ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងសិក្សារួមគ្នាបង្កាត់ពូជក្រពើភ្នំ ដើម្បីបង្កើនចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រខេត្តរតនគិរី ខណៈបច្ចុប្បន្ន កម្ពុជាមានក្រពើភ្នំ ចន្លោះ ពី ២០០-៤០០ ក្បាល ជាចំនួនច្រើនជាងគេ ហើយដែលពិភពលោកមានវត្តមានសត្វនេះ ចន្លោះពី ៥០០-១ ០០០ ក្បាលប៉ុណ្ណោះ។ នេះបើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចក្នុងដែនជម្រកសត្វព្រៃស្រែពក នៅស្រុកកោះញែក ខេត្តរតនគិរី កាលពីថ្ងៃទី ២-៤ ខែកញ្ញាថា ក្រសួងបរិស្ថាន និងអង្គការ World Wide Fun (WWF) កំពុងជំរុញការបង្កើនចំនួនប្រជាសាស្ត្រសត្វក្រពើភ្នំទៅក្នុងធម្មជាតិនៃដែនជម្រក សត្វព្រៃស្រែពក។
លោកថ្លែងថា៖ «ការសិក្សាតាំងពីឆ្នាំ ២០០៥ មក យើងបានឃើញតែស្លាកស្នាមទេ មានន័យថា ឃើញអាចម៍វា ឃើញដានជើង ឬដានកន្ទុយ។ ប៉ុន្ដែកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ គឺយើងបានឃើញផ្ទាល់ គឺវត្តមានរបស់កូនក្រពើភ្នំក្នុងដែនជម្រកសត្វព្រៃស្រែពកនេះ ពិសេសនៅតាមបណ្ដោយដងទន្លេស្រែពក»។
បើតាមលោក ភក្ត្រា វត្តមានកូនក្រពើភ្នំនេះ កាលពីមុនមក ទាំងនៅដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃផ្សេងទៀត អ្នកស្រាវជ្រាវបានឱ្យដឹងថា មានវត្តមាននៃប្រភេទក្រពើភ្នំ។ ប៉ុន្ដែដោយសារតែកត្តាគំរាមកំហែងមួយចំនួនពាក់ព័ន្ធទៅនឹងការបាត់បង់ទីជម្រក ការប្រែប្រួលអាកាសធាតុ ការនេសាទខុសច្បាប់ ជាពិសេសការប្រមូលពងក្រពើ ដែលខុសច្បាប់ជាដើម បានធ្វើឱ្យចំនួនក្រពើនៅដែនជម្រកសត្វព្រៃនេះបាត់បង់។
លោកថ្លែងថា ទើបតែខែកញ្ញា ឆ្នាំ ២០២១ បានរកឃើញវត្តមានសត្វក្រពើភ្នំនៅដែនជម្រកសត្វព្រៃស្រែពកនេះ ដែលជាការរកឃើញបន្ថែមពីដែនជម្រកសត្វព្រៃផ្សេងទៀតដែលមានពីមុនមក។ ដូច្នេះអាចបញ្ជាក់ថា ក្រពើភ្នំ មិនមែនមានវត្តមានរស់នៅតែតំបន់អារ៉ែងទេ ប៉ុន្ដែឥឡូវនេះ ក៏មានវត្តមាននៅតំបន់ដែនជម្រកសត្វព្រៃស្រែពកដែរ។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា៖ «ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងតែសិក្សារួមគ្នាថា យើងត្រូវពង្រឹងចំនួនប្រជាសាស្ដ្រប្រភេទក្រពើភ្នំនៅដែនជម្រកសត្វព្រៃស្រែពកនេះយ៉ាងម៉េច។ ចំណុចដែលសំខាន់ គឺការពង្រឹងវត្តមានសត្វក្រពើភ្នំដែលមានជាក់ស្ដែងនៅកន្លែងនេះជាចំណុចអាទិភាព»។
លោកឱ្យដឹងថា តាមអ្វីដែលអ្នកជំនាញបានបញ្ជាក់ បើសិនជាចំនួនសត្វក្រពើនេះមានចំនួនតិច បើអនុវត្ត ឬធ្វើការបង្កាត់ពូជទៅតាមបែបធម្មជាតិ គឺអាចចំណាយពេលយូរ ហើយខាតពេលវេលា ហើយកំណើនក្រពើភ្នំ ក៏មិនអាចកើនឡើងតាមការរំពឹងទុកដែរ។ លោកថា ចំណុចបង្កាត់ពូជក្រពើភ្នំនេះ មិនមែនជារឿងចម្លែកទេ ពីព្រោះកម្ពុជាបានធ្វើកិច្ចការងារនេះជាច្រើនរួចមកហើយ ដូចជាប្រភេទសត្វអណ្ដើកសរសៃ ឬអណ្ដើកហ្លួង សត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វកម្រ ដោយបានបង្កាត់យកទៅដាក់ក្នុងធនធានធម្មជាតិវិញផងដែរ។
លោកបញ្ជាក់ថា៖ «ប្រភេទសត្វមួយចំនួនទៀត ក៏យើងកំពុងតែសិក្សាបង្កាត់ពូជដែរ ដូចជាសត្វខ្សឹប ដែលជាប្រភេទសត្វមួយកម្រនៅលើពិភពលោក ហើយមានវត្តមាននៅតែកម្ពុជាចំនួន ១០០ ក្បាល ដែលនៅសល់។ យើងកំពុងតែសិក្សាបង្កាត់វាដើម្បីកុំឱ្យបាត់ពូជ។ យើងត្រូវបង្កាត់បែបវិទ្យាសាស្ដ្រ ហើយត្រូវបន្សាំទៅនឹងធម្មជាតិដើម្បីឱ្យវារស់នៅ»។
លោក ភក្ដ្រា ឱ្យដឹងថា ស្ថានភាពនៃការបង្កាត់ពូជសត្វក្រពើភ្នំនេះ ក្រុមការងារជំនាញអនុវត្តបានជោគជ័យរួចហើយ ដែលក្នុងនោះមានអង្គការ FFI សហការជាមួយ អង្គការ WCS និងក្រសួងបរិស្ថាន បានបង្កាត់ពូជ និងលែងចូលទៅតំបន់អារ៉ែង។ ដូច្នេះទើបមានគម្រោងបង្កើនចំនួនបន្ថែម នៅដែនជម្រកសត្វព្រៃស្រែពក។
លោកបញ្ជាក់ថា៖ «នេះគឺជាបទពិសោធមួយ ដែលមានភាពជោគជ័យរួចទៅហើយ។ នៅដែនជម្រកសត្វព្រៃស្រែពកនេះយើងមានទីតាំងរួចស្រេចហើយ និងមានប្រភេទសត្វក្រពើភ្នំនេះរួចស្រេចហើយដែរ។ ដូច្នេះខ្ញុំគិតថា ការពង្រឹងប្រជាសាស្ដ្រចំនួនសត្វក្រពើភ្នំនេះឡើងវិញ បន្ថែមពីអ្វីដែលយើងមាននៅក្នុងធម្មជាតិនេះ គឺជាកិច្ចការងារដែលអាទិភាពចាំបាច់ហើយ។យើងត្រូវគិតគូរអំពីផលប្រយោជន៍ដែលពាក់ព័ន្ធជាមួយប្រព័ន្ធអេកូឡូស៊ី ផ្នែកទេសចរណ៍ធម្មជាតិ និងការថែរក្សាប្រភេទពូជសត្វកម្រនេះ»។
លោកសេង ទៀក ប្រធានអង្គការ WWF ឱ្យដឹងថា អង្គការកំពុងសហការជាមួយក្រុមអភិរក្សដែនជម្រកស្រែពក និងក្រសួងបរិស្ថាន ដើម្បីរៀបចំការពង្រឹងប្រជាសាស្ត្រក្រពើភ្នំនៅតំបន់នេះ។ តាមការសិក្សា គឺបានរកឃើញក្រពើភ្នំប្រមាណជាង ១០ ក្បាលនៅដែនជម្រកសត្វព្រៃស្រែពកនេះ។
លោកថ្លែងថា៖ «ការសិក្សាបានរកឃើញថា ការបន្តពូជរបស់ក្រពើភ្នំ គឺមានភាពយឺតយ៉ាវបន្តិច។ ដូច្នេះដើម្បីឱ្យមានកំណើនសត្វក្រពើភ្នំដែលជាសត្វកម្រហើយទាក់ទាញផ្នែកទេសចរណ៍ យើងបង្កាត់ពូជវាយកមកដាក់ក្នុងតំបន់ស្រែពកថែមទៀត»។
លោកលើកឡើងថា លទ្ធភាពសត្វព្រៃ ដែលក្រសួងបរិស្ថានកំពុងជំរុញកំណើននៅដែនជម្រកសត្វព្រៃស្រែពក នឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុន ហើយអាចបង្កើនចំណូលដល់សហគមន៍ និងថវិកាជាតិផងដែរ។ អង្គការ WWF និងរាជរដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឱ្យទេសចរ ងាកមកចាប់អារម្មណ៍មកទស្សនាព្រៃឈើ និងសត្វព្រៃវិញ។
បើតាមលោកភក្ត្រា ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែនជម្រកសត្វព្រៃស្រែពកមានវត្តមានក្រពើភ្នំបន្ទាប់ពីតំបន់អារ៉ែង។ នៅកម្ពុជាតាមការសន្និដ្ឋានមានក្រពើភ្នំ ចន្លោះពី ២០០-៤០០ ក្បាល ហើយក្នុងនោះក្រពើដែលបន្តពូជបានដែលជាក្រពើជំទង់នោះ មានចន្លោះពី ១០០-២០០ ក្បាល។
លោកបញ្ជាក់ថា៖ «ចំនួនក្រពើភ្នំនៅកម្ពុជានេះ គឺជាវត្តមានក្រពើភ្នំច្រើនជាងគេនៅលើពិភពលោក ដែលនៅលើពិភពលោកមានវត្តមានសត្វក្រពើភ្នំនេះចន្លោះ ពី ៥០០ ទៅ ១ ០០០ ក្បាលទេ។ អ៊ីចឹងប្រទេសយើងមានច្រើនជាងគេ ដូច្នេះទើបកម្ពុជាយើងត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវចម្រុះ មានប្រមាណ៥ពាន់ប្រភេទ និងមានដែនជម្រកសត្វព្រៃ និងឧទ្យានជាតិលើផ្ទៃដីអភិរក្សចំនួន ៧,៣ លានហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីសរុបប្រទេសកម្ពុជា»៕