ភ្នំពេញៈ ក្នុង ១ ឆ្នាំៗ (គិតចាប់ពីឆ្នាំ ២០១៧ ដល់ខែសីហា ឆ្នាំនេះ) មន្ដ្រីឧទ្យានុរក្សបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានជាង ៨ ០០០ ករណី ក្នុងនោះបទល្មើសជាង ៨០០ ករណីត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈ ៨ ខែ ឆ្នាំនេះ បង្ក្រាបបទល្មើសបាន ៤ ២៥០ ករណីដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ។ នេះបើតាមក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលរយៈពេល ៥ ឆ្នាំរបស់ក្រសួងបរិស្ថាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហាថា បច្ចុប្បន្នបទល្មើសព្រៃឈើ និងសត្វព្រៃទ្រង់ទ្រាយធំ លែងកើតមានទៀតហើយនៅមានបទល្មើសខ្នាតតូច ដែលមន្ត្រីជំនាញ ជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់ និងបង្ក្រាបជាប្រចាំ។
លោកថ្លែងថា៖ «ក្នុង ១ ឆ្នាំៗ (គិតចាប់ពីឆ្នាំ ២០១៧) បទល្មើសជាង ៨ ០០០ ករណីត្រូវបានបង្ក្រាបដោយមន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌ ហើយក្នុងនោះ បទល្មើសចំនួនជាង ៨០០ ករណីត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ។ បទល្មើសទាំងនោះ ក៏ត្រូវបានធ្វើការអប់រំ ចុះកិច្ចសន្យា បញ្ឈប់ និងពិន័យអន្តរការណ៍ហើយបទល្មើសខ្លះជាអញត្តជន»។ តាមរយៈការបង្ក្រាបបទល្មើសនេះ រណារយន្តប្រមាណ ៥ ០០០ គ្រឿង កាំភ្លើងកែច្នៃជិត ១ ០០០ ដើម ត្រូវបានដកហូត និងអន្ទាក់ប្រមាណ ៥០ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។ ចំណែកវត្ថុតាងរួមមាន ម៉ូតូ គោយន្តកន្រៃ្ត រថយន្ត ត្រាក់ទ័រ ប្រមាណជាង ១ ០០០ គ្រឿងត្រូវបានដកហូតជាមួយការរឹបអូសឈើជាច្រើនពាន់ម៉ែត្រគុបផងដែរ។
លោក ភក្ត្រា បានឱ្យដឹងថា សម្រាប់ ៨ ខែ ឆ្នាំ ២០២២ នេះ (ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៥ ខែសីហា) មន្ត្រីឧទ្យានុរក្សបានចុះល្បាតចំនួន ១៤ ៦៩២ លើក បង្ក្រាបបានបទល្មើសចំនួន ៤ ២៥០ ករណីដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ។ តាមរយៈការបង្ក្រាបនេះដែរ មន្ដ្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួន ៧៥៨ ម៉ែត្រគុប ដកហូតវត្ថុតាងជាមធ្យោបាយ ឧបករណ៍សម្ភារក្នុងនោះរួមមានរណារយន្តចំនួន ១ ៧២៤ គ្រឿង រថយន្ត ៥១ គ្រឿង ត្រាក់ទ័រចំនួន ៧ គ្រឿង គោយន្តកន្រៃ្តចំនួន ១៣៨ គ្រឿង ម៉ូតូ ១៥២ គ្រឿង ដោះអន្ទាក់សត្វចំនួន ២៦ ៥៨៨ អន្ទាក់ ដកហូតអាវុធកែច្នៃចំនួន ៣៤៤ ដើម បានធ្វើការអប់រំ និងចុះកិច្ចសន្យាចំនួន ១ ១៦៧ ករណីបានធ្វើពិន័យអន្តរការណ៍ចំនួន ២៥៨ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ៣៥៣ ករណី។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថាន និងអង្គការដៃគូបាននិងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផង ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ»។
លោក ភក្ដ្រា លើកឡើងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះបានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន ក្នុងគម្រោង រេដបូក គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី។ រេដបូក គឺជាយន្តការហិរញ្ញវត្ថុនិរន្តរភាព ដើម្បីគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្បូរទៅដោយព្រៃឈើទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងប្រទេសសាមី និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងសកលលោក។
លោកថា ចាប់ពីឆ្នាំ ២០១៦ ក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន ៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង ៣ ខាងលើនេះកន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូនប្រមាណ ១១,៦ លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែក ដើម្បីអភិរក្ស និងការការពារព្រៃឈើ។
គម្រោងរេដបូកទាំង ៣ ខាងលើគ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១,២៧ លានហិកតា ស្មើនឹង ១៧,៦ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។
ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀតលើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដី គម្រោងរេដបូកសរុបនឹងមានចំនួន ២៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។ «នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលកម្ពុជាយើងពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបានកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការការពារ និងអភិរក្សព្រៃឈើរបស់ខ្លួនក្រោមទិសស្លោក រក្សាឈើឈរ ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។
លោកថា កម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាការបង្អូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថា កម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕