ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើចំនួន ៣ ចំណុច ដូចជាការពង្រឹងការអភិវឌ្ឍគ្រាប់ពូជល្អៗ ការកែច្នៃឱ្យបានកាន់តែច្រើន និងគាំទ្រច្រវាក់តម្លៃលើវិស័យកសិកម្ម ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស។
ការស្នើសុំកិច្ចសហការនេះបានធ្វើឡើងនាឱកាស លោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាចូលជួបពិភាក្សាការងារជាមួយលោក វេង សាខុន កាលពីថ្ងៃទី ០២ ខែកញ្ញា។
នាឱកាសនោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើន ដែលផលិតផលកសិកម្មមួយចំនួន ផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសជិតខាង។
លោករដ្ឋមន្ដ្រីថ្លែងថា៖ «វិស័យកសិកម្មកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អធិរាជស្បៀងជាង ៦,២ លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ»។
បើទោះជាយ៉ាងដូច្នេះក៏ដោយ លោក ប្រាក់ សុខុន បញ្ជាក់បន្ថែមថា កម្ពុជាមានផលិតផលកសិកម្មមួយចំនួនទៀតដែលមានសក្តានុពល តែបែរជាពុំអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឱ្យនាំចូលពីបរទេសបន្ថែម ដូចជា បន្លែ ជ្រូកសាច់ និងត្រី។
ដូច្នេះ ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស លោក វេង សាខុន បានស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើបញ្ហាចំនួន ៣ ដូចជា ស្នើពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ ដែលមានតម្រូវការខ្ពស់ ហើយដែលអាចធន់នឹងការបម្រែបម្រួលអាកាសធាតុ គាំទ្រឱ្យមានកិច្ចសហការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើនលើខ្សែច្រវាក់ផលិតកម្មកសិកម្ម ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម និងគាំទ្រគម្រោងអភិវឌ្ឍន៍លើចង្វាក់តម្លៃលើវិស័យកសិកម្ម។
ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ចសហការទាំងនេះ។ បន្ថែមពីលើនេះ លោកសាស្ត្រាចារ្យ Andrew Campbell និងលោក Pablo Kang បានវាយតម្លៃលើកិច្ចពិភាក្សាខាងលើនេះ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី កាន់តែមានចំណងមិត្តភាព និងកាន់តែរឹងមាំ សម្រាប់បច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ អូស្ត្រាលីបានប្រារព្ធខួបលើកទី ៧០ នៃភាពជាដៃគូជាមួយប្រទេសកម្ពុជា។ កន្លងមកនេះ អូស្ត្រាលីបានគាំទ្រកម្ពុជាលើកម្មវិធីស្រាវជ្រាវ តាមរយៈមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)៕