មណ្ឌលគិរីៈ របាយការណ៍បញ្ជាក់ថា ចំនួនសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅខេត្តមណ្ឌលគិរីនៅតែប្រឈមមុខនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារការដាក់អន្ទាក់ ការប្រើប្រាស់កាំភ្លើងបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ថា៖ «បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន»។
លោកបានថ្លែងថា ថ្វីដ្បិតតែចំនួនសត្វក្រចកជើងចម្ពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះ ប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។
លោកថ្លែងដូច្នេះកាលពីថ្ងៃទី ២ ខែកញ្ញា នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។
ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីការគ្រប់គ្រង និងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ ម៉ឺនហិកតា។
អ្នកនាំពាក្យរូបនេះថ្លែងថា គ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការច្បាប់និងវិធានការសេដ្ឋកិច្ច។
លោក នេត្រ ភក្ត្រា បន្តថា៖ «ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។
កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បានថ្លែងថា បើប្រៀបធៀបទិន្នន័យសត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ក្នុងរយៈពេល ១១ ឆ្នាំ ចុងក្រោយនេះ ចំនួនសត្វទន្សោងបានធ្លាក់ចុះចំនួន ៨៩ភាគរយ គឺពីចំនួន ៣ ០១៣ ក្បាលនៅឆ្នាំ ២០១០ មកនៅត្រឹម ៤៣៩ ក្បាល នៅឆ្នាំ ២០២២ នេះ៕