ភ្នំពេញៈ អ្នកវិភាគ បានលើក-ឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ពិភពលោកត្រូវពើបប្រទះនឹងប៉ូលមហាអំណាចដល់ទៅ ៣ ក្នុងភូមិសាស្ត្រនយោបាយអន្តរជាតិ។ ប៉ូលទី៣ នោះ គឺរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែទោះយ៉ាងណា ប៉ូលភូមិសាស្ត្រនយោបាយទី៣ របស់រុស្ស៊ីមិនសូវមានឥទ្ធិពលដល់កម្ពុជានោះទេ ក៏ព្រោះតែកម្ពុជាមានការជាប់ប្រទាក់ក្រឡាគ្នាខ្លាំងនៅចំចំណុចកណ្ដាលនៃការប្រជែងអំណាចរវាងប៉ូលអាមេរិក និងប៉ូលចិន។
លោក ពុយ គា អ្នកឆ្លងឆ្លើយព័ត៌មានក្យូដូ (Kyodo) ជប៉ុនប្រចាំកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិអស់ជាច្រើនទសវត្សរ៍ បានលើកឡើងថា កាលពីមុនវិបត្តិធំៗរបស់ពិភព-លោកមានដូចជា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ ដោយឡែក ក្នុងតំបន់ឯណេះវិញបញ្ហាថ្មីដែលទើបលេចឡើង គឺវិបត្តិនៅភូមា និងបញ្ហាកោះតៃវ៉ាន់ ដែលជាចំណុចរសើបថ្មីសម្រាប់ពិភពលោក។ ប៉ុន្តែបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះគឺ «សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី»។
លោកពុយ គា មានប្រសាសន៍ថា៖ «ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ យើងឃើញហើយថា កាលពីមុនមានប៉ូលរវាងអាមេរិកនិងចិន។ ក៏ប៉ុន្តែសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននេះបង្កើតបាននូវប៉ូលមួយទៀតដែលមហាអំណាចធំៗពាក់ព័ន្ធក្នុងជម្លោះនោះគឺ អាមេរិក ចិន និងរុស្ស៊ីនេះតែម្តង»។ វិបត្តិធំៗទាំងអស់នេះ កើតឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន។
នេះជាអម្រែកដ៏ធ្ងន់សម្រាប់កម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួល និងធ្វើសេចក្តីសម្រេចនានា ជាពិសេសការធ្វើសេចក្តីថ្លែងការណ៍រួម ទាំងជាមួយបណ្តាប្រទេសដៃគូ និងបណ្តាប្រទេសពាក់ព័ន្ធក្នុងជំហរអាស៊ាន។ នៅក្នុងក្របខ័ណ្ឌកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននាឆ្នាំ ២០២២ នេះ លោក ពុយ គា បានពោលសរសើរដល់សមត្ថភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងជាពិសេសលោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលអាចបញ្ចៀសកម្តៅនៃការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច រហូតអាចដឹកនាំកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានបានដោយជោគជ័យកាលពីពេលថ្មីៗនេះ។
លោក ពុយ គា ថា លោកមិនបានមើលឃើញពីចំណុចចន្លោះប្រហោងរបស់កម្ពុជា នៅក្នុងការបំពេញតួនាទីជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននាឆ្នាំ ២០២២ នេះទេ។ លោកថា៖ «ផ្ទុយទៅវិញ ខ្ញុំមើលឃើញពីការរៀបចំ និងការត្រៀមលក្ខណៈបានល្អជាពិសេសរបៀបបញ្ចុះបញ្ជូល ឬ Lobby ជាមួយបណ្តាប្រទេសមួយចំនួន ដែលមានជំហររឹងត្អឹងនៅក្នុងតំបន់និងពិភពលោក។ យ៉ាងណាក៏ដោយ ដោយសារតែភាពទន់ភ្លន់ និងភាពវៃឆ្លាតរបស់រដ្ឋមន្ត្រីនិងមន្ត្រីការបរទេសកម្ពុជា កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅដោយជោគជ័យ»។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ ដែលមានតំណាងប្រទេសចំនួន ៣៩ ប្រទេសបានចូលរួម។ ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈម ដោយទាមទារឱ្យអាស៊ានត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីនៃការរួបរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ត្រឡប់មកចាប់អារម្មណ៍ពីប៉ូលភូមិសាស្ត្រនយោបាយពិភពលោកវិញ។ សម្រាប់លោក ពុយ គា ទោះបីជារុស្ស៊ី បានក្លាយជាប៉ូលភូមិសាស្ត្រនយោបាយទី៣ រួចទៅហើយក្តី តែប៉ូលនេះមិនសូវមានឥទ្ធិពលដល់កម្ពុជានោះទេ។ នោះក៏ព្រោះតែកម្ពុជាមានការជាប់ប្រទាក់ក្រឡាគ្នាខ្លាំង ពោលគឺកម្ពុជាស្ថិតនៅចំណុចកណ្ដាលនៃការប្រជែងអំណាចរវាងប៉ូលអាមេរិក និងប៉ូលចិន។
លោក ពុយ គា បន្តថា៖«ជារួមទៅយើងធ្លាប់មានទំនាក់ទំនងនឹងគ្នា [កម្ពុជា-រុស្ស៊ី] នៅក្នុងទសវត្សរ៍៨០ ហើយក្រោយៗមក ទំនាក់ទំនងជាមួយរុស្ស៊ីមានលក្ខណៈធម្មតាៗទេ។ អ៊ឹចឹងទាំងផ្នែក-សេដ្ឋកិច្ចនិងនយោបាយកម្ពុជាបានសម្លឹងនិងធ្វើការសំខាន់ច្រើនជាងជាមួយចិននិងសហរដ្ឋអាមេរិកបើប្រៀបធៀបទៅនឹងរុស្ស៊ី»។
អ្នកតាមដានបញ្ហានយោបាយអន្តរជាតិរូបនេះមើលឃើញថា ឥទ្ធិពលចិន និងសហរដ្ឋអាមេរិក នៅតែមានទម្ងន់ជាសកលជាពិសេសមកលើកម្ពុជា ខណៈឥទ្ធិពលរុស្ស៊ីនៅតែមានកម្រិត។ បើតាមលោក ពុយ គា ប៉ូលរុស្ស៊ីមានទម្ងន់តែចំពោះប្រទេសកុម្មុយនីស្តតួយ៉ាង កូរ៉េខាងជើង ចិន វៀតណាមនិងគុយបា តែប៉ុណ្ណោះ។
សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាវិញ លោកយល់ឃើញថា ប៉ូលរុស្ស៊ីដែលជាប៉ូលទី៣ នោះ វាស្ថិតនៅជាស្រមោលនៅឡើយ មិនទាន់លេចចេញជារូបរាងច្បាស់ដូចប៉ូល ២ ទៀត គឺចិន និងសហរដ្ឋអាមេរិកនោះទេ។
ប៉ុន្តែដោយឡែក កម្ពុជាបានប្រកាន់យកជំហរផ្ទាល់ខ្លួនមិនអន្ទងតាមចិន ឬសហរដ្ឋអាមេរិកឡើយ ហើយកម្ពុជាតែងចង់ឱ្យមានកិច្ចចរចាដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាជាងការប្រើកម្លាំងយោធា។ សម្រាប់លោកគិន ភា កម្ពុជាឈរលើគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាជាងទោរទន់ទៅតាមឥទ្ធិពលរបស់មហាអំណាចនានា ជាពិសេសគឺក្នុងអន្ទាក់នៃប៉ូលភូមិសាស្ត្រនយោបាយទាំង ៣ នេះ។
លោកថ្លែងថា៖«សម្រាប់ខ្ញុំមើលឃើញថា កម្ពុជាតែងគោរពខ្ជាប់ខ្ជួនតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ តាមច្បាប់អន្តរជាតិ ដោយចង់បានសន្តិភាព គេហៅថា Rule of International Order។ តាមការសង្កេតរបស់ខ្ញុំកម្ពុជា មានជំហរផ្ទាល់ខ្លួន មិនផ្តេកផ្តួលតាមសហរដ្ឋអាមេរិកឬក៏ចិនឡើយ ហើយយើងមើលឃើញជាក់ស្តែង តាមរយៈការបោះឆ្នោតទាំង ២ លើកនៅអង្គការសហប្រជាជាតិ ដោយកម្ពុជាបោះឆ្នោតប្រឆាំងទៅនឹងការឈ្លានពាន របស់រុស្ស៊ីម្តងជា Co-Sponsor (សហ-ផ្តួចផ្តើម)ផង និងម្ដងទៀតនៅពេលគេបោះឆ្នោតព្យួរសមាជិកភាព របស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កម្ពុជាបានបោះឆ្នោតអនុបវាទ»។
មិនខុសពីលោក ពុយ គា ប៉ុន្មាននោះទេ លោក គិន ភា បានសាទរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ នេះដោយអាចធ្វើឱ្យបណ្តារដ្ឋមន្ត្រីនៃប្រទេសដែលពាក់ព័ន្ធ ជាពិសេសពីបណ្តាប្រទេសមហាអំណាចនីមួយៗចូលតុពិភាក្សាក្រោមដំបូលសណ្ឋាគារតែ ១ ក្នុងដែនដីកម្ពុជារហូតអាចសម្រេចចេញសេចក្តីថ្លែងការណ៍រួមដែលបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយទទួលយកបានទាំងអស់គ្នា។
ចំណែកលោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញយល់ឃើញថា បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គ្រាន់តែបានចាក់សាំងបន្ថែមលើភាពតានតឹងដែលមានរួចទៅហើយ រវាងមហាអំណាចចិន និងអាមេរិកតែប៉ុណ្ណោះ និងថា រុស្ស៊ី ដែលអ្នកវិភាគខ្លះផ្ដល់តម្លៃថា ជាប៉ូលអំណាចទី៣ នេះមិនមានផលជះដោយផ្ទាល់លើកម្ពុជាដូចការប្រជែងឥទ្ធិពលរវាងចិននិងអាមេរិកមកលើកម្ពុជានោះឡើយ។
លោក រ៉ូ វណ្ណៈ បានបញ្ជាក់ថា៖ «កម្ពុជាជាប្រទេសតូច មានទម្ងន់តិចតួច ក្នុងការក្រសោបនយោបាយការបរទេសនៃប្រទេសមហាអំណាច។ ជំហររបស់កម្ពុជា ដែលផ្ដោតលើការពង្រឹងការអនុវត្ត កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន ជាជម្រើសត្រឹមត្រូវក្នុងវិបត្តិមីយ៉ាន់ម៉ា។ ចំណែកការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ UN ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ជាជំហរសមស្របដែលលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ»៕