ភ្នំពេញៈរាជរដ្ឋាភិបាល កំពុងដាក់គោលដៅជំរុញការលក់ឥណទានកាបូន ដោយពង្រីកនៅលើតំបន់ការពារធម្មជាតិទាំងអស់ ក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រសួងបរិស្ថាន កំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។ នេះបើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា ថ្លែងក្នុងពេលសន្និសីទសារព័ត៌មានអំពីការបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា លើកទី៦ នៅខេត្តរតនគិរី កាលពីថ្ងៃទី ៣ ខែកញ្ញាថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ យើងមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន (Carbon Credit) ក្នុងគម្រោងរេដបូក គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។
លោកបញ្ជាក់ថា៖ «គោលដៅរបស់យើង គឺជំរុញឱ្យការលក់ឥណទានកាបូននេះ ពង្រីកនៅលើតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជារបស់យើង ព្រោះថា ជាមួយនឹងកត្ដាសុខសន្ដិភាពពេញលេញ និងលទ្ធភាពពេញលេញ ធ្វើឱ្យការអភិរក្សរបស់យើង មានភាពប្រសើរ»។
លោកបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៦ កន្លងមកក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន ៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូក ទាំង ៣ ខាងលើនេះ កន្លងមក បានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦ លាន ដុល្លារអាមេរិក ដែលថវិកាទាំងនេះ ត្រូវបានបែងចែកលើការងារអភិរក្សបរិស្ថាន។
គម្រោងរេដបូកទាំង ៣ ខាងលើ គ្របដណ្តប់ទៅលើ ផ្ទៃដីប្រមាណ ១,២៧ លានហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ កម្ពុជា បានឈានដល់របត់ថ្មីមួយទទួលបានចំណូលពីការអភិរក្ស ធនធានធម្មជាតិរបស់ខ្លួន។ ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)»។
លោកបញ្ជាក់ថា នេះគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជា នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន ហើយបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូល មកប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។
លោកបន្តថា កាលដែលកម្ពុជាទទួលបានជោគជ័យ លើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជាលើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងរូបភាពថា កម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេ លើពិភពលោក។
លោក ភក្រ្ដា បញ្ជាក់ បន្តថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន កំពុងតែរៀបចំការលក់លឥណទានកាបូននេះ នៅដែនជម្រកសត្វព្រៃសំកុស នៅក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ក៏កំពុងធ្វើនៅដែនជម្រកសត្វព្រៃមួយចំនួនទៀតដែលកំពុងរកអង្គការដៃគូ ក្នុងនោះមានដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃកូលែនព្រហ្មទេពជាដើម។
លោកបថ្លែងថា អ្វីដែលក្រសួងបរិស្ថាន និងអង្គការដៃគូកំពុងតែធ្វើនៅក្នុងការជំរុញបន្ថែម គឺដែនជម្រកសត្វព្រៃលំផាត់នៅក្នុងខេត្តរតនគិរី ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៅមណ្ឌលគិរី។
លោកបន្តថា៖ «ខ្ញុំជឿថា តាមរយៈផលចំណូល ចេញពីឥណទានកាបូននេះ នឹងធ្វើឱ្យសហគមន៍ និងភាគីពាក់ព័ន្ធនានាមើលឃើញអំពីតម្លៃនៃការថែរក្សាការពារធនធានធម្មជាតិរបស់យើងដើម្បីជាផលប្រយោជន៍ និងលុបបំបាត់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា»៕