ភ្នំពេញៈ ក្រុមអ្នកវិទ្យាសាស្ត្រអភិរក្សប្រភេទសត្វជិតផុតពូជនៃអង្គការអភិរក្សអន្តរជាតិ (CI) បានប្រកាសបន្តបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង នៅក្នុងខេត្តរតនគិរី និង ស្ទឹងត្រែង ក្រោយពេលដែលបានរកឃើញជាបន្តបន្ទាប់ពីវត្តមានសត្វទោចថ្ពាល់លឿងជិត ៤០០ ក្រុម ដែលមានចំនួនជាង ១ ៥០០ ក្បាល ចាប់តាំងពីឆ្នាំ ២០០៧។
អង្គការ CI បានចាប់ផ្តើមចូលរួមការងារអភិរក្សនៅឧទ្យានជាតិវើនសៃ-សៀមប៉ាង តាំងពីឆ្នាំ ២០០៧ ដែលក្នុងនោះពេលនោះ អង្គការនេះបានសហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារតែក្នុងនោះតំបន់នេះ ត្រូវបានគេហៅថាជា តំបន់អភិរក្ស វើនសៃ-សៀមប៉ាង។
នៅក្នុងឆ្នាំ ២០១៦ តំបន់ឧទ្យានជាតិ វើនសៃ-សៀមប៉ាង ត្រូវបានប្រកាសទៅជាតំបន់ការពារដែលត្រូវបានបង្កើតឡើងជាផ្លូវការថា ជាតំបន់ឧទ្យានជាតិ ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវធនធានធម្មជាតិដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោក ហ៊ុន ណាវេន ប្រធានកម្មវិធីអភិរក្សនៃអង្គការ CI បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៣០ សីហាថា ចាប់ពីពេលនោះមក អង្គការ CI បានសហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង និងសហគមន៍មូលដ្ឋាន ដើម្បីការពារតំបន់នេះ។ បេសកកម្មនេះ ក៏នៅតែបន្តក្នុងការអភិរក្ស និងការគ្រប់គ្រងតំបន់នេះ ដើម្បីធានាដល់ការរស់នៅរបស់សត្វទោចប្រភេទនេះ និងការរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់។
លោកថា៖ «ការអភិរក្ស និងការគ្រប់គ្រងតំបន់នេះរបស់យើង គឺមានរយៈពេលវែង ហើយយើងមិនមានផែនការបញ្ឈប់ភ្លាមៗនោះទេ ដោយសារតែយើងមានគោលដៅអភិរក្សតំបន់នេះរយៈពេលវែង ដើម្បីធានាបាននូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពរយៈពេលវែង និងកសាងសមត្ថភាពរបស់រដ្ឋាភិបាល និងសហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងតំបន់នេះប្រកបដោយប្រសិទ្ធភាព។ សហគមន៍មូលដ្ឋាននៅក្នុងតំបន់នេះ គឺជាជនជាតិដើមភាគតិច ហើយពួកគាត់ពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ម្ហូបអាហារ ថ្នាំពេទ្យ និងប្រាក់ចំណូល»។
តំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាគឺជាតំបន់តែ ១ គត់ក្នុងប្រទេសកម្ពុជា ដែលមានប្រភេទសត្វស្វាក្រវាត់ជើងក្រហម ដ៏គួរឱ្យភ្ញាក់ផ្អើលដែលនៅមានចំនួនដ៏ច្រើន ហើយអ្នកវិទ្យាសាស្ត្ររបស់អង្គការអភិរក្សអន្តរជាតិបានរកឃើញប្រភេទសត្វទោចថ្ពាល់លឿង ១ ប្រភេទនេះ នៅតំបន់ភាគខាងជើង។ ប្រភេទសត្វនេះ ត្រូវបានរកឃើញតែនៅក្នុងជម្រកព្រៃឈើក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ខណៈវាត្រូវបានចាត់ថ្នាក់ជា ប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ចីសត្វជិតផុតពូជ IUCN Red List។
លោក ហ៊ុន ណាវេន បានបញ្ជាក់ថា ការការពារសត្វប្រភេទនេះគឺមានសារៈសំខាន់ណាស់ ហើយតំបន់ឧទ្យានជាតិ វើនសៃ-សៀមប៉ាង មានផ្ទៃដីដែលគ្របដណ្តប់ភាគច្រើនដោយព្រៃខៀវស្រងាត់មានតំបន់តូចៗវាលស្មៅ និងព្រៃ ដែលតំបន់ទាំងនេះបានផ្តល់ជម្រកសំខាន់សម្រាប់សត្វព្រៃ ខណៈតំបន់នេះ គឺជាតំបន់ការពារដ៏រឹងមាំជាសកលសម្រាប់សត្វទោចថ្ពាល់លឿងភាគខាងជើង។
លោកបានបញ្ជាក់ថា៖ «សត្វទោចថ្ពាល់លឿងទាំងនេះដើរតួនាទីសំខាន់ក្នុងអេកូទេសចរណ៍ និងជាអ្នកចែកចាយគ្រាប់ពូជ។ សួនឧទ្យានជាតិវើនសៃ-សៀមប៉ាងគ្របដណ្តប់ ៥៧ ៤៦៩ ហិកតា មានសត្វទោចថ្ពាល់លឿងប្រមាណ ៣៨៩ ក្រុម ដោយក្នុងនោះ គេអាចសន្និដ្ឋានបានថា មានទោចថ្ពាល់លឿងចំនួន ១ ៥៥៦ ក្បាល»។
លោក ហ៊ុន ណាវេន បានបង្ហាញក្តីបារម្ភថា ដោយសារតែមានការគំរាមកំហែងសំខាន់ៗមួយចំនួនចំពោះសត្វទោច រួមទាំងទីជម្រកធម្មជាតិរបស់ពួកវា ពីការធ្វើកសិកម្មខ្នាតតូច និងខ្នាតធំ ការកាប់ឈើខុសច្បាប់ និងការបរបាញ់។ អង្គការ CI បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ក្នុងការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងការស្រាវជ្រាវ និងការអភិរក្សជីវចម្រុះក្នុងតំបន់នេះ ដើម្បីធ្វើឱ្យប្រាកដថា សត្វទោចថ្ពាល់លឿង និងជម្រកធម្មជាតិរបស់វាត្រូវបានការពារ។
លោកថា៖ «អង្គការ CI ក៏បានធ្វើការជាមួយសហគមន៍ ដើម្បីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិដោយផ្តោតលើការដើរទស្សនាសត្វទោចថ្ពាល់លឿងខាងជើងនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា សត្វទោចថា្ពល់លឿងនេះ គឺជាសត្វកម្រនៅលើពិភពលោក ហើយការរកឃើញប្រភេទសត្វនេះ នៅក្នុងតំបន់អភិរក្សកម្ពុជា ដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមរៀបចំផែនការពេញលេញ និងត្រឹមត្រូវ ដើម្បីធ្វើការការពារ និងអភិរក្សប្រភេទសត្វកម្រនេះឱ្យបានគង់វង្សបន្ថែមទៀត។ ក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមាតាមការសិក្សានៅឆ្នាំ ២០២០ មានប្រមាណ ៦៩៩ ក្រុម ហើយតាមការសន្និដ្ឋានគឺមានប្រមាណ ៩៣៧ ក្បាល បើករណីតាមការសន្និដ្ឋាននៅតំបន់វើនសៃ-សៀមប៉ាង នេះ សត្វប្រភេទនេះមានដល់ទៅ ជាង ១ ៥០០ ក្បាល នឹងធ្វើឱ្យតំបន់នេះមានសត្វទោចថ្ពាល់លឿងច្រើនជាងគេ៕