ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីតំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀតសរុបចំនួន ១៤០ នាក់ស្តីពីនិតិវិធីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរយៈពេល៣ថ្ងៃចាប់ពី ៥ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ (គជប) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ កញ្ញាថា វគ្គបណ្តុះបណ្តាលនេះ គឺជាកិច្ចការដែល (គជប) ត្រូវអនុវត្តបន្ត បន្ទាប់ពីជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីរួចហើយ។ វគ្គបណ្តុះបណ្តាលនេះនឹងមានការបង្ហាញអំពីបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ ដោយមានគ្រូឧទ្ទេសនាមបង្ហាញពីតួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋានគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត តួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងតួនាទីរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
លោកថ្លែងថា៖ «ជាមួយគ្នានេះយើងមានប្រធានបទច្រើនទាក់ទងទៅនឹងដំណើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោត ហើយក្នុងនោះក៏មានការបញ្ជាក់ពីការអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់ទម្រង់បែបបទ និងការប្រើប្រាស់កញ្ចប់ដើម្បីខ្ចប់សម្ភារឯកសារ នៅតាមថ្នាក់នីមួយៗ។ អ៊ីចឹងកម្មវិធីបណ្តុះបណ្តាលនេះ យើងរៀបចំគ្រូឧទ្ទេសនាម ទៅតាមមេរៀន និងប្រធានបទនីមួយៗ»។
បើតាមលោក សោម សូរីដា សិក្ខាកាមដែលនឹងចូលរួមមានចំនួន ១៤០ នាក់ មកពីសមាសភាព ប្រធាននិងអនុប្រធានលេខាធិការដ្ឋានរគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត អ្នកបច្ចេកទេសកុំព្យួទ័រនៅលេខាធិការ
ដ្ឋានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតតំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល តំណាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីគ្រប់នាយកដ្ឋាន អង្គភាពនៃលេខាធិការដ្ឋាន(គជប) ។
លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានគណៈកម្មការខេត្តព្រះវិហាររៀបចំការបោះឆ្នោតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែកញ្ញាថា លោកក៏នឹងចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះដែរ។ តាមការអញ្ជើញរបស់ (គជប) គឺក្នុង ១ ខេត្តមានអ្នកចូលរួម ៣ នាក់ក្នុងនោះ មានប្រធាន និងអនុប្រធានលេខាធិការគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត និងអ្នកបច្ចេកទេសកុំព្យូទ័រ។
លោកបានបន្តថា ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ គ្រប់លេខាធិការដ្ឋានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតនឹងបន្តបណ្តុះបណ្តាលដល់គ្រូបង្គោល ប្រចាំក្រុងស្រុក អាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ចន្លោះចាប់ពីថ្ងៃទី ៩ ខែកញ្ញា ដល់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់យល់ពីនីតិវិធីនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។
លោកថ្លែងថា៖ «យើងនឹងបណ្តុះបណ្តាលពួកគាត់ក្រោយពីយើងបានរៀននៅ (គជប) ដើម្បីឱ្យបណ្តុះបណ្តាលបន្តទៀតទៅក្រុមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដើម្បីធ្វើយ៉ាងណាឱ្យដំណើការនេះមានប្រសិទ្ធភាពស្របតាមបញ្ញត្តិច្បាប់ជាធរមាន»។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែកញ្ញាថា អង្គការរបស់លោក មិនទាន់ទួលបានលិខិតអញ្ជើញពី (គជប) នៅឡើយទេពាក់ព័ន្ធនឹងការហៅឱ្យចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ។ទោះជាយ៉ាងណា លោកថា លោកនឹងពិនិត្យមើលលទ្ធភាពចូលរួមឬចាត់ចែងឱ្យមានតំណាងចូលរួមនៅពេលទទួលបានលិខិតអញ្ជើញជាផ្លូវការពី (គជប)។
តាមប្រតិទិន (គជប) នឹងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាផ្លូវការរយៈពេល ៥០ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២២ ដើម្បីឱ្យបញ្ជីបោះឆ្នោតនេះមានគុណភាព និងទទួលយកបានសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ៕