ភ្នំពេញៈ ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ ២​ ទៀត ដែលមាន​តម្លៃ​សរុប​ជាង​ ៤៦ ​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី​ ៣១ ខែសីហា ដែល​ស្ពាន​អាកាស​ទី​ ១ ​ត្រូវបាន​ដាក់ឈ្មោះ​ថា​ «​ស្ពាន​អាកាស​ព្រះមុនីវង្ស​» និង​ស្ពាន​អាកាស​ទី​ ២ មាន​ឈ្មោះ ថា​«​ស្ពាន​អាកាស គង់ សំអុល​»​។

ស្ពាន​អាកាស​ដែល​សាងសង់​បន្ថែម​នេះ ទី​ ១ ស្ថិត​នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេជោហ៊ុន សែន និង​មហាវិថី​ព្រះមុនីវង្ស​ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ​ [​ផ្លូវ​លេខ ​២៧១]​ ក្នុង​ទឹកដី​ខណ្ឌ​ចំការមន និង​ខណ្ឌមានជ័យ​។ រីឯ​ស្ពាន​អាកាស​ទី​ ២ នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាមួយ​មហាវិថី​សម្ដេច​ចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល [​ផ្លូវ​លេខ​ ២០០៤] ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​ទាំង​ ២ ​នេះ​បាន​ឱ្យ​ដឹងថា ស្ពាន​អាកាស​ទាំង​ ២ ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) ដោយ​ចំណាយ​ថវិកា​សរុប​ ៤៦៧៧៥ ០០០ ​ដុល្លា​អាមេរិក​។

លោក​បញ្ជាក់ថា ស្ពាន​អាកាស​ចំណុច​ប្រសព្វ​មហាវិថី​សម្តេចតេជោ​ ហ៊ុន សែន និង​មហាវិថី​ព្រះមុនីវង្ស​ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ ចំណាយ​ថវិកា​ ៣៦ ៧៧៥ ០០០​ ដុល្លារ និង​ចំណាយពេល​សាងសង់​៣៦​ខែ​។ ដោយឡែក​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាមួយ​មហាវិថី​សម្ដេច​ចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ចំណាយ​ថវិកា​ ១០ ០០០ ០០០ ដុល្លារ​អាមេរិក ចំណាយ​ពេល​សាងសង់ ១៦ ​ខែ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​បាន​សម្រេច​ដាក់ឈ្មោះ​ឱ្យ​ស្ពានអាកាស​ចំណុច​ប្រសព្វ​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេជោ និង​វិថី​កងយោធពល​ខេមរភូមិន្ទ​ថា ស្ពាន​អាកាស​ព្រះមុនីវង្ស​។ រីឯ​ស្ពាន​អាកាស​ចំណុចប្រសព្វ​ផ្លូវ ២០០៤ និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដាក់​ឈ្មោះ​ថា ស្ពាន​អាកាស គង់ សំអុល​»​។

កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០ និង​ ៩០ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខុស​ឆ្ងាយ​ពី​ពេលបច្ចុប្បន្ន ដែល​ពីមុន​តម្រូវការ​ខ្ពស់បំផុត គឺ​ត្រឹម​ជា​ស្បៀងអាហារ​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ននេះ​វិញ ប្រជាពលរដ្ឋ​មិនមែន​ខ្វះ​ស្បៀងអាហារ​ទៀត​ទេ គឺ​ពួកគាត់​មាន​តម្រូវការ​ប្រព័ន្ធ​ហេដ្ឋរចនាសម្ព័ន្ធ​សម្រាប់​ធ្វើ​ដំណើរ​វិញ​។

នាឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ការប្រើ​យុទ្ធសាស្ត្រ យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​។ មានន័យថា យកលុយ​ចំណូល​ពី​ការវិនិយោគ​ក្នុង​រាជធានី មក​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​វិញ​។

ជាមួយ​គ្នា​នេះ លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​ ៣​ ខ្សែ​ទៀតផង​ដែរ គឺ​ស្ពាន​ឆ្លង​ពី​ផ្សារ​ចាស់​ទៅ​ស្វាយជ្រុំ​ (​បែងចែក​ជា​ ២​ កំណាត់​)​។ ស្ពាន​ឆ្លង​ពី​ក្ដីតាកុយ​ឆ្ពោះទៅ​អរិយក្សត្រ និង​ស្ពាន​ឆ្លង​ពី​ចាក់អង្រែ​ទៅ​ព្រែកប្រា ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ខណៈ​គម្រោង​ខ្លះ​កំពុង​សិក្សា​ទីតាំង​សាងសង់ និង​គម្រោង​ខ្លះទៀត​កំពុង​ចរចា​ជាមួយ​ដៃគូ​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត រាជរដ្ឋាភិបាល​បាន​ស្តារ​នូវ​សមិទ្ធផល​នានា​ពាសពេញ​ផ្ទៃ​ប្រទេស ដោយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​លើ​គ្រប់​វិស័យ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​កិត្យានុភាព​ជាតិ​។

លោក​អភិបាល​រាជធានី​បាន​លើកឡើង​ថា​៖ «​សម្រាប់​រាជធានី​ភ្នំពេញ សម្តេច​តេជោ​តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអភិវឌ្ឍ​រូបវន្ត​ដឹក​ជញ្ជូន ដើម្បី​ជំរុញ​ការស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា​ក្នុង​ទីក្រុង​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប ដូច​បណ្តា​ទីក្រុង​ជិតខាង​ក្នុង​តំបន់​ផងដែរ​»​។ បើ​យោងតាម​ការបញ្ជាក់​ពី​លោក ឃួង ស្រេង រហូត​មក​ទល់​ពេលបច្ចុប្បន្ន រាជធានី​ភ្នំពេញ​បាន​ចំណាយ​លើ​ការសាងសង់​ទាំង​ស្ពាន​ឆ្លងទន្លេ និង​ស្ពាន​អាកាស សរុប​ថវិកា​ជាង​ ២២៦​ លាន​ដុល្លារ​អាមេរិក​ហើយ​។

ដោយឡែក នា​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នេះដែរ លោក​ ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា និង​រំឭក​ទៅដល់​អភិបាលខេត្ត​-​ក្រុង ព្រមទាំង​អភិបាលរង​ទាំងអស់ ជាពិសេស​ផ្នែក​សាធារណការ និង​ដឹកជញ្ជូន​ត្រូវ​មើលផ្លូវ​។

លោក ហ៊ុន សែន បាន​ថ្លែង​​ថា​៖ «​ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​បាន​ដក​ចៅហ្វាយក្រុង​តាខ្មៅ ដោយសារ​មិន​មើលផ្លូវ ហើយ​ខ្ញុំ​ចាំមើល​ចៅហ្វាយខេត្ត​មួយណា ដែល​នឹង​ធ្វើឱ្យ​ព្រែកហូរ​ត្រូវ​បាន​ចាក់​បេតុង​ឱ្យ​បាន​ច្រើនជាង​នេះ​។ ស៊ី​ចៅហ្វាយ​ខេត្ត​ច្រើន តែ​មិនមាន​ចៅហ្វាយ​ខេត្ត​ណាមួយ​ធ្វើ​កន្លែង​ហ្នឹង​ឱ្យបាន​ល្អ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា ការណ៍​ដែល​លោក​បញ្ជា​ឱ្យមើល​ផ្លូវ​នេះ គឺ​មិន​សំដៅ​តែ​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ទេ គឺ​គ្រប់​រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវតែ​មើលផ្លូវ​ដែល​ខូច​។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ​កាន់តែ​ច្រើន តម្រូវ​ការជួសជុល​កាន់តែច្រើន ហើយ​ផ្លូវ​កាន់តែ​វែង តម្រូវការ​ជួសជុល​ក៏កាន់តែ​ច្រើន​ដែរ​។ ដូចនេះ​ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​លើ​ការថែទាំ​វា ដើម្បី​ឱ្យ​ផ្លូវ​ស្អាត ហើយ​អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀត គឺ​ហាមឃាត់ និង​ដាក់វិន័យ​ចំពោះ​អ្នក​ដែល​ដឹក​លើស​ទម្ងន់ រួម​នឹង​អ្នក​ដែល​បើកបរ​ហួស​ល្បឿន​កំណត់​ផងដែរ​»​។

គួរ​បញ្ជាក់ដែរថា ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​ ៦ ដែល​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ ក្នុងនោះ​មាន​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស ៧ ​មករា​ (​ពេទ្យ​លោកសង្ឃ​) ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹងមានជ័យ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ ៥ មករា​ (​តិចណូ​) ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែនសុខ​ (​ផ្សារ​ដី​ហុយ​) ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ហើយ​ទី​ ៧ គឺ​ស្ពានអាកាស​ឫស្សីកែវ ដែល​កំពុង​ដំណើរការ​សាងសង់​៕