
ផលិតផលរបស់ក្រុមហ៊ុន Khmer Fresh Milk។ រូបថត រដ្ឋបាលខេត្ត
បាត់ដំបងៈ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន Khmer Fresh Milk ដែលផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់គួរពង្រីកការផ្សព្វផ្សាយផលិតផលក្នុងស្រុកនេះឱ្យខ្លាំងជាងមុន ដើម្បីឱ្យប្រជាពលរដ្ឋខែ្មរជ្រួតជ្រាប និងជួយគាំទ្រ។
ការផ្តល់អនុសាសន៍បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី ២ ខែកញ្ញា រវាងលោក សុខ លូ និងតំណាងក្រុមហ៊ុន Khmer Fresh Milk សាខាខេត្តបាត់ដំបង ដែលក្នុងកិច្ចប្រជុំនេះក៏មានការបង្ហាញផលិតផលទឹកដោះគោស្រស់ និងអាហារកែច្នៃពីទឹកដោះគោមួយចំនួនទៀតដែលជាផលិតផលក្នុងស្រុកផងដែរ។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី ២ ខែកញ្ញាថា ក្រុមហ៊ុន Khmer Fresh Milk ផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់យីហោ «គិរីសួគ៌ហ្វាម (Kirisu Farm)» ដែលមានកសិដ្ឋានចិញ្ចឹមគោពូជសុទ្ធ Holstein នាំចូលពីប្រទេសអូស្ត្រាលីចំនួន ៥៥០ ក្បាល ដែលប្រតិបត្តិការលើផ្ទៃដី ៣០០ ហិកតា និងរោងចក្រកែច្នៃផ្ទាល់ខ្លួននៅជើងភ្នំតាម៉ៅ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា៖ «ក្នុងឱកាសនេះ ឯកឧត្តមអភិបាលបានសំណេះសំណាល និងទទួលស្ដាប់នូវការធ្វើបទបង្ហាញពីសំណាក់តំណាងក្រុមហ៊ុនអំពីប្រភេទ និងគុណសម្បត្តិនៃផលិតផលដែលក្រុមហ៊ុនផលិតបាន។ បន្ថែមពីនេះទៅទៀត ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនគួរពង្រីកការផ្សព្វផ្សាយផលិតផលក្នុងស្រុកនេះឱ្យខ្លាំងជាងមុន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខែ្មរយើងជ្រួតជ្រាប និងជួយគាំទ្រ»៕