចុប្បន្នមានជីវភាពធូរធារជាងមុន និងបានឱ្យកូនទៅសិក្សារៀនសូត្រមិនត្រឹមតែសាលារដ្ឋទេ ពោលគឺបានរៀនទាំងសាលាឯកជនទៀតផង។ ចំណែកព្រះសង្ឃតូចៗក៏បានឆ្លងកាត់សាលាមត្តេយ្យ សាលាបឋម រហូតដល់មហាវិទ្យាល័យព្រះសង្ឃសិក្សាក៏មានផងដែរ។
លោកថ្លែងថា៖ «ឥឡូវតាមបណ្តាខេត្តមានដល់មហាវិទ្យាល័យអស់ហើយ នៅខេត្តបាត់ដំបងមានមហាវិទ្យាល័យលោកសង្ឃ ហើយអនុវិទ្យាល័យមានដល់៣កន្លែងឯណោះ មានស្រុកថ្មគោល និងស្រុកមោងឫស្សី អ៊ីចឹងងាយស្រួលបំផុតហើយ លោកសង្ឃមិនពិបាកទេ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងនៅថ្ងៃទី ៣០ ខែសីហាថា អត្រាអក្ខរកម្ម ជនពេញវ័យចាប់ពី ១៥ ឆ្នាំឡើង មានជាង ៨៧ ភាគរយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអនក្ខរជន។ នេះជាការឆ្លើយតបនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។
លោកថ្លែងថា៖ «តាមការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ ២០១៩-២០២០ បង្ហាញថា អត្រាអក្ខរកម្ម ជនពេញវ័យចាប់ពី ១៥ ឆ្នាំឡើង មាន ៨៧,៨ ភាគរយ ប្រការនេះបានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអនក្ខរជន តាមរយៈទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដែលជាកម្លាំងចលករជួយជំរុញឱ្យកម្មវិធីនេះកាន់តែមានប្រសិទ្ធភាព»។
លោក រស់ សុវាចា បានឱ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡានឹងប្រារព្ធទិវាអក្ខរកម្មជាតិ ៨ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ក្រោមប្រធានបទ «អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញ មុខរបរ និងការសិក្សាបន្ត» នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ នៅបរិវេណសួនមានជ័យ (វេទិកាខេត្ត) ខេត្តបន្ទាយមានជ័យ។
ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៨ ខែកញ្ញា ជារៀងរាល់ឆ្នាំក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីសារៈសំខាន់ នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកជំនាញ មុខរបរ និងសិក្សាបន្ត។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នៅថ្ងៃទី ៨ ខែសីហា បានណែនាំពាក្យស្លោកចំនួន ៣៦ ពាក្យស្លោកសម្រាប់អង្គភាពពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ។ ពាក្យស្លោកទាំងនោះមាន អបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា រៀនហើយ រៀនទៀត រៀនពេញ ១ ជីវិត អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ រៀនដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ អក្ខរកម្ម ជាពន្លឺនៃសុភមង្គល អក្ខរកម្ម ជាគន្លឹះនៃការអភិវឌ្ឍ អក្ខរកម្មរួមចំណែកកាត់បន្ថយភាពក្រីក្រ អក្ខរកម្មទប់ស្កាត់អេដស៍ អក្ខរកម្មទប់ស្កាត់ការកេងប្រវ័ញ្ចពលកម្មកុមារ អក្ខរកម្មកាត់បន្ថយការប្រើគ្រឿងញៀន អក្ខរកម្ម ជាមធ្យោបាយបំបាត់អំពើហិង្សា និងមានអក្ខរកម្ម មានចំណេះដឹង មានការអភិវឌ្ឍ ជាដើម៕