ភ្នំពេញៈ កម្ពុជាសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ពង្រឹងធនធានជលផលក្នុងស្រុក តាមរយៈការសាងសង់ផ្លូវត្រីចំនួន ២ នៅខេត្តពោធិ៍សាត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ត្រីក្នុងការបំផ្លាស់ទី ដែលនាំឱ្យមានកំណើនបរិមាណត្រីផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ចុះថ្ងៃទី ៣០ សីហា ឱ្យដឹងថា ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួន ២ ដែលជាជំនួយមូលនិធិពី (USAID) ធ្វើឱ្យត្រី និងបណ្តាសត្វ និងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឱ្យបរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់មានការកើនឡើង។
សេចក្តីប្រកាសបន្តថា ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ បានភ្ជាប់ត្រីទៅនឹងទីជម្រកដ៏សំខាន់សម្រាប់វដ្តជីវិតរបស់វា ហើយផ្លូវត្រីទាំងនេះក៏បង្ហាញឱ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយដែលអាចធ្វើបាន និងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។
តាមរយៈសេចក្តីប្រកាសនេះ លោកស្រី Rebecca Black នាយិកាបេសកកម្មស្តីទី នៃទីភ្នាក់ងារជំនួយ USAID ថ្លែងថា៖ «ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន»។
បើតាមសេចក្តីប្រកាស លោកស្រីរំពឹងថា តាមរយៈការការពារចំនួនត្រី និងទីជម្រករបស់វា ផ្លូវត្រីទាំងនេះក៏នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើងដល់សុខភាពសហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ។
សេចក្តីប្រកាសបញ្ជាក់ថា ផ្លូវត្រីថ្មីនៅខេត្តពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន។
រដ្ឋបាលជលផលកម្ពុជា បានសហការជាមួយទីភ្នាក់ងារជំនួយ USAID សាងសង់ផ្លូវត្រីចំនួន២ ក្នុងឆ្នាំ ២០១៩ និង ២០២១។ តាមការតាមដានទីតាំងទាំង២នេះបង្ហាញថា មានត្រីជាង១លានក្បាល ត្រូវជាជាង១០០ប្រភេទពូជត្រីបានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វា ដែលមិនអាចទៅដល់កាលពីមុន ដែលមានចម្ងាយជាង ២ ០០០ គីឡូម៉ែត្រ។
ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូ បានចុះទៅពិនិត្យផ្លូវត្រីដែលទើបសាងសង់ថ្មី កាលពីថ្ងៃទី ២៩ ខែសីហា ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ របស់គម្រោងជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងជំរុញការអភិវឌ្ឍផែនការទូលំទូលាយសម្រាប់ផ្លូវត្រីទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។
សេចក្តីប្រកាស ឱ្យដឹងថា គំនិតផ្តួចផ្តើមមានរយៈពេល ៥ ឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាតសម្រាប់ទន្លេមេគង្គ បានជួយដល់បណ្តាប្រទេសទន្លេមេគង្គក្រោម ក្នុងការរៀបចំសារពើភណ្ឌ និងកំណត់អាទិភាពនៃឧបសគ្គចំពោះជណ្តើរត្រី ការបណ្តុះបណ្តាលអំពីការកសាងជណ្តើរត្រី ព្រមទាំងការសម្របសម្រួល រវាងនាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផលទូទាំងតំបន់មេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះ៕