ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គការ Antiquities Coalition នៅ​សហរដ្ឋអាមេរិក នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការការពារ​សម្បត្តិ​វប្បធម៌​រយៈពេល​៣​ថ្ងៃ​នៅ​ខែកញ្ញា​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការការពារ និង​ការទប់ស្កាត់​អំពើ​ជួញដូរ​សម្បត្តិ​វប្បធម៌​ដោយ​ខុសច្បាប់ ដែល​កំពុង​គំរាមកំហែង​ដល់​បេតិកភណ្ឌ​ដ៏​សម្បូរបែប​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃទី​ ២ ខែកញ្ញា​នេះ បានឱ្យដឹងថា​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ៥ ដល់​ថ្ងៃទី​ ៨ ខែ កញ្ញា ឆ្នាំ​ ២០២២ នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​នានា រួមជាមួយ​អ្នកជំនាញ​ជាន់ខ្ពស់​មកពី​ជុំវិញ​ពិភពលោក ដែលជា​អ្នកដឹកនាំ​ផ្នែក​គោលនយោបាយ ការអនុវត្ត​ច្បាប់​សារមន្ទីរ​នានា ទីផ្សារ​សិល្បៈ និង​សង្គម​ស៊ីវិល​។

​ក្រុម​អ្នកជំនាញ​ចម្រុះ​នេះ នឹង​រួមគ្នា​រៀបចំ​បង្កើត​នូវ​វិធានការ​ជាក់លាក់​មួយ ដើម្បី​ការពារ​កេរ​មរតក​ក្នុង​តំបន់ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ស្វែងរក​មកវិញ​នូវ​រតនសម្បត្តិ​ជាតិ​សម្រាប់​អាស៊ាន​។​

​នៅ​ថ្ងៃទី ​៧ ខែ កញ្ញា ឆ្នាំ​ ២០២២ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំពេញអង្គ​អន្តរជាតិ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​វប្បធម៌​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​។ វេទិកា​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​ផ្ដល់ឱកាស​ក្នុងការ​ពង្រឹង​កិច្ចសហការ និង​ការយោគយល់​គ្នា​កាន់តែ​ប្រសើរ​ថែមទៀត​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​អន្តរជាតិ​សំខាន់ៗ មកពី​អាស៊ី អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ វេទិកា​នេះ​ក៏​នឹង​ពិនិត្យ​ពិភាក្សា​លើ​មធ្យោបាយ​នានា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន សំដៅ​ទប់​ទល់នឹង​បញ្ហា​ឆ្លងកាត់​ព្រំដែន​នេះ​។​

​សេចក្តីប្រកាស​បន្តថា ក្នុងអំឡុង​សង្គ្រាម​ច្រើន​ទសវត្សរ៍​កន្លងមក សម្បត្តិ​វប្បធម៌​ជាតិ​ជាច្រើន​ត្រូវបាន​លួច​នាំចេញ​ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា និង​បាន​ចរាចរ​ដាក់លក់​ក្នុង​ទីផ្សារ​សិល្បៈ​អន្តរជាតិ ខណៈ​បច្ចុប្បន្ន កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​សកល ដើម្បី​ស្វែងរក​មកវិញ​នូវ​រតនសម្បត្តិ​ជាតិ​របស់ខ្លួន​។

​នាពេល​ថ្មីៗ​នេះ កម្ពុជា​បានទទួល​មកវិញ​នូវ​ស្នាដៃឯក​ចំនួន ៣០ ​រូប ក្នុងនោះ​មាន រូបចម្លាក់ “​ព្រះ​គណេស​” និង “​ព្រះ​ស្កន្ទ​គង់​លើស​ត្វ​ក្ងោក​" តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក ​គឺជា​ជោគជ័យ​ដ៏​ធំធេង​។​

​អ្នកចូលរួម​ទាំងអស់​នឹង​បាន​ទៅ​ទស្សនា​ប្រាសាទ​កោះ​កេរ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៃ​កម្មវិធី​សន្និសីទ​នេះហើយ​នឹង​ឃើញ​ដោយ ផ្ទាល់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ចំពោះ​តំបន់​បេតិកភណ្ឌ​វប្បធម៌​។​

​សេចក្តីប្រកាស​បន្តថា បទពិសោធ​កន្លងមក​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការទាមទារ​មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ បានបង្ហាញ​ឱ្យឃើញ​ពី​ភាពជោគជ័យ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​បញ្ជូន​មកវិញ​នូវ​សម្បត្តិ វប្បធម៌​ជាតិ​ដែល​ត្រូវបាន​គេ​លួច​នាំចេញ​ដោយ​ខុសច្បាប់​។

​ក្រសួង​វប្បធម៌សង្ឃឹមថា កម្ពុជា​នឹង​អាច​ចែករំលែក​នូវ​បទពិសោធ​ទាំងនេះ សំដៅ​ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ប្រឆាំង ចំពោះ​ជន​ទុច្ចរិត​លួច​ប្លន់ និង​ទីផ្សារ​សិល្បៈ​ខុសច្បាប់ សម្រាប់​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ និង​ការផ្លាស់ប្តូរ​វប្បធម៌​៕