រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ជំរុញដល់កសិដ្ឋានគិរីសួគ៍ដែលជាកសិដ្នានកែច្នៃទឹកដោះគោស្រស់ដំបូងគេនៅប្រទេសកម្ពុជា ត្រូវបន្តសក្តានុពលរបស់ខ្លួន ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុក។
ការជំរុញនេះធ្វើឡើងក្នុងឱកាសលោក ហេង សួរ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង បានចុះទស្សនកិច្ចស្វែងយល់ពីចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១ខែកញ្ញានេះ។
ក្នុងដំណើរទស្សនកិច្ចនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់កសិដ្ឋាន ដែលបានជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជា នាំមកនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃផលិតផលនានាចេញពីទឹកដោះគោ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ជាមួយគ្នានេះដែរ លោកស្នើឱ្យកសិដ្ឋានរក្សាវិធានអនាម័យ ដើម្បីធានាបាននូវគុណភាពផលិតផលនានារបស់កសិដ្ឋាន ជាពិសេសស្នើឱ្យបងប្អូនបុគ្គលិកទាំងអស់ត្រូវខិតខំធ្វើការ ស្វែងយល់អំពីបច្ចេកទេស និងជំនាញក្នុងការផលិត ដើម្បីខ្មែរយើងអាចធ្វើដោយខ្លួនឯងបាន។
លោក ហេង សួរ ក៏បានជំរុញដល់សមាគមមិត្តយើង ក៏ដូចជាកសិដ្ឋានគិរីសួគ៍ បន្តបង្កើតឱកាសការងារ អាជីវកម្ម មិត្តភាព សាមគ្គីភាព និងបន្តកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋបន្ថែមទៀត។
លោក គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគីរីសួគ៍ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍គឺជាកសិដ្ឋានទឹកដោះគោទំនើបដំបូងគេនៅកម្ពុជា ដែលមានប្រតិបត្តិការពេញលេញលើផ្ទៃដី ៣០០ ហិកតា ក្នុងនោះមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។
លោកបន្តថា កសិដ្ឋានមានបុគ្គលិកចំនួន ១១០ នាក់ (បរទេស ៤ នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕