ភ្នំពេញៈ ចាប់ពីឆ្នាំ ២០២០ ដល់ឆមាសទី ១ ឆ្នាំ ២០២២ នេះក្រសួងព័ត៌មានបានស្រាវជ្រាវរកឃើញព័ត៌មានក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកា ឬករណី ក្នុងនោះបានបញ្ចូនទៅស្ថាប័នពាក់ព័ន្ធចំនួន ១៧០ មាតិកា ដើម្បីចាត់វិធានការបន្តតាមច្បាប់ ខណៈអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌលើកឡើងថា កម្ពុជា ពុំមានការរិតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាននោះទេ បើទោះបីជាក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ។
លោកមាស សុភ័ណ្ឌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន ៥ ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២» ថាកាលពីឆ្នាំ ២០២០ រាជរដ្ឋាភិបាលចេញប្រកាសអន្តរក្រសួង ស្ដីពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ក្នុងនោះមានក្រសួងចំនួន ៣ ចូលរួមអនុវត្ត រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន។
លោកថ្លែងថា៖ «គិតចាប់ពីឆ្នាំ ២០២០ មកដល់ឆមាសទី ១ ឆ្នាំ ២០២២ នេះ យើងបានរកឃើញនូវប្រភេទព័ត៌មានក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកាឬករណីដែលបានផ្សព្វផ្សាយ។ ក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកា យើងបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធចំនួន ១៧០ មាតិកា ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចាត់វិធានការបន្តទៀត»។
លោកបានឱ្យដឹងថា ដូច្នេះប្រកាសអន្តរក្រសួងរបស់រាជរដ្ឋាភិបាល គឺមានគោលបំណងដើម្បីទប់ស្កាត់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីបម្រើទៅដល់ផលប្រយោជន៍របស់ប្រទេសជាតិ។
តាមរយៈប្រកាសអន្តរក្រសួងនេះ បានបែងចែកនូវការទទួលខុសត្រូវរវាងក្រសួងពាក់ព័ន្ធនីមួយៗ ទៅតាមជំនាញរៀងៗខ្លួន។ ក្នុងនោះមានក្រសួងខ្លះមានជំនាញលើការរៀបចំនីតិវិធី ការចាត់វិធានការ ក្រសួងខ្លះ ជាអ្នកតាមដានគ្រប់គ្រងលើមាតិកាព័ត៌មានក្លែងក្លាយជាដើម។
ជារួមក្រសួងព័ត៌មានជាអ្នកពិនិត្យទៅលើមាតិកា ហើយមាតិកាណា ដែលយើងពិនិត្យឃើញថា មានស្ថានភាពព័ត៌មានក្លែងក្លាយធ្ងន់ធ្ងរ គឺយើងបានបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តបន្ត។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថា ព័ត៌មានក្លែងក្លាយ វាមានឥទ្ធិពល និងមានការប៉ះពាល់ទៅលើប្រជាពលរដ្ឋរបស់យើង ពេលខ្លះប៉ះពាល់ទៅដល់ផលប្រយោជន៍ សេចក្ដីថ្លៃថ្នូររបស់ជាតិយើងទៅទៀត។ ព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលខ្លាំងណាស់ដូចជាថ្មីៗមានការឃោសនាព័ត៌មានមិនពិតពីរឿងអកុសលផ្សេងៗនៃបាតុភូតធម្មជាតិជាដើម បង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងសង្គមជាដើម»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី សង្កេតឃើញថា បច្ចុប្បន្នការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅតែកើតមានច្រើន ហើយអ្វីដែលសំខាន់ប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងទូលំទូលាយចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។
លោកថ្លែងថា៖ «អ៊ីចឹងហើយ ទើបពេលខ្លះ ប្រជាពលរដ្ឋ ពួកគាត់បានចែករំលែកព័ត៌មានក្លែងក្លាយដោយមិនដឹងខ្លួន។ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺការផ្សព្វផ្សាយអប់រំពលរដ្ឋឱ្យបានច្រើន និងមានលក្ខណៈផុសផុលដើម្បីធានាថា ពលរដ្ឋបានយល់ដឹង និងអាចចូលរួមកាត់បន្ថយនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ»។
លោក សុភ័ណ្ឌ បញ្ជាក់ថា នៅក្នុងមាតិកាទាំងអស់ដែលបានរកឃើញ ភាគច្រើនជាប្រភេទព័ត៌មានប្រឌិត គឺព័ត៌មានទាំងនោះ មិនមានកើតឡើងទេ ប៉ុន្ដែជនខិលខូចបានបង្កើតព័ត៌មាននោះឱ្យកើតមានឡើងនិងខ្លះទៀតជាមាតិកាព័ត៌មានដែលបានជេរប្រមាថដល់់អង្គព្រះមហាក្សត្រ។
លោកបានថ្លែងថា៖ «នៅក្នុងចំណោមមាតិកាព័ត៌មានក្លែងក្លាយដែលយើងបានរកឃើញនេះ ក្រសួងព័ត៌មានអត់បានបញ្ជូនព័ត៌មានដែលយើងរកឃើញនេះ ទៅតុលាការទេ ដោយសារតែយើងមានកិច្ចសហប្រតិបត្ដិការដោយផ្អែកទៅលើប្រកាសអន្តរក្រសួង រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ អ៊ីចឹងក្រសួងព័ត៌មានយើងជាអ្នកពិនិត្យទៅលើមាតិកាព័ត៌មានក្លែងក្លាយទាំងនោះ»។
ទាក់ទងនឹងសេរីភាពរបស់អ្នកសារព័ត៌មានវិញ លោក មាស សុភ័ណ្ឌ បានថ្លែងថា កម្ពុជាមិនមានការរឹតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាននោះទេ ទោះបីស្ថិតក្នុងស្ថានភាពមានការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលធ្លាប់មានការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងរយៈពេលខ្លី កាលពីក្នុងអំឡុង ឆ្នាំ ២០២១ ក៏ដោយ។
នៅក្នុងអំឡុងពេលនេះ ក្រសួងព័ត៌មានបានចេញលិខិតអនុញ្ញាតឱ្យអ្នកសារព័ត៌មានជាង ១ ០០០ នាក់ បានចូលទៅយកព័ត៌មាននៅក្នុងតំបន់បិទខ្ទប់ ដើម្បីសម្របសម្រួលឱ្យអ្នកសារព័ត៌មានបានអនុវត្តភារកិច្ច សិទ្ធិសេរីភាពសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានទៅកាន់សាធារណជន ក្នុងអំឡុងពេលដែលបិទខ្ទប់។
បន្ថែមពីលើការពន្យល់បែបនេះ លោក មាស សុភ័ណ្ឌ បានចោទជាសំណួរឱ្យពិចារណាថា តើមានស្ថាប័ន ឬអង្គភាពសារព័ត៌មានណាដែលផ្អាកការផ្សាយ ដោយមិនមានព័ត៌មានផ្សាយ ដែរឬទេ? តើវាជារឹតត្បិតសេរីភាពសារព័ត៌មានទេ ខណៈដែលក្រសួងព័ត៌មានបានចេញលិខិតអនុញ្ញាតឱ្យអ្នកសារព័ត៌មានជិត ១ ០០០ នាក់ ចុះយកព័ត៌មាននៅតំបន់បិទខ្ទប់?
បើតាមរបាយការណ៍របស់ក្រសួងព័ត៌មាន ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រសួងបានចេញអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតបន្តអាជ្ញាប័ណ្ណចំនួន ២ ១៥៤ អាជ្ញាប័ណ្ណ និងបានចេញបណ្ណអ្នកសារព័ត៌មាន និងបន្តសុពលភាពបណ្ណសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១០ ០៣៣ បណ្ណ។ មកដល់ពេលបច្ចុប្បន្ននេះអង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ២ ១៥៤ អង្គភាព (ផ្សាយបែបបុរាណ និងបែបទំនើប) គឺមានការកើនឡើងចំនួន ៥៥៨ អង្គភាព បើធៀបនឹងឆ្នាំ ២០១៨ ស្មើនឹង ២៧,៣០ ភាគរយ៕