ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា សេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថែទាំសុខភាពបឋមនៅកម្ពុជា (Primary Healthcare Booster Implementation Framework) គ្រោងបញ្ចប់នៅខែតុលា ឬត្រឹមចុងឆ្នាំ ២០២២ នេះ ហើយនឹងត្រូវដាក់អនុវត្តតាមដំណាក់កាល និងនៅគ្រប់ខេត្តទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមបានឱ្យដឹងថា ការអនុវត្តនូវការជំរុញការបង្កើនការងារថែទាំសុខភាពបឋម គឺជាការងារចាំបាច់ដោយសារវាមានសារៈសំខាន់សម្រាប់សហគមន៍នាពេលខាងមុខ។
លោកស្រី មានប្រសាសន៍ថា៖ «ក្នុងរយៈពេល ១០ ទៅ ២០ ឆ្នាំទៅមុខទៀតនេះ យើងរំពឹងថា ប្រជាពលរដ្ឋរបស់យើងនឹងអាចកែប្រែនូវទម្លាប់ ឬរបៀបរបបនៃការរស់នៅរបស់យើង ដើម្បីឆ្ពោះទៅធ្វើយ៉ាងណាឱ្យមានសុខភាពល្អ ជាពិសេសគឺការជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ និងសហគមន៍ទៅលើការថែទាំសុខភាពបឋម»។
ក្នុងរយៈពេល ២ ថ្ងៃក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថែទាំសុខភាពបឋមនៅកម្ពុជា ក្រុមការងារនឹងពិនិត្យលើការអនុវត្តក្របខ័ណ្ឌនេះទៅតាមដំណាក់កាល ហើយតាមការឯកភាពគឺការអនុវត្តនេះអាចដាក់ចេញជា ៥ ដំណាក់កាល។
បើតាមលោកស្រី ឱ វណ្ណឌីន ដំណាក់កាលទី១ គឺមានការរៀបចំចាប់ពីដើមឆ្នាំ ២០២២ រហូតមកដល់ចុងឆ្នាំនេះ។ ចំណែកដំណាក់កាលទី២ គឺការសម្រេចជ្រើសរើសទីតាំងដែលនឹងត្រូវយកទៅអនុវត្តក្របខ័ណ្ឌនេះ ដែលក្រុមការងារនឹងសម្រេចដោយមិនឱ្យលើសពី ៥ កន្លែងនោះឡើយ។
លោកស្រីបានបញ្ជាក់ថា៖ «ដំបូងគឺយើងត្រូវធ្វើការជ្រើសរើសទីតាំងយកតែ ៥ កន្លែងទេ ដែលវាអាចជាភូមិក្តី ឬជាឃុំក្តី ក្នុង ៤ ឬ ៥ ខេត្តប៉ុណ្ណោះ ដែលទីតាំងទាំងនេះ ក្រុមការងារនឹងធ្វើការសម្រេចចុងក្រោយនៅពេលខាងមុខទៀត»។
សម្រាប់ដំណាក់កាលទី៣ គឺត្រូវអនុវត្តនៅគ្រប់ភូមិ ឃុំនៅក្នុងខេត្តដែលក្រុមការងារបានជ្រើសរើសយកមកអនុវត្តក្នុងដំណាក់កាលទី២ ដោយសារនៅដំណាក់កាលទី២ គឺយកតែ ១ ភូមិ ឬ ១ ឃុំ ឬ ២ ឃុំប៉ុណ្ណោះ។ ដូច្នេះនៅក្នុងដំណាក់កាលទី៣ នេះ នឹងត្រូវអនុវត្តឱ្យគ្រប់ភូមិ/ឃុំតែម្តង។
លោកស្រីថា៖ «អ៊ីចឹង! បន្ទាប់ពីធ្វើក្នុងដំណាក់កាលទី៣ ហើយ យើងនឹងធ្វើការសម្រេចថា តើប៉ុន្មានខេត្តទៀតដែលយើងត្រូវអនុវត្តក្នុងដំណាក់កាលទី៤ បន្ទាប់មកនឹងមានការវាយតម្លៃបន្តទៀត ដោយសារយើងត្រូវប្រើទៅតាមអភិក្រមរបស់យើងគឺធ្វើការសម្របសម្រួល និងសម្រេច (do,adopt and archive)»។
មន្ត្រីរូបនេះដដែលបញ្ជាក់ថា នៅដំណាក់កាលទី៥ ដែលជាដំណាក់កាលចុងក្រោយគឺការអនុវត្ត សម្រាប់ខេត្តនៅសល់ ហើយត្រូវចូលរួមទាំងអស់។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «អ៊ីចឹង! នៅក្នុងដំណាក់កាលទាំង ៥ នេះ យើងរំពឹងថា យើងអាចធ្វើចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣០ ហើយដែលពេលនេះគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលទី ១ នៅឡើយ ដោយសារយើងទើបតែចាប់ផ្តើមរៀបចំនៅដើមឆ្នាំនេះ»។
លោកស្រីបញ្ជាក់ថា៖ «សេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថែទាំសុខភាពបឋមនៅកម្ពុជានេះយើងគ្រោងធ្វើយ៉ាងណាឱ្យបញ្ចប់នៅក្នុងខែតុលាខាងមុខនេះ ប៉ុន្តែយើងក៏មិនអាចឱ្យហួសពីឆ្នាំ ២០២២ នេះទេ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងកាលពីថ្ងៃទី ២ ខែកញ្ញា ក្នុងកិច្ចប្រជុំរវាងក្រសួងសុខាភិបាលជាមួយក្រុមដៃគូសុខាភិបាលថា វិស័យសុខាភិបាលមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ពិសេសផ្នែកសុខភាពមាតា កុមារ និងទារក រួមទាំងការចាក់ថ្នាំបង្ការ បានកាត់បន្ថយនូវអត្រាមរណភាពមាតា កុមារ និងទារកផងដែរ។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា ការជំរុញការថែទាំសុខភាពបឋម (PHC Booster) គឺជាមធ្យោបាយល្អមួយ ដើម្បីសម្រេចបាននូវការថែទាំសុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកថា៖ «ការជំរុញនេះ នឹងនាំឱ្យមានការផ្តល់សេវាសុខភាពសំខាន់ៗខិតកាន់តែទៅជិតសហគមន៍ និងប្រជាជនដែលមានតម្រូវការ ដូចជា ពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ។ ដូចនេះបានជាយើងសម្រេចចិត្តបង្កើតក្រុមការងាររបស់ក្រសួងសុខាភិបាលនៅដើមឆ្នាំ ២០២២ នេះ ដើម្បីគ្រប់គ្រង និងបង្កើតក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC) នៅកម្ពុជា»៕