រតនគិរីៈ ក្រសួងបរិស្ថាន និងអង្គការដៃគូនៅថ្ងៃទី ៤ ខែកញ្ញាបានបើក «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នៅភូមិសាស្ដ្រខេត្តរតនគិរី ដែលជាខេត្តចុងក្រោយ ក្នុងចំណោមខេត្តគោលដៅចំនួន ៦ នៅខាងកើតទន្លេមេគង្គ ក្រោយការអនុវត្ត ៥ លើក ក្នុង ៥ ខេត្តកន្លងមកនេះ បានបញ្ជ្រាបទៅដល់ពលរដ្ឋជាង ៣ លាននាក់ តាមរយៈអត្ថបទព័ត៌មានជាង ៣០០ អត្ថបទ ផ្សព្វផ្សាយដោយស្ថាប័នព័ត៌មាននានានៅលើបណ្ដាញសង្គម។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែង បើកយុទ្ធនាការនេះនៅក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី ៤ ខែកញ្ញាថា ក្រោយបិទបញ្ចប់យុទ្ធនាការជំហានទី ១ នៃខេត្តចំនួន ៦ នៅតំបន់ភាគខាងកើតទន្លេមេគង្គ ក្រសួងបរិស្ថាននឹងបន្តដឹកនាំអង្គការដៃគូធ្វើយុទ្ធនាការអន្ទាក់សូន្យនេះនៅខេត្តមួយចំនួនទៀត នៅតំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងនោះមានខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តព្រះសីហនុផងដែរ។
លោកថ្លែងថា៖ «ជាចក្ខុវិស័យជារួមទៅមុខ សម្រាប់ខេត្ត ដែលស្ថិតនៅខាងកើតទន្លេមេគង្គ ដែលមាន ៦ ខេត្ត គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី យើងនឹងធ្វើការបូកសរុបក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ ២០២២»។
លោកបន្ថែមថា៖ «ហើយយើងនឹងប្រមូលនូវទិន្នន័យដែលពាក់ព័ន្ធ និងការផ្ដល់មតិយោបល់ត្រឡប់មកវិញថា តើយុទ្ធនាការរបស់យើងក្នុងរយៈពេល ៦ ខែកន្លងមកនេះ វាបានផ្ដល់ផលជាវិជ្ជមាន និងអវិជ្ជមានយ៉ាងណាខ្លះ»។
លោកបញ្ជាក់ថា បន្ទាប់ទៅមុខទៀត ក្រសួងនឹងធ្វើការវាយតម្លៃទៅលើទិន្នន័យ ដែលទទួលបានហើយនឹងបន្តទៅការអនុវត្តយុទ្ធនាការនេះជំហានទី ២។
លោកបញ្ជាក់ថា៖ «មានន័យថា យុទ្ធនាការអន្ទាក់សូន្យ ដែលយើងបាននិងកំពុងតែធ្វើនេះ គឺមិនមែនមានន័យថា ៦ ខែចប់ គឺចប់ទេ។ យើងនឹងធ្វើជាលក្ខណៈភ្លៀងរលឹម»។
លោកបន្តថា ក្រសួងបរិស្ថាន និងអង្គការដៃគូក៏មានគោលបំណងមួយចំនួនទៀតនៅជំហានបន្ទាប់ ក្នុងនោះមានការពង្រឹងក្រុមការងារអនុវត្តច្បាប់នៅតាមខេត្ត ដើម្បីអន្តរាគមន៍ភ្លាមៗក្នុងការអនុវត្តច្បាប់ ឬក៏ការអប់រំ ការចុះកិច្ចសន្យា អប់រំអ្នកដែលប្រព្រឹត្តបទល្មើស គឺជាកិច្ចការងារអាទិភាព។
លោកឱ្យដឹងថា តាមរយៈការអនុវត្តយុទ្ធនាការកន្លងមកនេះ រដ្ឋបាលខេត្តដែលបានធ្វើយុទ្ធនាការនេះ គឺបានបង្ហាញនូវការគាំទ្រពេញទំហឹងទៅលើយុទ្ធនាការអន្ទាក់សូន្យនេះ។ នេះជាឆន្ទៈរួមរបស់រដ្ឋបាលខេត្ត ដែលមានតួនាទីការពារ និងអភិរក្សធនធានធម្មជាតិនៅថ្នាក់ក្រោមជាតិ។ សកម្មភាពនេះក៏ជាការបង្ហាញនូវឆន្ទៈរួមរបស់រាជរដ្ឋាភិបាលរបស់អង្គការដៃគូរបស់សហគមន៍ការពារធម្មជាតិ របស់អ្នកដែលស្រឡាញ់បរិស្ថាន ស្រឡាញ់សត្វព្រៃក្នុងគោលដៅរួម ដើម្បីកាត់បន្ថយអន្ទាក់ និងផ្ដល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។
លោកថ្លែងថា៖ «ដូច្នេះសម្រាប់ភូមិភាគឦសាននេះបណ្ដាខេត្តទាំង ៦ នេះ យើងនឹងបន្តសកម្មភាពបន្ថែមទៀត តែជាមួយនឹងផែនការថ្មីជាមួយនឹងគោលដៅថ្មី ហើយជាមួយនឹងសកម្មភាពថ្មី តែបម្រើឱ្យគោលដៅចាស់ គោលបំណងចាស់របស់យើង គឺការផ្ដល់សុវត្ថិភាពដល់សត្វព្រៃ និងកាត់បន្ថយអន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិ»។
លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបង្ហាញរបាយការណ៍ដែលបានរៀបចំក្នុងខេត្តចំនួន ៥ ដែលបានរៀបចំ ៥ លើកកន្លងមកនេះ គឺមានការចូលរួមដោយផ្ទាល់ពីសិក្ខាកាមដែលបានចូលរួមក្នុងខេត្តទាំង ៥ កន្លងមកនេះ មានចំនួន ២ ៥៩៥ នាក់។ ក្នុងនោះមានតំណាងមកពីខាងរដ្ឋាភិបាល អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិលនានា សហគមន៍ និងប្រជាពលរដ្ឋ សិស្សានុសិស្ស តាមបណ្ដាខេត្តនីមួយៗ។
លោកឱ្យដឹងថា ចំណុចមួយដែលសំខាន់តាមរយៈយុទ្ធនាការនេះបានធ្វើនៅខេត្តនីមួយៗ ដោយបានផ្សព្វផ្សាយតាមរយៈរ៉ឺម៉កកង់ ៣ អំពីសារៈសំខាន់ៗអំពីយុទ្ធនាការ ដោយអាជ្ញាធរខេត្ត និងអង្គការដៃគូ ដែលបានផ្សព្វផ្សាយរយៈពេល ៣០ ថ្ងៃ។ ក្នុងនោះក៏មានប្រព័ន្ធផ្សព្វផ្សាយវិទ្យុនៅក្នុងខេត្តក៏បានចូលរួម ផ្សព្វផ្សាយនៅតាមខេត្តនីមួយៗផងដែរ។
លោកថ្លែងថា៖ «មានបណ្ដាញសង្គមមួយចំនួន ដូចជា ហ្វេសប៊ុក ធ្វីតធើ លីងអ៊ីន និងយូធូបជាដើម បានផ្សព្វផ្សាយសារអំពីយុទ្ធនាការអន្ទាក់សូន្យនេះ។ ដូច្នេះជារួមសារដែលបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋតាមរយៈទិន្នន័យដែលយើងកត់ត្រាបានមានអត្ថបទព័ត៌មានជាង ៣០០ អត្ថបទ និងចំណងជើង ដែលបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិបានធ្វើការផ្សព្វផ្សាយ»។
លោក សេង ទៀក បន្ថែមថា៖ «ហើយតាមការវាយតម្លៃក្នុងអត្ថបទព័ត៌មានជាង ៣០០ អត្ថបទនេះបានផ្សព្វផ្សាយបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋប្រមាណជាង ៣ លាននាក់នៅក្នុងស្រុករបស់យើងដែលយើងបានកត់ត្រា»។
លោកឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយនេះក៏មានប្រតិកម្មត្រឡប់ពីសាធារណជនមានលក្ខណៈវិជ្ជមានច្រើន ក្នុងនោះមានប្រតិកម្មត្រឡប់តាមបណ្ដាញសង្គមនានាជាដើម។
បើតាមប្រធានអង្គការរូបនេះ សកម្មភាពធ្វើយុទ្ធនាការ ៥ លើកកន្លងមកនេះ បានរៀបចំឡើងស្រដៀងគ្នានៅតាមបណ្ដាខេត្តនីមួយៗ។ តាមរយៈយុទ្ធនាការនេះក្រុមការងារបានដាក់ឱ្យប្រើប្រាស់នូវរបាយការណ៍បច្ចេកទេសសំខាន់ៗ មួយចំនួនដូចជារបាយការណ៍សត្វក្តាន់ សត្វត្មាត និងរបាយការណ៍អភិរក្សសត្វដំរីជាដើម។ ក្រុមការងារក៏បានដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពីយុទ្ធនាការនៅគ្រប់ខេត្តគោលដៅ និងបានរៀបចំក្បួនយុទ្ធនាការ ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការតាមខេត្តនីមួយៗផងដែរ។
លោកបន្តថា៖ «ក្នុងនោះមាន ៥២ ភោជនីយដ្ឋានក្នុងខេត្តគោលដៅទាំង ៦ បានសន្យាមិនលក់សាច់សត្វព្រៃ ដែលក្នុងនោះខេត្តមណ្ឌលគិរីមាន ៣៦ ភោជនីយដ្ឋានបានចុះកិច្ចសន្យា»។
លោកបង្ហាញក្តីសង្ឃឹមថា តាមរយៈយុទ្ធនាការនេះនឹងមានការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់នៃវិបត្តិអន្ទាក់ដល់ប្រជាពលរដ្ឋ និងសហគមន៍បន្ថែមទៀត។ ចំណែកលទ្ធផលសំខាន់ដែលកើតឡើងពីយុទ្ធនាការនេះ គឺរបៀបធ្វើការរួមគ្នារវាងក្រសួង អាជ្ញាធរ និងអង្គការសង្គមស៊ីវិល។
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រពេញទំហឹងចំពោះការធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ។ លោកបញ្ជាក់ថា លោកនឹងភ្ជាប់យុទ្ធនាការនេះទៅក្នុងវេទិកាសាធារណៈ និងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ជារៀងរាល់កិច្ចប្រជុំនានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ។
លោក សំអឿន បានថ្លែងថា៖ «អ៊ីចឹងទេ អ្វីដែលយើងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងផ្លាស់ប្ដូរឥរិយាបថ បញ្ឈប់ការបរបាញ់ ជួញដូរ និងបរិភោគសាច់សត្វព្រៃ។ យើងមានវិធានការច្បាប់ និងលិខិតបទដ្ឋានផ្សេងៗទៀតចំពោះបទល្មើសបរបាញ់ និងជួញដូរសាច់សត្វព្រៃនេះ»។
លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរីនឹងដាក់បម្រាមនៅគ្រប់ទីផ្សារក្នុងខេត្ត ទីប្រជុំជន ជាពិសេសនៅតាមភោជនីយដ្ឋានដែលតែងតែទទួលយកសាច់សត្វព្រៃ មកធ្វើម្ហូបអាហារជូនភ្ញៀវ អំពីបញ្ហាវិបត្ដិអន្ទាក់ និងការបរិភោគសាច់សត្វព្រៃនេះ។
លោកបានបញ្ជាក់ថា៖ «យើងដឹងហើយថា នៅពេលដែលភោជនីយដ្ឋានបញ្ឈប់ទិញសាច់សត្វព្រៃ អ្នកប្រមាញ់ក៏នឹងបញ្ឈប់ការបរបាញ់ដែរ ពីព្រោះគ្មានអ្នកទិញ»។
ក្រសួងបរិស្ថានបានផ្តួចផ្តើមគំនិត និងដឹកនាំអង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិដៃគូ ធ្វើការងារលើការអភិរក្ស ធ្វើយុទ្ធនាការអន្ទាក់សូន្យ ដែលរហូតមកដល់ពេលនេះបានធ្វើនៅភូមិសាស្ត្រខេត្តចំនួន ៦ រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ ហើយខេត្តរតនគិរី ទើបនឹងបើកយុទ្ធនាការអន្ទាក់សូន្យនេះ នាថ្ងៃទី ៤ ខែកញ្ញា៕