
អាណាព្យាបាលទៅមើលញាតិ នៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន D.T.A នៅភូមិថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ហេង សីហា សុខភាពរបស់គេហាក់មិនសក្ដិសមនឹងវ័យឡើយ ព្រោះតែរូបគេបានប្រើប្រាស់គ្រឿងញៀនយ៉ាងជោកជាំអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ។ រីឯទ្រព្យសម្បត្តិរបស់ឪពុកម្តាយវិញត្រូវបានរូបគេបំផ្លិចបំផ្លាញលួចយកទៅលក់ស្ទើរអស់ពីផ្ទះ ដើម្បីបានលុយយកទៅទិញថ្នាំញៀនជក់ហើយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យម្តាយឪពុករបស់គេគ្រាំគ្រាចិត្តទៀតផង។ ដោយសារតែមិនអាចទូន្មានកូនប្រុសរបស់ខ្លួនតទៅទៀតបានឪពុកម្តាយបានយកទៅដាក់នៅក្នុងមណ្ឌលបន្សាបគ្រឿងញៀន១កន្លែងគឺមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀនឌី-ធី-អេ(D.T.A)ស្ថិតនៅភូមិថ្មី សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជន ហេង សីហា អាយុ ៣០ ឆ្នាំបាននិយាយថា ដំបូងឡើយរូបគេចេះប្រើប្រាស់គ្រឿងញៀនដោយសារការចង់ដឹងថា តើវាមានរស់ជាតិយ៉ាងម៉េចបូកផ្សំនឹងការភូតកុហក់អូសទាញពីមិត្តភក្ដិពេលដែលខ្លួនមានក្រុមបងៗជាអ្នកប្រើប្រាស់គ្រឿងញៀន។ មូលហេតុនេះហើយបានជំរុញទឹកចិត្តរបស់ខ្ញុំឱ្យចេះប្រើប្រាស់គ្រឿងញៀនជាប់រហូត។ ដោយសារតែខ្លាចមិត្តភក្ដិមិនរាប់អានហើយ ម្យ៉ាងរូបគេត្រូវបានមិត្តភក្ដិជំរុញទឹកចិត្តឱ្យជក់ថ្នាំញៀនផងនោះ គឺជំហានដំបូងខ្លួនជក់តែបន្តិចបន្តួចទេ លុះក្រោយមកក៏ញៀនខ្លាំងហើយមិត្តភក្ដិក៏មិនបង្ខំដូចមុនៗដែរ ព្រោះដល់ពេលវេលាដែលគាត់ញៀនគ្រឿងញៀនខ្លាំងហើយត្រូវរកលុយទិញដោយខ្លួនឯង។ ប៉ុន្តែនៅពេលដែលគេរកលុយទិញថ្នាំញៀនមិនបានក៏ងាកមកលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ឪពុកម្តាយយកទៅបញ្ចាំ ឬលក់ដើម្បីយកលុយមកទិញថ្នាំញៀនជក់ បើទោះជាឪពុកម្តាយហាមឃាត់យ៉ាងណាក៏មិនស្តាប់បង្គាប់តាមដែរ។
សីហា និយាយថា៖ «បើមិនបានថ្នាំញៀនជក់ទេគឺធ្វើទុក្ខនៅក្នុងខ្លួន និងចេះតែរសាប់រសល់នៅមិនសុខស្រួលឡើយ តែបើបានថ្នាំញៀនជក់វិញ នឹងមានអារម្មណ៍ស្រស់ថ្លាភ្លាម។ ថ្នាំញៀននេះវាមានឥទ្ធិពលខ្លាំងណាស់បើកាលណាប្រើប្រាស់វាហើយ បើយើងអាក់ខានវិញ គឺវាធ្វើទុក្ខក្នុងខ្លួនខ្លាំងណាស់។ ខ្ញុំសូមផ្ញើសារទៅយុវជនទាំងអស់សូមកុំនៅក្បែរគ្រឿងញៀនព្រោះវាបំផ្លាញទាំងអនាគតរបស់យើង ហើយវាបំផ្លាញទាំងទ្រព្យសម្បត្តិ។ ដូច្នេះសូមគេចចេញពីគ្រឿងញៀនឱ្យបានកុំប្រើប្រាស់វាអី។ខ្ញុំក៏អរគុណដល់មណ្ឌលបន្សាបគ្រឿងញៀន D.T.A ដែរ ដែលបានព្យាបាលខ្ញុំឱ្យជាដាច់ពីគ្រឿងញៀន»។

យុវជន ហេង សីហា។ រូបថត សហការី
បើតាមយុវជន សីហា នៅពេលដែលរូបគេបែកថ្នាំ គឺមានអារម្មណ៍ថា មានរថយន្តមកពីមុខក៏ជិះទៅបុកស្ពានតែម្នាក់ឯងខណៈដែលនៅលើផ្លូវថ្នល់គ្មានរថយន្តសោះនោះ។ បន្ទាប់មកម្តាយឪពុកបានយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ ក្រោយពីព្យាបាលរបួសបានជាសះស្បើយមកឪពុកម្តាយបានយករូបគេមកផ្ញើនៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន D.T.A ដែលមកដល់ពេលនេះបានរយៈពេលជាង ៥ ខែហើយ ហើយគេមានអារម្មណ៍ថាខួរក្បាលគិតអ្វីៗឆាប់យល់ឆាប់ចងចាំ និងមានអារម្មណ៍ស្រស់ថ្លាដូចមុន។ ចំពោះការរស់នៅក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀនគឺខាងមណ្ឌលមានកម្មវិធីផ្សេងៗដើម្បីបន្សាបសារធាតុញៀននៅក្នុងខ្លួនដូចជាលេងកីឡា ការសិក្សាស្វែងយល់ពីព្រះធម៌ជាដើមពិសេសមានគ្រូពេទ្យចាំតាមដានសុខភាពជាប្រចាំផង។
សីហា បញ្ជាក់ថា៖ «នៅក្នុងមណ្ឌលបន្សាបគ្រឿងញៀន D.T.A មិនត្រឹមតែធ្វើឱ្យខ្ញុំផ្តាច់ពីគ្រឿងញៀនទេ តែខ្ញុំបានជាសះពីជំងឺអាឡែកហ្ស៊ីច្រមុះដែលកើតជាង ៥ ឆ្នាំមកហើយផង។ ខ្ញុំក្លាយទៅជាមនុស្សធម្មតាវិញដូចពេលដែលខ្ញុំមិនទាន់ប្រើប្រាស់គ្រឿងញៀន»។
ពាក់ព័ន្ធករណីនេះត្រូវបានលោកហង្ស ប្រសើរ អនុប្រធានមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន D.T.A បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅមណ្ឌលរបស់លោកបានបើកដំណើរការរហូតមកដល់បច្ចុប្បន្ននេះជាង ១៤ ឆ្នាំមកហើយ និងបានព្យាបាលមនុស្សជិត ១ ម៉ឺននាក់ ខណៈបច្ចុប្បន្ននេះមានអ្នកបន្សាបគ្រឿងញៀនប្រុស និងស្រីកំពុងរស់នៅក្នុងមណ្ឌលជាង ២០០ នាក់។ ចំពោះអ្នកដែលបានចូលមកក្នុងមណ្ឌលលើកដំបូងគឺគ្រូពេទ្យប្រចាំមណ្ឌលធ្វើរោគវិនិច្ឆ័យទៅលើអាការមួយចំនួនរបស់អ្នកជំងឺដូចជាវាស់សម្ពាធឈាម និងត្រួតពិនិត្យឈាមទូទៅបើកាលណាលោកគ្រូពេទ្យពិនិត្យឃើញមានរោគសញ្ញាអីគឺព្យាបាលតាមរោគសញ្ញានោះ។
លោកបន្តថា បើសិនជាបុគ្គលនោះមានសុខភាពខ្សោយ គឺគ្រូប្រើថ្នាំបំប៉នសុខភាពរបស់គាត់ ពោលគឺការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនត្រូវព្យាបាលទៅតាមរោគសញ្ញាព្រោះនៅពេលដែលបុគ្គលនោះផ្តាច់សារធាតុញៀននៅក្នុងខ្លួនដំបូង គឺគាត់មានអាការរវើរវាយមានអារម្មណ៍មិនល្អហេតុដូច្នេះលោកត្រូវតែផ្តល់ថ្នាំរំងាប់អារម្មណ៍ឱ្យគាត់លេប។ ក្នុងនោះដែរ យើងត្រូវឱ្យអ្នកដែលត្រូវបន្សាបសារធាតុញៀនឱ្យគាត់គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារណាដែលមានជីវជាតិដើម្បីបំប៉នដល់សុខភាពគាត់។
លោកបន្តទៀតថា ក្រោយពីបានសម្រាកក្នុងមណ្ឌលបាន ១ ទៅ ២ សប្តាហ៍ ដែលសុខភាពមាំមួនឡើងវិញហើយនោះ គឺត្រូវតម្រូវឱ្យគាត់ហាត់ប្រាណព្រោះលំហាត់ប្រាណអាចជួយបានច្រើនទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្ត។ ការធ្វើរបៀបនេះ គឺឱ្យសតិអារម្មណ៍របស់បុគ្គលញៀនថ្នាំនោះបានវិលមករកសភាពនឹងនរឡើងវិញ ហើយនៅពេលនឹងនរឡើងវិញ គឺខាងមណ្ឌលផ្តល់ជូននូវកម្មវិធីផ្សេងៗទៀតដូចជាបង្រៀនភាសាអង់គ្លេស និងបង្រៀនជំនាញផ្សេងៗទៀត។
ចំពោះរយៈពេលព្យាបាល គឺយោងទៅលើស្ថានភាពនៃការប្រើប្រាស់ថ្នាំញៀនរបស់អ្នកជំងឺបើបុគ្គលនោះប្រើថ្នាំញៀនដល់កម្រិតធ្ងន់ គឺត្រូវព្យាបាលចន្លោះពី ២ ទៅ ៤ សប្តាហ៍ ឬក៏អាចលើសពីនេះ។ ធម្មតាអ្នកញៀនគ្រឿងញៀន គឺមានបញ្ហាអារម្មណ៍ខ្លាំងដែលត្រូវបានលោក ហង្ស ប្រសើរ បញ្ជាក់ថា ដោយសារតែមណ្ឌលរបស់លោកមានបទពិសោធជាង ១៤ ឆ្នាំកន្លងមកនេះ គឺលោកគិតថា មិនចោទជាបញ្ហាអ្វីទេព្រោះជាកិច្ចការដែលស៊ាំទៅហើយ។សម្រាប់គ្រូពេទ្យប្រចាំមណ្ឌលវិញសុទ្ធតែបានទទួលការបណ្តុះបណ្តាលពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការអនុវត្តផ្ទាល់ដែលចំណាយពេលវេលាជាច្រើនឆ្នាំមកហើយផងគឺគ្រូពេទ្យមានបទពិសោធពេញលេញតែម្តង។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺក្នុងរយៈពេល ១ ឆ្នាំ ២ ឆ្នាំក្រោយនេះឃើញថា អ្នកប្រើប្រាស់គ្រឿងញៀនគឺមានសភាពធ្ងន់ធ្ងរជាងមុន។ មូលហេតុដោយសារគ្រឿងញៀនបច្ចុប្បន្នគ្មានធាតុសុទ្ធមួយរយភាគរយទេ។ ដូច្នេះធ្វើឱ្យអ្នកប្រើប្រាស់រងឥទ្ធិពលប៉ះពាល់ផ្លូវចិត្តខ្លាំងបើមកមណ្ឌល ១០ នាក់ គឺស្លេកស្លាំងរវើរវាយនិយាយស្តីមិនដឹងខុសត្រូវទេដែលពេលខ្លះទៅនិយាយតែម្នាក់ឯងក៏មាន»។
បើតាមលោក ប្រសើរ ចំពោះសេវាព្យាបាលស្នាក់នៅក្នុងមណ្ឌលរបស់លោកគិតជាវគ្គចាប់ពី ៣ ខែ ជាង ៧០០ ដុល្លារ ៦ ខែ តម្លៃសេវាជាង ១ ពាន់ដុល្លារ សម្រាប់ ១ ឆ្នាំជិត ២ ពាន់ដុល្លារ ដែលតម្លៃនេះវាសមរម្យព្រោះមុននឹងដាក់តម្លៃ គឺខាងមណ្ឌលបានគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋរួចហើយ។ ក្នុងសេវានោះដែរ គឺគិតរួមបញ្ចូលទាំងបាយទឹកម្ហូបអាហារ ថ្នាំសង្កូវ កម្មវិធីអប់រំផ្សេងទៀត។ អ្នកញៀនគ្រឿងញៀនដែលមកព្យាបាលនៅក្នុងមណ្ឌលលោកគឺភាគច្រើនមកពីរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត-រាជធានីទាំង ២៥។ ក្នុងការចូលរួមសង្គមក៏ដូចជារដ្ឋាភិបាលពិតណាស់មណ្ឌលរបស់លោកបានជួយសម្រាល បានជួយគ្រប់គ្រង ជួយទប់ស្កាត់អប់រំផ្សព្វផ្សាយពាក់ព័ន្ធអ្នកដែលមានបញ្ហាប្រើប្រាស់គ្រឿងញៀន។
ជុំវិញអ្នកប្រើប្រាស់គ្រឿងញៀននេះ ត្រូវបានកញ្ញា សំ ផល្លីកា ជាគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការពន្យល់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះមនុស្សដែលបានប្រើប្រាស់គ្រឿងញៀន គឺវាធ្វើឱ្យប៉ះពាល់ច្រើនដល់ប្រព័ន្ធប្រសាទរបស់អ្នកប្រើប្រាស់ទាំងអស់។ ប៉ុន្ត៉ែផលប៉ះពាល់នេះក៏ប្រែប្រួលទៅតាមប្រភេទថ្នាំញៀននីមួយៗដែរ ដែលវាមានថ្នាំម៉ាទឹកកកពួកថ្នាំម៉ូហ្វីន និងមានថ្នាំពួកអ៊ិចស្តាស៊ីអីផ្សេងៗទៀត។
ក្នុងលក្ខណៈជារួម គឺថ្នាំញៀនទាំងនេះវាប៉ះពាល់ទៅនឹងសម្ពាធឈាមទាក់ទងនឹងការដកដង្ហើម ទាក់ទងទៅនឹងចលនាចង្វាក់បេះដូងរួមទាក់ទងនឹងសីតុណ្ហភាពនៅក្នុងខ្លួនរបស់អ្នកប្រើប្រាស់គ្រឿងញៀនដែលជួនកាលអាចក្តៅខ្លួន ជួនកាលអាចត្រជាក់ឬក៏អ្នកខ្លះមានសម្ពាធឈាមឡើងខ្ពស់ឬទាប។ មានន័យថាការសម្របសម្រួលនៅក្នុងខ្លួនអ្នកញៀនថ្ នាំគឺមានផលប៉ះពាល់ទាំងអស់ទាក់ទងទៅនឹងប្រព័ន្ធប្រសាទនេះ។
កញ្ញាបន្តថា នៅពេលដែលមនុស្សម្នាក់ប្រើប្រាស់គ្រឿងញៀនគឺប្រព័ន្ធប្រសាទត្រូវខូចទាំងអស់ដូចជាបាត់ការចងចាំ គាត់អាចមានអារម្មណ៍ឡើងចុះមិនទៀងទាត់ដែលអាចទៅជាមនុស្សឆេវឆាវ ឬក៏ប្រែប្រួលទៅតាមអ្នកប្រើថ្នាំញៀនម្នាក់ៗ និងផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់គ្រឿងញៀននោះ។ ក្នុងករណីដែលមនុស្សម្នាក់ដែលគាត់ប្រើគ្រឿងញៀនកាន់តែច្រើន ហើយដូស (កម្រិតថ្នាំញៀន) កាន់តែខ្ពស់នៅពេលដែលខួរក្បាលរបស់គាត់ស៊ាំទៅនឹងថ្នាំញៀននោះ។
កញ្ញាថា៖ «អ៊ីចឹងការដែលគាត់ប្រើដូសកាន់តែខ្ពស់ហើយរយៈពេលនៃការប្រើកាន់តែយូរពេលនោះអ្នកជំងឺគឺរងនូវផលប៉ះពាល់ទាំងអស់។ បញ្ហានេះធ្វើឱ្យជំងឺគាត់ពឹងផ្នែកទៅលើថ្នាំញៀននោះតែម្តងហើយនៅពេលដែលអត់បានប្រើថ្នាំញៀន គឺអត់មិនបានទេគឺត្រូវតែធ្វើយ៉ាងម៉េចត្រូវតែបានប្រើទើបអ្នកញៀនថ្នាំនោះអាចធ្វើការបានដូចដើមវិញ»។
កញ្ញាពន្យល់ថា ចំពោះការព្យាបាលគឺត្រូវព្យាបាលទៅតាមរោគសញ្ញាដែលលេចឡើងតែអ្វីដែលសំខាន់បំផុតគឺត្រូវតែផ្តាច់ថ្នាំញៀនឱ្យបានសិន។ នៅក្នុងការផ្តាច់ថ្នាំញៀនគឺជារឿងដែលពិបាកធ្វើណាស់ហើយអ្នកញៀនថ្នាំត្រូវការតាំងចិត្តខ្ពស់រួមនឹងមានការគាំទ្រលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនដែរ។ ប្រសិនបើអ្នកញៀនថ្នាំមានរោគសញ្ញារវើរវាយខ្លាំងដែលមានរោគសញ្ញានៃជំងឺវិកលចរិកដែលមានន័យថា អ្នកប្រើគ្រឿងញៀនមើលឃើញអ្វីស្តាប់ឮអ្វីដែលការពិត វាអត់មាន គឺត្រូវការប្រើថ្នាំជាជំនួយសម្រាប់ការព្យាបាលអ្នកញៀនថ្នាំនោះ។
ពាក់ព័ន្ធការបន្សាបគ្រឿងញៀននេះដែរ ត្រូវបានលោក តូច ចាន់នី អ្នកនាំពាក្យក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នក្នុងប្រទេសកម្ពុជា មានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន ១៣ ក្នុងនោះមាន ៦ មណ្ឌលជារបស់រដ្ឋមាននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត និងមាន មណ្ឌលឯកជន និងអង្គការដៃគូចំនួន ៧ មណ្ឌល។
លោកបានឱ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំ (២០១៧-២០២២) ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដែលបានមកទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមជ្ឈមណ្ឌលមានចំនួន ៥៥ ៣០៧ នាក់។ ក្នុងនោះជនរងគ្រោះប្រុស ស្រីដោយសារការប្រើប្រាស់គ្រឿងញៀន ៣៥ ២២៣ នាក់ ត្រូវបានធ្វើសមាហរណកម្មត្រឡប់ទៅក្រុមគ្រួសារ និងសហគមន៍វិញបន្ទាប់ពីបានជាសះស្បើយ។
លោកបានឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍ “កែវផុស” ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្រៅពីនេះក្រសួងបានរៀបចំប្រកាសអន្តរក្រសួង (ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល) ស្តីពីលក្ខខណ្ឌនិងទម្រង់បែបបទនៃការស្នើសុំបង្កើតមណ្ឌលសម្រាប់ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងគោលការណ៍ណែនាំស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនផងដែរ៕