កណ្ដាលៈមានសំណល់ប្លាស្ទិកជាច្រើនត្រូវបានគេបោះចោលឬដុតបង្កជាផ្សែងពុលបណ្តាលឱ្យប៉ះពាល់សុខភាព ជាពិសេសកាកសំណល់ជ័រប្លាស្ទិក។ក៏ប៉ុន្តែមានសិប្បកម្មមួយឈ្មោះឥដ្ឋអេកូ(Eco-bricks)បានយកកាកសំណល់ជ័រប្លាស្ទិកដែលទទួលបានពីអង្គការក្រៅរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនក្នុង១ខែពី៥ទៅ១០តោនមកកែច្នៃផលិតជាឥដ្ឋអេកូបម្រើដល់វិស័យសំណងយ៉ាងមានគុណប្រយោជន៍រហូតប្រកួតឈ្នះពាន់រង្វាន់ឆ្នើមដល់ទៅ៤គ្រឿងទៀតផង ។
ស្ត្រី ១ រូបសុំមិនបញ្ចេញឈ្មោះជាប្រធានក្រុមហ៊ុនមួយដែលបានផ្តល់កាកសំណល់ប្លាស្ទិកឱ្យទៅសិប្បកម្មឥដ្ឋអេកូ(Eco-bricks)នេះបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា ការដែលក្រុមហ៊ុនរបស់អ្នកស្រីផ្តល់ជាកាកសំណល់ប្លាស្ទិកឱ្យទៅសិប្បកម្មកែច្នៃប្លាស្ទិកផលិតជាឥដ្ឋអេកូនេះគឺជាការចាប់អារម្មណ៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ម្យ៉ាងអ្នកស្រីមើលឃើញថាម្ចាស់សិប្បកម្មនោះចេះជ្រើសរើសយកសំណល់ប្លាស្ទិកទៅកែច្នៃជាឥដ្ឋអេកូដើម្បីប្រើប្រាស់ក្នុងវិស័យសំណង់។
លោក សុខ ធី ជាអ្នកកែច្នៃកាកសំណល់ប្លាស្ទិកផលិតជាឥដ្ឋអេកូនៅសិប្បកម្មដែលស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា មុនពេលលោកបើកសិប្បកម្មកែច្នៃឥដ្ឋពីកាកសំណល់សំរាមជ័រប្លាស្ទិកនេះគឺលោកបានទៅសិក្សាទ្រឹស្តីពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពិន ចិន ឥណ្ឌា រួមនឹងការសិក្សាដកបទ-ពិសោធតាមយូធូប និងតាមអ៊ីនធឺណិតផងដែរ។ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាលើជំនាញនេះ លោកបានបើកសិប្បកម្មជាលក្ខណៈទ្រង់ទ្រាយតូចកាលពីអំឡុងឆ្នាំ២០១៩ ប៉ុន្តែដោយសារលោកខ្វះដើមទុន និងខ្វះវត្ថុធាតុដើមទើបលោកពន្យារពេលរហូតដល់ឆ្នាំ២០២០។
លោកឱ្យដឹងថា នៅក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ សិប្បកម្មរបស់លោកគ្រាន់តែបានធ្វើតេស្តពិសោធលើគុណភាពឥដ្ឋតែប៉ុណ្ណោះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)ឬសាលាតិចណូ ហើយលោកបានចាប់ផ្តើមដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២០។
លោកបានរៀបរាប់ថា ចំពោះការផលិតឥដ្ឋអេកូនៅឆ្នាំដំបូងនោះ គឺលោកគ្មានម៉ាស៊ីនសម្រាប់កិនបំបែកជ័រប្លាស្ទិកទេ ហើយដើម្បីដំណើរការបានមានតែប្រើកម្លាំងពលកម្មកាត់ជ័រប្លាស្ទិកដោយកន្ត្រៃ ឬចិញ្ច្រាំនឹងកាំបិត។រីឯដីវិញដោយសារមិនទាន់មានម៉ាស៊ីនកិនស្វាយប្រវត្តិនោះលោកបានច្នៃដោយទិញគ្រឿងរថយន្តមកដំឡើងខ្លួនឯងទម្រាំតែដំណើរការស្រួលគឺលោកជួបផលលំបាក២ឆ្នាំ(២០១៩-២០២០)។
ទោះជាយ៉ាងណាក្ដី ដោយសារតែការខិតខំប្រឹងប្រែងរបស់លោក ហើយម្យ៉ាងដោយចង់ដឹងពីសមត្ថភាពខ្លួនឯងផងនោះលោកក៏បានប្រកួតជាមួយនឹងសិប្បកម្មកែច្នៃឥដ្ឋពីកាកសំណល់សំរាមប្លាស្ទិកដទៃទៀតចំនួន៤ប្រកួត ហើយជាលទ្ធផលគឺលោកទទួលបានពានរង្វាន់ឆ្នើមជាប់លេខ១ទាំង៤ប្រកួត។
ក្នុងនោះការប្រកួតលើកទី១ជាមួយក្រុមហ៊ុនទូរស័ព្ទស្មាតដែលមាន៤៤ក្រុមចូលរួម(ក្រុមផលិតឥដ្ឋកែច្នៃពីកាកសំណល់ប្លាស្ទិកដូចគ្នា)លើកទី២ប្រកួតនៅសាលាតិចណូ(២ប្រកួត)ឈ្នះជាប់លេខ១ទាំង២ប្រកួត និងប្រកួតចុងក្រោយមានឈ្មោះថា ពានរង្វាន់ធុរកិច្ចបង្កើតថ្មី គឺសិប្បកម្មរបស់លោកបានជាប់ចំណាត់ថ្នាក់លេខ១ និងទទួលបានពានរង្វាន់ដែរ។
លោកសុខ ធី បានបន្ថែមថា៖«ដោយសារទទួលបានថវិកាពីកម្មវិធីទាំង៤ប្រកួតនេះ យើងក៏យកទៅពង្រីកសិប្បកម្មបានកាន់តែធំជាងមុន។សព្វថ្ងៃនេះសិប្បកម្មខ្ញុំទទួលបានកម្មសិទ្ធិបញ្ញាពីក្រសួងពាណិជ្ជកម្ម និងទទួលបានបណ្ណមេត្រីបរិស្ថានពីលោករដ្ឋមន្ត្រីក្រសួងបរិស្ថានផង។ឥឡូវនេះយើងទទួលបានបណ្ណពីទីស្តីការគណៈរដ្ឋមន្ត្រីដែលបានទទួលស្គាល់ឥដ្ឋអេកូរបស់យើងជាភូមិ១ផលិតផល១ដែរ»។
បើតាមលោក សុខធី សិប្បកម្មរបស់លោកក្នុង១ខែ ត្រូវការសំណល់ប្លាស្ទិកពី៥តោនទៅ១០តោន ដើម្បីលាយផ្សំជាមួយវត្ថុធាតុដើម។បរិមាណកាកសំណល់ប្លាស្ទិកនេះបានជួយដល់បរិស្ថានក៏ដូចសង្គមច្រើនដោយសារជ័រប្លាស្ទិកត្រូវបានប្រមូលយកមកទីតាំងសិប្បកម្មរបស់លោក។មិនតែប៉ុណ្ណោះបានធ្វើឱ្យប្រជាពលរដ្ឋដែលបានដឹងពីការផលិតឥដ្ឋរបស់លោកផ្លាស់ប្តូរផ្នត់គំនិតពីការបោះចោលសំរាមប្លាស្ទិកពាសវាលពាសកាលឬដុតធុំក្លិនឈ្ងៀមបណ្តាលឱ្យខូចសុខភាព បែរមកជាយកសំណល់ប្លាស្ទិកនោះមកដោះដូរជាមួយសិប្បកម្មដោយក្នុងជ័រប្លាស្ទិក២គីឡូក្រាមគឺពួកគាត់អាចប្ដូរបានឥដ្ឋអេកូ១ដុំត្រឡប់ទៅវិញ។
លោកបានបញ្ជាក់ថា៖«យើងបានជួយបរិស្ថានត្រង់ថាយើងមិនបានបំពុលកាកសំណលកខ្វក់ស្អីទេ ផ្ទុយទៅវិញយើងមានតែជួយសម្អាតដល់បរិស្ថាន។ ឥដ្ឋរបស់យើងអត់ទៅកាប់ព្រៃយកមកដុតទេ តែឥដ្ឋរបស់យើងធ្វើតាមបច្ចេកទេសគឺគ្រាន់តែដាក់ហាលថ្ងៃ និងស្រោចទឹកវានឹងស្ងួតជួយទប់ស្កាត់ការកាប់ព្រៃឈើ ហើយមានភាពរឹងមាំល្អជាងឥដ្ឋក្រហម៥ទៅ៦ដង។អ៊ីចឹងជាការចូលរួមចំណែកជួយសម្អាតបរិស្ថានផង និងជួយក្នុងវិស័យសំណង់ផង ព្រោះឥដ្ឋអេកូខ្ញុំមានគុណភាពពី៥០ឆ្នាំឡើងទៅ»។
លោកសុខ ធី បញ្ជាក់ថា បច្ចុប្បន្ននេះ លោកបានលក់សិទ្ធិអាជីវកម្មទៅឱ្យក្រុមហ៊ុនផ្សេងៗបានជាង១០សាខាហើយដែលមានន័យថា ក្រុមហ៊ុនទាំងនោះបានទិញសិទ្ធិអាជីវកម្មពីលោក។ ដូច្នេះហើយលោកត្រូវតែបង្រៀនពីជំនាញបច្ចេកទេសនិងបង្រៀនពីការដំឡើងម៉ាស៊ីនផលិតឥដ្ឋអេកូជូនដល់សាខាទាំងនោះដើម្បីឱ្យចេះផលិតឥដ្ឋអេកូពីកាកសំណល់ប្លាស្ទិកដូចលោកដែរ។ លោកបានឱ្យដឹងថា ឥដ្ឋអេកូ ដែលលោកផលិត មាន៥ប្រភេទគឺទី១-ឥដ្ឋលាតធម្មតា ទី២-ឥដ្ឋឡាំងតូ ទី៣-ឥដ្ឋម៉ូដសម្បកឈើទី៤-ឥដ្ឋផ្កាភ្ញីទេស និងទី៥-ឥដ្ឋរូបនាគ។រីឯទំហំវិញមានបណ្តោយ២៥សង់ទីម៉ែត្រ ទទឹង១២,៥០សង់ទីម៉ែត្រ និងកម្ពស់១០សង់ទីម៉ែត្រ ហើយមានអតិថិជនគ្រប់ប្រភេទបានបញ្ជាទិញឥដ្ឋយកទៅសាងសង់សំណង់ផ្សេងៗ។
លោកប្រាប់ថា សិប្បកម្មផលិតឥដ្ឋអេកូរបស់លោក មានការចូលរួមពីអាជ្ញាធរ ហើយជាការអំពាវនាវរបស់លោកសូមឱ្យអង្គការក្រៅរដ្ឋាភិបាលជាពិសេសរាជរដ្ឋាភិបាលជួយគាំទ្រមិនត្រឹមតែលោកទេ តែជួយដល់សិប្បកម្មផលិតឥដ្ឋពីកាកសំណល់ប្លាស្ទិកផ្សេងទៀត។សូមឱ្យស្ថាប័នរដ្ឋជួយចូលរួមប្រើប្រាស់ឥដ្ឋអេកូ និងជួយផ្សព្វផ្សាយដល់ពលរដ្ឋឱ្យពួកគាត់ចេះកាត់បន្ថយការបោះចោលប្លាស្ទិក។ប៉ុន្តែ បច្ចុប្បន្នច្រើនតែជនបរទេសទេ ដែលបានជួយផ្តល់ជាកាកសំណល់ជ័រប្លាស្ទិកដល់សិប្បកម្មរបស់លោក ចំណែកខ្មែរវិញមិនសូវបានចូលរួមប៉ុន្មានទេ។
ជាមួយគ្នានេះ លោកសុខ ធី បានអំពាវនាវថា៖«ប្រសិនបើអាច រដ្ឋាភិបាលជួយគាំទ្រពួកយើងដែលពេលខ្លះអាចជួយជាទុនឬក៏ជួយជាបច្ចេកទេសឬជួយធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនកាន់តែល្អ។ព្រោះសព្វថ្ងៃពេលខ្លះយើងពិបាកក្នុងការលក់ឱ្យបានទូលំទូលាយ។យើងលក់បានសម្រាប់តែឯកជនទេ ប្រសិនបើបានរដ្ឋាភិបាលជួយផ្សព្វផ្សាយទៅមានការសហការជួយជ្រោមជ្រែងទៅ យើងអាចលក់ផលិតបានកាន់តែច្រើន ឬលក់បានកាន់តែច្រើនទៅក៏វាល្អប្រសើរដែរ»។
ពាក់ព័ន្ធការកែច្នៃកាកសំណលសំរាមឱ្យទៅជាវត្ថុប្រើប្រាស់បាននេះកញ្ញា ភាព ច័ន្ទជាលីន ជាជំនួយការផ្នែកទីផ្សារនៃអង្គការសម្អាតទន្លេសមុទ្របានថ្លែងថា ការកែច្នៃពីសំណល់សំរាមដែលគេគិតថាគ្មានប្រយោជន៍មកជាវត្ថុមានប្រយោជន៍នេះគឺកញ្ញាសប្បាយចិត្តដោយសារឃើញមានក្រុមហ៊ុនក្នុងស្រុកឬអង្គការក្រៅរដ្ឋាភិបាលមានសមត្ថភាពច្នៃឡើងវិញបាន។ករណីនេះមិនថាកែច្នៃជាប្រភេទវត្ថុអ្វីទេឱ្យតែជាវត្ថុប្រើប្រាស់បាន ព្រោះមានអ្នកខ្លះទៀតគាត់កែច្នៃជាកៅអីអង្គុយឬក៏ជាអ្វីផ្សេងៗទៀត។
កញ្ញា ច័ន្ទជាលីន ថា៖«ទាំងអស់នេះសុទ្ធតែជារឿងដែលល្អប្រសើរទាំងអស់ សំរាមដែលយើងគិតថា ជារបស់មួយគ្មានតម្លៃ ជាជាងដែលយើងយកទៅបោះចោលនៅកន្លែងចាក់សំរាម។ តែយើងយកវាមកកែច្នៃឡើងវិញគឺវាពិតជាប្រសើរមែនទែន ព្រោះបើយើងយកទៅកន្លែងចោលសំរាមគឺវានៅតែបំពុលដដែលហ្នឹង។បើយើងកែច្នៃឡើងវិញវាកាត់បន្ថយនូវការបំពុល ហើយវាល្អប្រសើរសម្រាប់បរិស្ថានយើងទៀត»។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញថា សំរាមដែលប្រមូលនៅក្នុងរាជធានីភ្នំពេញក្នុង១ថ្ងៃមានជាង១ម៉ឺនតោន និងជិត៤លានតោនក្នុង១ឆ្នាំ។ សំរាមទាំងនោះមាន៦៥ភាគរយជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ថង់ប្លាស្ទិក ក្នុងនោះមាន១០ភាគរយអាចកែច្នៃជាវត្ថុប្រើប្រាស់ឡើងវិញបាន៕