
ភ្នំពេញៈ លោក ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាត់ទុកដំណើរទស្សនកិច្ចរបស់អង្គទូតបរទេស និងក្រុមគ្រួសារលើកទី២ នេះ នឹងផ្តល់ឱកាសជូនអង្គទូតស្វែងយល់បន្ថែមពីកម្ពុជា និងពង្រឹងបន្ថែមការតភ្ជាប់រវាង កម្ពុជា និងបណ្តាប្រទេសនានាក្នុងសកលលោក។
លោក ញឹម ខេមរា ចាត់ទុកបែបនេះក្នុងពេលចូលរួមធ្វើជាអធិបតីភាពក្នុង “កម្មវិធីផ្ដល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតិសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ » នៅខេត្តសៀមរាប ដោយមានការចូលរួមពីអង្គទូតបរទេសចំនួន ១៩ ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ព្រមទាំងប្រតិភូថៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់ កាលពីថ្ងៃទី ២ ខែ កញ្ញា ២០២០។
កម្មវិធីនេះគឺជាដំណើរទស្សនកិច្ចសិក្សាលើកទី២ ជូនដល់អង្គទូតបរទេស និងក្រុមគ្រួសារ ទៅកាន់ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើម របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយមានការសហការជាមួយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ច្បាប់វិនិយោគថ្មី យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច២០២១-២០២៣ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចនិងទេសចរណ៍ក្រោយ វិបត្តិកូវីដ១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
លោក ញឹម ខេមរា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក អ៊ូ សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីស្ថានទូត ដែលបានផ្តួចផ្តើម ទស្សនកិច្ចនេះ ក្នុងន័យជំរុញការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ឱ្យកាន់ត មានប្រសិទ្ធភាពខ្ពស់។
ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូក៏មាន ជំនួបជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ទៀ សីហា អភិបាល ខេត្តសៀមរាបផងដែរ។ នៅល្ងាចថ្ងៃដដែល លោក ញឹម ខេមរា បានរៀបចំអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍ ប្រតិភូទាំងអស់ ហើយបានឆ្លៀតឱកាសនេះដើម្បីផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ សិល្បៈបុរាណ ក៏ដូចជាផលិតផលខ្មែរជាច្រើនផងដែរ៕