ភ្នំពេញៈ គណបក្ស​នយោបាយ​ចំនួន​ ៤ គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ដាក់​សំណើ​ចំនួន ១៧​ ចំណុច​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប) ដើម្បី​ស្នើសុំ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ​២៣ ខែសីហា ឆ្នាំ​ ២០២៣​។

លោក គង់ មូនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅក្រោយ​បញ្ចប់​ជំនួប​ជាមួយ​តំណាង គជប នៅ​ថ្ងៃទី​ ៣១ សីហា​ថា គណបក្ស​ទាំង​ ៤ បានដាក់​សំណើ​ចំនួន ​១៧ ​ចំណុច ដើម្បី​ឱ្យមាន​ការកែលម្អ​ប្រព័ន្ធ​បោះឆ្នោត​ដោយ​ក្នុងនោះ​ភាគី​ទាំង​ ២ បាន​ពិភាក្សា​ទៅលើ​ចំណុច​នីមួយៗ ដែល​អាចឱ្យ គជប យកទៅ​ធ្វើការ​ពិចារណា កែលម្អ​ប្រព័ន្ធ​បោះឆ្នោត និង ​១​ ទៀត ស្នើសុំ​ដល់ គជប កុំឱ្យ​មាន​ការចោទប្រកាន់​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​។

ទោះជា​យ៉ាងណា លោក​ថា ក្នុង​ជំនួប​នេះ គជប មិនទាន់​អាច​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។ ដោយឡែក ចំណុច​មួយចំនួន​ទៀត គជប បាន​ធ្វើការ​បដិសេធ ព្រោះ​ចំណុច​ទាំងនោះ គជប យល់​ថា មិន​ពាក់ព័ន្ធ​ទៅនឹង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះទេ​។

លោក​បន្តថា គណបក្ស​ទាំង​ ៤ ក៏បាន​ដឹង​ដែរ​ថា ចំណុច​មួយ​ចំនួន​នោះ វា​មិន​ពាក់ព័ន្ធ​ទៅ​នឹង​សមត្ថកិច្ច​របស់ គជប ប៉ុន្តែ ការលើកឡើង​នេះ ដើម្បី​ឱ្យ គជប ដែលជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​ជា​អាជ្ញាកណ្តាល​មួយ​ដែល​ធ្វើឱ្យ​ការបោះឆ្នោត​មួយ​ត្រឹមត្រូវ និង​យុត្តិធម៌​យក​ទៅ​ពិចារណា ដើម្បី​ផ្តល់យោបល់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេស​រាជរដ្ឋាភិបាល​។

បើតាម លោក គង់ មូនីកា តំណាង​គណបក្ស​ទាំង​ ៤ ក៏បាន​ស្នើសុំ​ឱ្យ​មានការ​ដំឡើង​អាសនៈ​រដ្ឋសភា​នៅក្នុង​ខេត្ត​ដែលមាន ១ ​អាសនៈ ដូចជា​ខេត្ត​ឧត្តរមានជ័យ ខេត្តរតនគិរី និង​ខេត្តព្រះវិហារ​ជាដើម ខណៈ​ខេត្ត​ទាំងនេះ​មាន​កំណើន​ប្រជាពលរដ្ឋ​ ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​ជាង ១០ ​ម៉ឺន​នាក់ ដូច​ទៅនឹង​ខេត្ត​ព្រះសីហនុ​ដែរ ដើម្បី​ឱ្យ​ពួកគេ​មាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន​។ ប៉ុន្តែ គជប ឆ្លើយថា នេះ ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់ គជប ដែរ​។

លោក​បន្ថែមថា ក្រៅពីនេះ គណបក្ស​ទាំង​ ៤ ក៏បាន​ស្នើសុំ​ឱ្យ​កំណត់​រូបមន្ត​បែងចែក​អាសនៈ តំណាងរាស្ត្រ​ផងដែរ ពីព្រោះ​កន្លងមក​នេះ គជប ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​​រូបមន្ត​មធ្យមភាគ​ខ្ពស់បំផុត​ដែល រូបមន្ត​នេះ​ផ្តល់​ផលប្រយោជន៍​ទៅឱ្យ​គណបក្ស​ធំៗ​ប៉ុណ្ណោះ មិនបាន​ផ្តល់​ផលប្រយោជន៍​ដល់​គណបក្ស​តូចៗ​នោះទេ​។ ដូច្នេះ​ហើយ​បានជា​គណបក្ស​ទាំង ​៤ ស្នើសុំ​ឱ្យ គជប កែប្រែ​ឱ្យនៅ​សំណល់​ធំ​បំផុត​វិញ ដូច​ទៅនឹង​បោះឆ្នោត​សម័យ​អ៊ុនតាក់​។ យ៉ាងណា​ក្តី​ត្រង់ចំណុច​នេះ គជប ឆ្លើយតប​ថា វា​ក៏​មិន​ពាក់ព័ន្ធ​ទៅនឹង​សមត្ថកិច្ច​របស់ គជប ដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​ជា​ជំហាន​មួយ​ជា​វិជ្ជមាន ដែល គជប បើក​ចិត្ត​ទូលាយ​ទទួល​ជួប​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​បោះឆ្នោត​កន្លងមក ក្នុង​ការបង្ហាញ​ពី​កង្វល់​របស់ខ្លួន ដើម្បី​កែលម្អ​។ បើទោះបី​ចំណុច​មួយចំនួន យើង​គិត​ថា គជប​ ហាក់បី​ដូចជា​ព្យាយាម​ការពារ​ថា អ្វីដែល​ខ្លួន​អនុវត្ត​រាល់ថ្ងៃនេះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​ត្រឹមត្រូវ ហើយ​ដាក់សំណើ​ទៅ​គាត់​ថា មិនអាច​ធ្វើ​ទៅបាន ប៉ុន្តែ​ចំណុច​មួយចំនួន​ទៀត ក៏​គាត់​ទទួល​ស្គាល់​ថា មាន​ភាព​ឆកល្វែង​ដែរ​»​។

លោក សោម សូរីដា អ្នក​នាំពាក្យ គជប ដែលមាន​វត្តមាន​នៅក្នុង​ជំនួប​នេះ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំពោះ​សំណើ​ទាំង ១៧ ចំណុច​ដែល​គណបក្ស​ទាំង​ ៤ ស្នើឡើង​នេះ ក្រុម​ការងារ​នឹង​រៀបចំ​ជា​របាយការណ៍​ ដើម្បី​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ គជប ពិនិត្យ និង​សម្រេច ថា​តើ​គួរ​យក ឬ​មិនគួរ​យក នៅ​ចំណុច​ណាមួយ​។ ដូច្នេះ​កម្រិត​នៃ​ការជជែក​ពិភាក្សា​នេះ មិនមែន​កម្រិត​សម្រេច​សំណើ​របស់​គណបក្ស​នយោបាយ​ទាំង​ ៤​ នេះ​នោះទេ​។

លោក​បន្តថា បើ​ពិនិត្យមើល​ទៅលើ​សំណើ​ទាំងនេះ​មាន​ចំណុច​ភាគច្រើន​ពាក់ព័ន្ធ​ទៅនឹង​សមត្ថកិច្ច​របស់​ស្ថាប័ន​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​។

ទោះជា​យ៉ាងណា​លោក​ថ្លែងថា​៖ «​ការពិភាក្សា​នេះ គឺមាន​លក្ខណៈ​ល្អប្រសើរ គឺ​យើង​ជជែក​គ្នា​ត្រង់​ទៅ ត្រង់​មក​។ ទាំង​សងខាង (​គជប និង​គណបក្ស​នយោបាយ​) យល់ថា ការជួបគ្នា​នេះ គឺជា​យន្តការ​ដ៏ល្អ ដែល​យើង​មាន​បញ្ហា​អី យើង​អាច​យកមក​ដាក់​លើ​តុ ដើម្បី​ពិភាក្សា​គ្នា រក​វិធានការ និង​វិធី​ដោះស្រាយ​»​។

បើតាមលោក សោម សូរីដា បាន​វាយតម្លៃថា ជំនួប​ពិភាក្សា​រវាង គជប និង​តំណាង​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី​ ៣១​ សីហា ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់ ក្នុង​ការដោះស្រាយ​បញ្ហា​នានា ក្នុង​ដំណើរការ​បោះឆ្នោត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ល្អប្រសើរ​ថែមទៀត​៕

វីដេអូ៖