ភ្នំពេញៈ ការដាក់ចេញក្របខ័ណ្ឌអនុវត្តការជំរុញ លើការថែទាំសុខភាពបឋមនៅកម្ពុជា ជាការចូលរួមចំណែកមួយជួយធ្វើយ៉ាងណាឱ្យផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបានដាក់ចេញ អាចអនុវត្តទៅបាន និងឈានទៅដល់ការកំណត់បាននូវកិច្ចការដែលអាចចងក្រងចុងក្រោយទៅជាគំរូដ៏ល្អមួយសម្រាប់គ្រប់គ្នាយកទៅអនុវត្ត។ នេះជាការលើកឡើងរបស់មន្ត្រីសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម (Taskforce for Primary Health Care Booster) ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថៃទាំសុខភាពបឋមនៅកម្ពុជា កាលពីថ្ងៃទី ៣០ សីហា ថ្លែងថា ការចាត់ចែងនូវសេចក្តីព្រាងនេះឡើង ដោយផ្អែកលើបទពិសោធដែលបានរៀនសូត្រនោះគឺការឆ្លើយតបការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩។
បើតាមលោកស្រី ឱ វណ្ណឌីន ការចូលរួមរបស់បុគ្គល ក្រុមគ្រួសារ ក៏ដូចជា របស់សហគមន៍ នៅតែជាកត្តាស្នូលសម្រាប់រាល់កិច្ចការដែលទាក់ទងនឹងការធ្វើឱ្យប្រសើរឡើង នូវសុខភាពរបស់ប្រជាជន។
លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹង! យើងចង់ជំរុញដោយប្រើប្រាស់ នូវបទពិសោធនេះ ដោយចាប់យកការទទួលខុសត្រូវរបស់បុគ្គលរបស់គ្រួសារ និងសហគមន៍ជាចំណុចស្នូល ហើយយើងនឹងជំរុញនូវការងារថែទាំសុខភាពបឋមនេះតាមមូលដ្ឋានរបស់យើង»។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា៖ «ហើយការណ៍ដែលយើងចាត់ចែងរៀបចំនេះ ក៏ត្រូវមានក្របខ័ណ្ឌអនុវត្តឱ្យបានច្បាស់លាស់ ដែលយើងហៅថា ក្របខ័ណ្ឌអនុវត្តការជំរុញ ការបង្កើនការថែទាំសុខភាពបឋមនេះ»។
ក្នុងក្របខ័ណ្ឌការអនុវត្តនេះ អភិវឌ្ឍឡើងដោយផ្អែកលើឯកសារគោលនយោបាយសុខាភិបាលជាតិ ដែលបច្ចុប្បន្នកំពុងតែឈានទៅលើការសម្រេចចុងក្រោយ គឺផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដំណាក់កាលទី៤ ដែលហៅថា HSP4។ ក្នុងផែនការយុទ្ធសាស្ត្រនេះ ក៏មានការលើកឡើង នូវការជំរុញការថែទាំសុខភាពបឋមនេះដែរ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
លោកស្រីថ្លែងថា ការដាក់ចេញនូវក្របខ័ណ្ឌអនុវត្តន៍នេះ គឺជាការចូលរួមចំណែកមួយជួយធ្វើយ៉ាងណាឱ្យផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបានដាក់ចេញនេះ អាចអនុវត្តទៅបាន និងឈានទៅដល់ការកំណត់បាននូវកិច្ចការដែលក្រសួងអាចចងក្រងចុងក្រោយទៅជាគំរូដ៏ល្អមួយសម្រាប់យកទៅអនុវត្ត។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការអនុវត្តក្របខ័ណ្ឌនេះនឹងធ្វើជាដំណាក់កាលៗ ដោយប្រើប្រាស់ពាក្យអភិក្រមដែលជាភាសាអង់គ្លេសថា Do, Adopt និង Achieve គឺមានន័យថា ធ្វើ ការតម្រូវ កែសម្រួល សម្របឱ្យត្រូវនឹងស្ថានភាពជាក់ស្តែង ហើយចុងក្រោយគឺសម្រេចនូវកិច្ចការដែល«យើងនឹងអនុវត្ត»។
លោកស្រី វណ្ណឌីន ប្រាប់ថា៖ «នៅក្នុងដំណើរការនេះ មានការគាំទ្រពេញទំហឹងពីអង្គការសុខភាពពិភពលោកដែលបានចាប់ផ្តើមធ្វើជាមួយគ្នា ឱ្យមានការលេចឡើងនូវសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តការថែទាំសុខភាពបឋមនៅកម្ពុជានេះឡើង ដោយបានចាប់ដៃគ្នា ហើយយើងក៏មានការចូលរួមពីអង្គការយូនីសេហ្វ រួមនឹងអង្គការមួយចំនួនទៀតផងដែរ»។
ក្រសួងសុខាភិបាលឱ្យដឹងថា ក្នុងសិក្ខាសាលានេះនឹងធ្វើការពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍសេចក្តីព្រាងបញ្ចប់ នៃក្របខ័ណ្ឌនេះ។
ក្រសួងថា អ្នកចូលរួមនឹងស្វែងរកចំណុចចាប់ផ្ដើម នៃការអនុវត្តក្របខ័ណ្ឌ ដែលបានរួមគ្នាអភិវឌ្ឍចេញជាសេចក្តីព្រាងនេះឡើង រួមទាំងយន្តការនានាដែលអាចជំរុញឱ្យមានការចូលរួមអនុវត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តផ្ទាល់នៅនឹងកន្លែងតែម្តង។
ទាក់ទងនឹងក្របខ័ណ្ឌអនុវត្តន៍ការជំរុញការថែទាំសុខភាពនេះ លោកស្រី ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា៖ «អ្វីដែលយើងចង់ឃើញ គឺយើងចង់បានសុខភាពបងប្អូនប្រជាពលរដ្ឋ មានភាពល្អប្រសើរ។ កាត់បន្ថយជាអតិបរមា គឺអត្រាឈឺ និងអត្រាស្លាប់ ហើយជាពិសេសពួកគាត់អាចការពារបាននៅក្នុងក្រុមគ្រួសាររបស់គាត់ពីការចម្លងនូវជំងឺតម្កាត់ផ្សេងៗ និងពួកគាត់ចេះការពារគាត់ជាអតិបរមា នូវហានិភ័យ ដែលអាចកើតឡើងនូវជំងឺមិនឆ្លង»៕