ភ្នំពេញៈ ក្លឹបកម្សាន្ដ All Friend Pub និងផ្ទះ ១ ខ្នង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៨៨ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះអគ្គិភ័យ ដែលបានកើតឡើងកាលពីវេលាម៉ោង ១០:៤០ នាទីព្រឹក ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២។
លោក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រាជធានីភ្នំពេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រោះអគ្គិភ័យនេះ មិនបង្កឱ្យបុគ្គលិកណាម្នាក់នៃក្លឹបកម្សាន្ត All Friend Pub និង ពលរដ្ឋជាម្ចាស់ផ្ទះណាម្នាក់រងបួស ឬស្លាប់នោះទេ ប៉ុន្តែសំណង់អគារក្លឹបកម្សាន្ត និង ផ្ទះឈើប្រក់ក្បឿង ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀត បានរងការឆេះខូចខាតស្ទើរទាំងស្រុង។
លោកថ្លែងថា៖ «តាមការបំភ្លឺរបស់ប្រជាពលរដ្ឋជាសាក្សីនៅក្បែរទីតាំងកើតហេតុ អគ្គិភ័យនេះ អាចបង្កឡើងដោយសារការផ្ទុះឆ្លងចរន្តអគ្គិសនី ព្រោះពួកគេ បានឃើញមានផ្សែងហុយចេញពីផ្នែកមួយនៃដំបូលក្លឹបកម្សាន្ត All Friend Pub ហើយបន្តឆេះរាលដាលទៅផ្ទះអ្នកភូមិ ១ ខ្នង នៅក្បែរនោះ។ ប៉ុន្តែករណីនេះ មន្ត្រីយើងកំពុងបន្តនីតិវិធីក្នុងការអង្កេត ស្រាវជ្រាវដើម្បីស្វែងរកមូលហេតុពិតប្រាកដ»។
បើតាមលោក ព្រហ្ម យ៉ន ក្រុមសមត្ថកិច្ចបានចំណាយពេលជាង ១ ម៉ោង នៅក្នុងការពន្លត់អគ្គិភ័យនេះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៥ គ្រឿង និងប្រើប្រាស់ទឹកអស់ជាង ១០០ ម៉ែត្រគុប៕