ព្រះសីហនុៈនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍បានសម្រេចប្រារព្ធពិធីបុណ្យសមុទ្រឆ្នាំ២០២២នេះ ដោយបន្ថែមពីរយៈពេល៣ថ្ងៃ ទៅដល់៥ថ្ងៃគឺចាប់ផ្តើមរៀបចំចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២២។
ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែធ្នូផងដែរក្រោមប្រធានបទ«ឆ្នេរនៃសន្តិភាពឆ្នេរនៃក្ដីសង្ឃឹម»។
អភិបាលរងខេត្តព្រះសីហនុលោកឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ដើម្បីបង្កើនភ្ញៀវទេសចរមកទស្សនាបុណ្យសមុទ្រឱ្យបានច្រើន អាជ្ញាធរខេត្តនិងក្រសួងទេសចរណ៍ បានសម្រេចបង្កើនរយៈពេលនៃថ្ងៃបុណ្យ ហើយកិច្ចការរៀបចំពិធីបុណ្យនេះទាំងមូល គឺក្រសួងទេសចរណ៍ជាប្រធាន ដោយសហការជាមួយអាជ្ញាធរខេត្ត។
លោកបានបន្តឱ្យដឹងដែរថា៖«ការត្រៀមបម្រុងទុករបស់យើងសព្វថ្ងៃនេះ តាមរយៈការប្រជុំកាលពីថ្ងៃ ទី០៣កញ្ញា គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើការរៀបចំផ្សេងៗរបស់អនុគណៈកម្មការមួយៗ ហើយក្នុងហ្នឹងបើនិយាយពីកម្មវិធីគឺមានបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកក្នុងនោះក៏កម្ពុជាក៏ជាសមាជិកមហាសន្និបាតដែរ»។
បន្ថែមលើនេះលោកអភិបាលរងខេត្តព្រះសីហនុ គូសបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងតែត្រៀមបណ្ដើរៗធ្វើការជាមួយគណៈកម្មការ ដើម្បីរៀបចំកម្មវិធីទាំងអស់។
សម្រាប់លោកឡុងឌីម៉ង់ ការរៀបចំពិធីបុណ្យសមុទ្រ ស្របពេលមានការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកផងនោះ វានឹងជំរុញកំណើនទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត៕