ភ្នំពេញៈ កម្ពុជា និងឡាវប្តេជ្ញាបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពជើងគោករវាងប្រទេសទាំង ២ ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ដោយធ្វើការផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវនាថ្ងៃទី ៣០ ខែសីហា ក្នុងឱកាសលោកទៅបំពេញទស្សនកិច្ចរយៈពេល៣ ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ស្របពេលឆ្នាំនេះ គឺជាខួបលើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំង២។
ទស្សនកិច្ចលើកទី១ របស់ លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឡាវគឺជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំង ២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ បានឯកភាពគ្នាក្នុងជំនួបទ្វេភាគីក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក« នៅប្រទេសជប៉ុន កាលពីខែមេសា។
បើតាមសេចក្តីប្រកាសព័ត៌មានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនាថ្ងៃទី ៣០ ខែសីហា លោក ខាំលៀង ឧថាកៃសន បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំង ២ ដោយលោកសង្ឃឹមថា នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែរីកចម្រើន ក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នា។
លោក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-ឡាវ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធតាំងពីដើមរៀងមក ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនេះឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។ ចំពោះទិសដៅទៅមុខ ភាគីទាំង ២ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាពផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស»។
ប្រភពដដែលបន្តថា លោក ខាំលៀង ឧថាកៃសន បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះការជួយយកអាសារគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំង ២ កម្ពុជា-ឡាវ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ជាពិសេសនៅក្នុងកាលៈទេសៈលំបាក។
ភាគីទាំង ២ បានចាត់ទុកកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោករវាងប្រទេសទាំង ២ ទទួលបានលទ្ធផលផ្លែផ្កា ទោះបីជាមានការរអាក់រអួលខ្លះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ ដោយថែរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរនៅតាមតំបន់ព្រំដែន ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ «កត្តានេះ ជាការបង្កលក្ខណៈឱ្យប្រជាជនទាំងសងខាង ទទួលបាននូវផលប្រយោជន៍តាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកទទួលទានជាមួយគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំង២ឱ្យបានកាន់តែរីកចម្រើន»។
ភាគីទាំង ២ ក៏បានពិភាក្សាអំពីស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាប្រឈមសកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក និងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕