ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ បានចេញសេចក្តីជូនដំណឹង ១ ឱ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗរៀបចំផែនការផ្លាស់ប្តូរទីតាំងពីទីប្រជុំជនទៅបោះទីតាំងនៅតំបន់ជាយក្រុង និងស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
តាមរយៈសេចក្តីជូនដំណឹងនេះមានរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗមួយចំនួនបានធ្វើការផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅតាមផ្លូវក្រវាត់ក្រុង និងជាយក្រុងជាពិសេសទៅបោះទីតាំងនៅតាមផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៣។
ប្រធានសមាគមស្បែកជើងលោក លី ឃុនថៃ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ ត្រូវបានរើទៅបោះទីតាំងជាយក្រុងបានចំនួនប្រមាណជាង៣០ ភាគរយ ពីព្រោះម្ចាស់រោងចក្រសហគ្រាសទាំងនោះយល់ឃើញថា ការដឹកជញ្ជូនផលិតផលវត្ថុធាតុដើមចូលមកពីកំពង់ផែខេត្តព្រះសីហនុមកភ្នំពេញ និងចេញទៅវិញមានការកកស្ទះចរាចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់ចង្វាក់អាជីវកម្មរបស់ពួកគេ។
លោកបន្តថា មួយវិញទៀត រោងចក្រសហគ្រាស និងឃ្លាំងស្តុកទំនិញស្ថិតនៅក្នុងក្រុងក៏ពិបាកក្នុងការស្វែងរកកម្មករនិងកម្មការិនី បម្រើការងារផងដែរប៉ុន្តែបើរើទៅកាន់តំបន់ដែលមានចម្ងាយពីទីក្រុងប្រមាណ៥០ទៅ៧០គីឡូម៉ែត្រឡើងទៅគឺមានភាពងាយស្រួលក្នុងការស្វែងរកកម្មករ កម្មការិនី មកបម្រើការងារ ពីព្រោះនៅទីនោះ នៅជិតឬនៅក្បែរនឹងលំនៅឋានរបស់ពួកគេ ។
ចំណុចមួយទៀតនៅពេលដែលមានរោងចក្រសហគ្រាសនិងរោងចក្រនៅក្បែរផ្ទះបែបនេះ ធ្វើឱ្យកម្មករ កម្មការិនី មិនពិបាកជួលផ្ទះស្នាក់នៅពីព្រោះអ្នកដែលធ្វើការនៅតាមក្នុងរោងចក្រសហគ្រាស គឺភាគច្រើនមកពីបណ្តាខេត្តក្រុងនានារបស់ប្រទេសកម្ពុជា។រីឯអ្នករស់នៅក្នុងទីក្រុងវិញមិនសូវមានអ្នកធ្វើការតាមរោងចក្រនោះទេ ។
លោកថ្លែងថា៖ «គេរើទៅជាយក្រុង គឺទី១ មានកម្លាំងពលកម្ម ទី២ ស្រួលរកកម្លាំងពលកម្ម ទី៣ ការចំណាយតិច ជាពិសេសការធ្វើការរបស់កម្មករកម្មការិនី មិនសូវមានការផ្លាស់ប្តូរច្រើន ហើយការចំណាយនៃការដឹកជញ្ជូនចំណេញពេលវេលា។ ដូច្នេះ យ៉ាងតិច ៣០ ភាគរយ នៃរោងចក្រសហគ្រាសបានរើចេញពីកណ្តាលក្រុងទៅជាយក្រុង »។
បើតាមលោក លី ឃុនថៃ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ រោងចក្រសហគ្រាសដែលផលិតកាបូបនិងដេរស្បែកជើងមិនទាន់មានការបង្កើតថ្មីនៅក្នុងក្រុងនោះទេ។ ដោយឡែកការរើរោងចក្រសហគ្រាសនេះភាគច្រើនទៅតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ២ ព្រោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវងាយស្រួលដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែខេត្តព្រះសីហនុ។
រីឯរោងចក្រសហគ្រាសមួយចំនួនទៀត ក៏បានរើទៅបោះទីតាំងនៅតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣ ខណៈដែលបច្ចុប្បន្នកំពុងសាងសង់និងអាចប្រើប្រាស់ប្រាស់បានភាគច្រើនផងដែរ។ ទោះជាយ៉ាណា ការរើរោងចក្រសហគ្រាសទៅកាន់ជាយក្រុង និងតាមបណ្តោយផ្លូវសំខាន់ៗបាន និងកំពុងប្រឈមបញ្ហាខ្លះដូចជាមិនមានទឹកស្អាតប្រើប្រាស់ដោយសារទឹករដ្ឋមិនទាន់តភ្ជាប់ទៅដល់។ តែយ៉ាងណា តំបន់ខ្លះក៏មានទឹកស្អាតរបស់ក្រុមហ៊ុនឯកជនផងដែរ។
លោកបានបន្តទៀតថា មួយវិញទៀត តម្លៃនៃការជួលដីធ្លីសម្រាប់សាងសង់រោងចក្រសហគ្រាសទៀតសោតគឺមានទំហំធំនិងមានតម្លៃធូរថ្លៃជាងនៅកណ្តាលក្រុង។យ៉ាងណាក្ដី ការរើរោងចក្រសហគ្រាសទៅតាមជាយក្រុងឬនៅតាមផ្លូវសំខាន់ៗ រដ្ឋបាលរាជធានីភ្នំពេញ មិនបានចាប់បង្ខំឱ្យចប់នៅពេលណានោះទេ ដោយទុកឱ្យម្ចាស់រោងចក្រសហគ្រាសរើទៅដោយស្ម័គ្រចិត្ត ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា តាមផែនការ គឺរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យរោងចក្រ និងសហគ្រាសទៅបោះទីតាំងនៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ឬនៅតាមជាយក្រុង ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍នៅក្នុងក្រុង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានជា ២ ឆ្នាំកន្លងមកនេះ មិនមានការសាងសង់រោងចក្រ សហគ្រាសថ្មីៗនៅក្នុងទីក្រុងភ្នំពេញនោះទេ ដោយសារតែតម្លៃដីឡើងថ្លៃ និងគួបផ្សំជាមួយនឹងបញ្ហាការរីករាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស។
លោកបានបញ្ជាក់ថា៖ «ដោយសារបញ្ហាកូវីដ ១៩ រដ្ឋបាលរាជធានីភ្នំពេញក៏មិនបង្ខំឱ្យមានការរើដែរចំពោះបញ្ហានេះ ប៉ុន្តែអ្វីដែលសំខាន់ គឺមិនមានរោងចក្រ ឬសហគ្រាសថ្មីកើតឡើងនៅក្នុងក្រុងភ្នំពេញនោះទេ ដោយសារតែតម្លៃដីឡើងថ្លៃខ្ពស់»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា អាជ្ញាធររបស់រដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ក្នុងការសាងផ្លូវក្រវាត់ក្រុង ប៉ុន្តែមិនទាន់រួចរាល់ជាស្ថាពរ ជាហេតុធ្វើឱ្យការរើរោងចក្រសហគ្រាសនានាដើម្បីសម្រួលចរាចរណ៍ នៅមិនទាន់អស់ពីទីក្រុងភ្នំពេញនៅឡើយទេ ។
លោកបានបង្ហាញការជឿជាក់ថា នៅពេលផ្លូវក្រវាត់ក្រុងទី៣បានសម្រេចរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការសម្របសម្រួលជាមួយនឹងម្ចាស់សហគ្រាសរោងចក្រ និងអ្នកពាក់ព័ន្ធនានាតាមរយៈវិធានការរដ្ឋបាល និងការលើកទឺកចិត្ត។ ប៉ុន្តែប្រសិនបើបន្តឱ្យមានវត្តមានរោងចក្រសហគ្រាសនានានៅក្នុងក្រុងតទៅទៀតនឹងធ្វើឱ្យមានការកកស្ទះចរាចរណ៍ ពីព្រោះទាំងអ្នកធ្វើការ និងរថយន្តដឹកទំនិញនានាត្រូវសម្រុកចូលក្រុង។
លោកថ្លែងថា៖ «បើយើងអាចរំកិលវាទៅជាយក្រុង ឬនៅតាមផ្លូវដែលអាជ្ញាធរបានកំណត់ យើងនឹងកាត់បន្ថយបាននូវយានយន្តជាពិសេសប្រភេទយានយន្តដឹកជញ្ជូនចេញចូលក្រុង»។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអនុញ្ញាតឱ្យរោងចក្រនិងសហគ្រាសភាគច្រើនបោះទីតាំងនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងនៅតាមខេត្តជាប់រាជធានីភ្នំពេញ ដូចជាខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលជាដើម ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២២ បានឱ្យដឹងថា ដោយកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាទទួលបាននូវសករាជពេញលេញ ដោយឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនៃសុខសន្តិភាពបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញក៏មានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ជាពិសេសវិស័យសេវាដឹកជញ្ជូនសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ស្ពានអាកាស សួនច្បារ បណ្តាញលូ ប្រឡាយ អគ្គិសនី ទឹកស្អាត និងសំណង់អគារតូចធំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
សេចក្តីជូនដំណឹងនេះបន្តថា ទន្ទឹមនឹងការរីកចម្រើននេះក៏បានធ្វើឱ្យរាជធានីភ្នំពេញកំពុងជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលតម្រូវឱ្យមានការដោះស្រាយជាបន្តបន្ទាប់ ក្នុងនោះបញ្ហារៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ គឺជាបញ្ហាអាទិភាពមួយក្នុងចំណោម បញ្ហាប្រឈមនានាដែលបញ្ហានេះមួយចំណែកកើតឡើងដោយសារកំណើនយានយន្តគ្រប់ប្រភេទ រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញនិងយានដ្ឋានជួសជុលរថយន្តធំៗបានកើនឡើងយ៉ាងឆាប់រហ័ស និងប្រមូលផ្តុំនៅតាមតំបន់ទីប្រជុំជនដែលជាហេតុធ្វើឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
ទោះបីជាកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ការរៀបចំបំពាក់បរិក្ខារប្រព័ន្ធចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍របាំងចែកទ្រូងផ្លូវការហាមឃាត់មិនឱ្យរថយន្តធុនធំៗធ្វើចរាចរណ៍នៅពេលថ្ងៃ ការបង្កើតនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជាពិសេសបានដាក់ចេញនូវសេចក្តីណែនាំចុះថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដោយក៏ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើងគួរឱ្យកត់សម្គាល់។
ដូច្នេះដើម្បីឱ្យរាជធានីភ្នំពេញរក្សាបាននូវសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមឱ្យប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញនិងយានដ្ឋានជួសជុលរថយន្តធំៗដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញរៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្ម របស់ខ្លួនឱ្យទៅស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣
ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះ ឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៤ ១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ត្រង់គីឡូម៉ែត្រលេខ ២៤ ៨៤០ ដោយកាត់ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២១ ដែលគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងរួចរាល់ នៅឆ្នាំ ២០២៣ ខាងមុខនេះ។
ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣ នេះសាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញទៀតឡើយ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាសឃ្លាំងស្តុកទំនិញនិងយានដ្ឋានជួសជុលរថយន្តធំៗទាំងអស់មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាម សេចក្តីជូនដំណឹងខាងលើនេះឱ្យបានល្អប្រសើរ។
គិតត្រឹមថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចលទ្ធផលបាន ៧៣,៧០ ភាគរយនៃគម្រោង។ ផ្លូវនេះជាផ្លូវក្រវាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញមានប្រវែ ៥៣ គម ទទឹង ២២ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៤ ដល់ផ្លូវជាតិលេខ ១ ជាប្រភេទផ្លូវបេតុងអារមេ កម្រាស់ ២២ សង់ទីម៉ែត្រ៕
វីដេអូ៖