
លោកកឹម សុខា លើកដៃទៅកាន់អ្នកគាំទ្រ ក្រោយពេលចេញពីតុលាការនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ នេះ បន្តបើកសវនាការសួរដេញដោលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងវីដេអូប្រទូសរ៉ាយធ្វើបាតុកម្មនៅផ្លូវវេងស្រេង។ ប៉ុន្តែមេធាវីរបស់លោក កឹម សុខា ចាត់ទុកតុលាការសួរដេញដោលលើបញ្ហានេះដដែលៗ ក្នុងគោលបំណងពន្យារពេល។
លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីនៅក្រោយបញ្ចប់សវនាការថា តុលាការបន្តសួរដេញដោល លោក កឹម សុខា លើវីដេអូប្រទូសរ៉ាយនៅផ្លូវវេងស្រេង។
លោក ផែង ហេង សហមេធាវី ១ រូបរបស់ លោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញក្រោយបញ្ចប់សវនាការថា ការសួរដេញដោលលើវីដេអូបាតុកម្មនៅតាមផ្លូវវេងស្រេង តុលាការរកមិនឃើញភ័ស្តុតាងដាក់បន្ទុកលោក កឹម សុខា ពាក់ព័ន្ធនឹងត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ។
លោក ផែង ហេង បន្តថា ការចោទ «ប្រទូសរ៉ាយ» ឬ នាំបរទេសចូលកម្ពុជា ប្រើប្រាស់ហិង្សានោះ លោក កឹម សុខា មិនដែលប្រព្រឹត្តនោះឡើយ។ ម្យ៉ាង បាតុកម្មនៅផ្លូវវេងស្រេង សុទ្ធតែមានសាលក្រមផ្តន្ទាទោសរួចហើយ និងរកឃើញអ្នកទទួលខុសត្រូវរួចហើយដែរ ប៉ុន្តែបែរជាត្រូវបានតំណាងអយ្យការលើកយកមកធ្វើការកត់សម្គាល់។
លោកថ្លែងថា៖ «យកមកសួរគាត់ដដែលចំណុចទាំងអស់នេះ។ ខ្ញុំខ្លួនឯងផ្ទាល់ក៏បានលើកឡើងថា សវនការហាក់បីដូចជាមានបំណងអូសបន្លាយពន្យារពេល»។
បើតាមលោក ផែង ហេង ការអូសបន្លាយពេលបែបនេះនឹងធ្វើឱ្យប៉ះពាល់សិទ្ធិលោក កឹម សុខា ដែលជាកូនក្តីរបស់លោក ក្នុងនាមអ្នកនយោបាយ និងគួរតែបង្វិលសំណុំរឿងនេះទៅឱ្យអ្នកនយោបាយដោះស្រាយ ទើបឆាប់ចប់ ព្រោះនៅក្នុងប្រទេសជឿនលឿន នៅពេលដែលមានសំណុំរឿងអ្នកនយោបាយ ក៏គេដោះស្រាយតាមបែបនយោបាយនៅក្នុងចំណោមអ្នកនយោបាយ។
លោកបន្តថា បើអ្នកនយោបាយមានឆន្ទៈក្នុងការដោះស្រាយ លោក កឹម សុខា នឹងមានសរីភាព និងអាចប្រឡូកក្នុងនយោបាយឡើងវិញ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣។
លោក ប្លង់ សុផល ស្នើសុំមិនធ្វើអត្ថាធិប្បាយរឿងបញ្ហានយោបាយនេះទេ។ ដោយឡែកសវនាការ លោក កឹម សុខា នឹងបន្តធ្វើនៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២២៕
វីដេអូ៖