កំពង់ឆ្នាំងៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ខេត្តកំពង់ឆ្នាំងក៏ជាខេត្តមួយដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះផងដែរ។ នេះបើតាមការលើកឡើងពី លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី ៣១ ខែសីហា នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន» ដើម្បីខេត្តកំពង់ឆ្នាំង អស់មីន។
លោក លី ធុជ មានប្រសាសន៍ថា៖ «សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ហើយបេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការអនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់នូវការឈឺចាប់ ការភ័យខ្លាច និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយសង្រ្គាម»។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។
គួររំឭកផងដែរថា ក្រៅពីខេត្តកំពង់ឆ្នាំង កម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នឹងចំណាយរយៈពេល ១១ ខែ ក្នុងការប្រែក្លាយទំហំផ្ទៃដីប្រមាណជា ១១ គីឡូម៉ែត្រក្រឡា ដែលមានចម្ការមីន រហូតដល់ទៅជាង ១០០ ចម្ការ នៅខេត្តកំពត ឱ្យទៅជាតំបន់សុវត្ថិភាពដែលគ្មានមីនវិញនៅពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខ។
លោក លី ធុជ បានលើកឡើងឱ្យដឹងកាលពីថ្ងៃទី ២៩ ខែសីហាថា កម្លាំងដោះមីននឹងត្រូវដាក់ពង្រាយនៅក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន ដែលខេត្តទាំងនោះ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១ គីឡូម៉ែត្រក្រឡា។
នៅដើមខែកក្កដា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជនឱ្យចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានគ្រាប់មីន (សូន្យមីន) នៅឆ្នាំ ២០២៥ ដោយប្រើនូវចលនាជាតិរបស់កម្ពុជា ក្នុងការបញ្ចប់បញ្ហាមីន។
សូមបញ្ជាក់ថា មានខេត្តចំនួន ៣ ហើយ ត្រូវបានប្រកាសជាខេត្តដែលអស់មីន ក្នុងនោះមាន ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ហើយកម្ពុជានៅសល់ ២២ រាជធានី-ខេត្តទៀត ដែលបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន ក្នុងទំហំផ្ទៃដីសរុប ៧១៦ ០៣៩ ៧១២ ម៉ែត្រការ៉េ (៧១ ៦០៣,៩ ហិកតា)៕