ភ្នំពេញៈ នៅ​ប្រទេស​កូរ៉េខាង​ត្បូង ដែល​​ជា​ទីផ្សារការ​ងារ​ពេញ​និយម​សម្រាប់​ប្រជាជ​ន​ក្នុង​វ័យ​ពេញ​កម្លាំង​លោក​ ញ៉រ ឧត្តម បាន​បម្រើការ​ងារ​ក្នុងនាម​ជា​ពលករ​ស្របច្បាប់ ​១ ​រូប ​ក្នុង​វិស័យ​ឧស្សាហ​កម្មដោយ​បាន​សន្សំ​ទាំង​គំនិត​ និង​ធនធាន​ក្នុង​រយៈ​ពេល ៥ ​ឆ្នាំ​ នៃ​ការ​​​ផ្ញើ​ខ្លួន​នៅ​ប្រទេស​ជឿន​លឿន​មួយ​នេះ។

ពលករ​វ័យ​ ៣០​ ឆ្នាំស្ដើង​​រូបនេះបាន​​ឱ្យដឹង​ថា៖ «​ខ្ញុំ​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ ឪពុកម្ដាយ​បងប្អូន​នៅ​ភ្នំពេញ​ ឱ្យ​រស់​នៅបាន​សមរម្យ ​ហើយ​ខ្ញុំ​ក៏បាន​សន្សំ​ទ្រព្យ​មួយចំនួន​ទុក​សម្រាប់​ខ្លួនឯង​ដែរ​ មាន​ដីធ្លី​ផ្ទះ​សំបែង»​។

សន្ទនា​តាម​ប្រព័ន្ធ​ទំនាក់ទំនង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​ពី​កន្លែងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ អម​សំឡេង​ម៉ាស៊ីន​លាន់ឮ​មកជាមួយ​​លោក​ឧ​ត្ត​ម​បាន​ឱ្យដឹង​ថា ជារៀង​រាល់​ខែលោក​​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​​នៅ​ប្រទេស​កំណើត​ក្នុង​រង្វង់​ជាង ​១ ពាន់ដុល្លារ​ ដែល​ស្មើ​នឹង​ប្រមាណ​ជាង​ ១ ម៉ឺន​ដុល្លារ ​ក្នុង​​ ១ ឆ្នាំ។

ទោះ​ជា​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ពីការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កូរ៉េខាង​ត្បូង​ក្ដីក៏​លោក​បានលើក​ឡើង​ថា កម្រិត​ការ​សន្សំ​ប្រាក់ ​និង​កញ្ចប់​ថវិកា​ផ្ញើមក​ផ្ទះក៏អាស្រ័យ​លើ​​ពលករ​ម្នាក់ៗ​​ដែរ។

​លោក ឧត្តម ថា៖ «ដ្បិត​ប្រាក់ខែ​ថ្លៃបើ​មិនចេះ​លកលៃ​ក៏​មិន​អាច​សល់​ផ្ញើមក​អ្នកផ្ទះ​បានដែរ​»។

​ដោយ​លើក​​ការ​​គណនា​ថា បើ​ប្រាក់ខែ​ទទួលបាន​ ២ ០០០​ ដុល្លារ​ ហើយ​ត្រូវ​ទូទាត់​ថ្លៃ​ចំណាយ​ប្រចាំខែ​ចន្លោះ​ ៥០០ ​ទៅ ​៧០០ ​ដុល្លារនោះ លោក​​អាច​សល់​ប្រាក់​សន្សំទុក​បាន​ជាង​ ១​ ពាន់​ដុល្លារ​ជារៀង​រាល់ខែ​​។

ក្រៅពី​ការ​សន្សំសំចៃពលករ​អាច​សល់​ប្រាក់​តិច ឬ​ច្រើន​​​អាស្រ័យ​លើ​​លក្ខខណ្ឌ​របស់​រោងចក្រ​។

លោក​បាន​ឱ្យដឹង​ថា៖ «​ជាក់ស្ដែង​ខ្ញុំ​ធ្វើការ​ផ្នែក​ឧស្សាហកម្ម​ភាគច្រើន​កន្លែង​ស្នាក់នៅ​ស្ថិតក្នុង​រោងចក្រ​។ជួនកាល​​រោងចក្រ​ជួល​ផ្ទះ​ស្នាក់នៅ​ឲ្យ​កម្មករ​ហើយ​តាមរយៈ​កន្លែង​ស្នាក់​នេះ​ថៅកែ​ខ្លះ​ជួល​ឲ្យ​នៅតែ​ម្ដង។ ថៅកែ​ខ្លះ​​ក៏​កាត់លុយ​ប្រាក់ខែ​តាម​ហ្នឹង​ទៅ​»។​

លក្ខខណ្ឌ​ទទួលទាន​​អាហារ​ក្នុង​​​រោងចក្រ​នីមួយៗ​ក៏​ខុសគ្នា​ដែរដោយ​​កន្លែង​ខ្លះ​ផ្ដល់​អាហារ ៣ ​ពេល ​ឬ ១ ​ពេល​ដោយ​មិន​គិតថ្លៃពី​ពលករ។ រីឯ​ខ្លះ​ទៀត​ផ្ដល់​អាហារ​ដោយទូទាត់​​កាត់កង​ជាមួយ​ប្រាក់ខែ​​។

លោក​ ឧត្តម រៀបរាប់​ទៀត​ថា​៖ «តែ​សរុបទៅទាំង​ហូបចុកស្នាក់នៅនិង​ដើរហើរ​ផ្សេងៗ​ក្នុង​ ១ ​ខែ​ យើង​ចំណាយ​ជា​​មធ្យម​រង្វង់​ ៥០០​ ដុល្លារ​។ នេះ​យើង​មិន​រា​ប់ប​ញ្ចូ​ល​ការធានារ៉ាប់រង​សុខភាព​ និង​ការបង់​ពន្ធ​ខ្ទង់​ ២០០ ​ដុល្លារ​ផ្សេងទៀត​»។​

​ប្រសិនបើ​លក្ខខណ្ឌ​រោងចក្រ​រ៉ាប់រង​ទាំង​​ការ​​ហូបចុក និង​ស្នាក់​​នៅដល់អ្នកបម្រើការ​​នោះពលករ​​​អាច​សល់​ប្រាក់​ប្រចាំ​ខែ​​ច្រើនជាង ​១​ ពាន់​ដុល្លារ​ទៀត ​សម្រាប់អ្នកដែល​​ទទួលបាន​ប្រាក់​ខែ​ ២ ០០០ ​ដុល្លារ​ ក្នុង ​១ ​ខែ​។​

​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូងពលករ​បំពេញការងារ​គោលចំនួន​​ ​៨ ​ម៉ោង ​ក្នុង ​១ ថ្ងៃ​ ជាមួយ​ជម្រើស​បន្ថែម​ម៉ោង​​តាម​ស្ថានភាព​ជាក់​ស្ដែង។

លោកឧត្តមបន្តថា៖ «​យើង​អាចធ្វើ​ការថែម​ម៉ោង​បាន​អាស្រ័យ​លើ​កម្លាំង​ថាមពល​ចន្លោះ​ពី​ ៣ ​ទៅ ​​៦​ ម៉ោង ​ដោយ​គុណគូរ​ប្រាក់​ប្រចាំខែ​ទៅ​សល់​ច្រើន​ទៅតាម​ហ្នឹង​»។​

ពលករ​ចំណាយ​ពេល​កន្លះទសវត្សរ៍​នៅ​​ប្រទេសកូរ៉េ​ខាង​ត្បូង ​រូបនេះថា ​បើ​មិន​រាប់បញ្ចូល​កត្តា​ប្រាក់ខែ​ និង​ភាសា​​បរទេស​ការងារ​ឧស្សាហកម្ម​​នៅទីនោះ​មិន​មានអ្វីខុសគ្នា​នឹង​​នៅ​កម្ពុជា​នោះ​ទេ។

​ដោយ​ផ្ដោត​សំខាន់​លើ​ចំណេះដឹង​ភាសា​លោក ​ឧត្តម​ ណែនាំ​ថា៖ «​យើង​ជា​ពលករ​ចំណាក​ស្រុក​អ៊ីចឹង​បញ្ហា​ភាសា​ជា​រឿង​សំខាន់​ហើយ​របៀប​ធ្វើការ​គេ​ណែនាំ​យើង​តាម​ក្រោយ​ទេ។​បន្ទាប់​មក​គេ​តេស្ត​កាយសម្បទា»។

​ទីផ្សារការងារ​ក្នុង​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​នៅ​ស្រុក​កូរ៉េ​ខាងត្បូង​ ពលករ​ខ្មែរ​រូបនេះ​​យល់​ឃើញ​ថា វា​ជា​​ការងារ​​លក់​កម្លាំង​ដែល​តាមធម្មតា​​​ត្រូវ​ប្រើ​កម្លាំង​ដូច​តែ​គ្នា​ទេ​។

លោក​បញ្ជាក់​ថា៖ «សូម្បីតែ​ប្រជាជន​កូរ៉េ​បើ​គ្មាន​ជំនាញ​ទេ​គេ​ធ្វើការ​ទទួលបាន​ប្រាក់ខែ​ដូច​យើង​ដែរ។ ​និយាយ​បែបនេះ​កុំ​ឲ្យ​គេ​មើ​លម​កថា ប្រជាជន​កូរ៉េ​ធ្វើការ​បាន​ប្រាក់ខែ​លើស​ពលករ​បរទេស​។ លើស​ទៅបាន​លុះត្រា​បុគ្គល​នោះ​មាន​​ជំនាញ»​។​

ក្រៅពី​សល់​ធនធាន​ខំ​សន្សែសន្សំពី​ប្រាក់ខែ ​ពលករ​ខ្មែរ​ដែល​បានបញ្ចប់​អាណត្តិ​ការងារ​នៅ​ប្រទេសកូរ៉េ​ខាងត្បូង​ ក៏​ទទួលបានទ្រព្យ​ជាប់​ប្រាណគឺ​ជាចំណេះ​​ជំនាញ​បន្ថែម​ផង​ដែរ​។

លោក​ឧ​ត្ត​ម​ចាប់អារម្មណ៍​ឃើញ​ថា ​វិស័យ​កសិកម្ម​ត្រូវប៉ាន់​សម្រាប់​ពលករ​ប​ញ្ច​ប់​អាណត្តិ​ការងារ​ហើយ​ផ្នែក​​ឧស្សាហកម្ម​អាច​ផ្ដល់​ឱ្យ​ពលករ​ខ្លះ​នូវ​​​ជំនាញ​គ្រប់​គ្រង​ម៉ាស៊ីន និងការ​ដំឡើង​ចង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​បាន​ទៀត​ផង​។​

អំឡុង​ពេល​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ លោកឧត្តមបាន​សន្សំ​ចិត្ត និង​បណ្ដុះ​​មហិច្ឆតា​រួចស្រេច​ទៅហើយ​ថា ​នឹងធ្វើ​អ្វី​បន្តទៀត​នៅពេល​បញ្ចប់​អាណត្តិ​ការងារ​។ ​

លោក​លើកឡើង​ទៀត​ថា៖ «មិន​ត្រឹម​ប៉ុណ្ណឹង​ទេ​ពេល​ខ្ញុំ​បាន​ទៅធ្វើ​ការ​នៅ​កូរ៉េ​ខ្ញុំ​បានឃើញ​ពី​ភាពជឿនលឿន​របស់​ប្រទេស​​គេ។ ការរកស៊ី​មួយចំនួន​ដែល​ប្រជាជន​គេ​មាន​ប្រជាជន​យើង​មិនទាន់មាន​។ អ៊ីចឹង​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ​យើង​អាចមាន​លទ្ធភាព​បើក​ត្រឹម​អាជីវកម្ម​តូចតាច​ជា​លក្ខណៈ​គ្រួ​សារបាន​»។​

​​​

​លោកមឿ​នតុលា​នាយក​ប្រតិ​បត្តិ​អង្គ​ការសង់​ត្រា​ល់ ​ដែល​ធ្វើកិច្ចការ​ទាក់ទង​នឹងពលករ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​លើក​ឡើង​ថា សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រទេស​​ក្រីក្រ​មួយចំនួន​ការ​ធ្វើ​ចំណាក​ស្រុក​ច្រើ​ន​តែ​កើតឡើង​ដោយ​ការ​បង្ខំ​​ចិត្ត ព្រោះ​ប្រជាជន​​គ្មាន​ជម្រើស​រក​ការងារ​ដែល​មាន​ប្រាក់​កម្រៃ​សម​រម្យ​នៅក្នុង​ស្រុក​​​។

លោកតុលា​បញ្ជាក់​​ថា៖ «​ចំណាកស្រុក​របស់​ពល​រដ្ឋ​យើង​ធ្វើឡើង​ក្នុង​ទម្រង់​បែប​បង្ខំហើយ​​បង្ខំ​ហ្នឹង​មិនមែន​មាន​ន័យ​ថា គេ​យក​កាំភ្លើង​មក​ភ្ជង់​ទេតែ​យើង​បង្ខំ​ទៅធ្វើ​ការ​នៅ​ស្រុក​គេព្រោះ​ប្រាក់​ខែ ​(ក្នុង​ស្រុក) តិចអត់​​មាន​ការងារ​ ឬ​មុខរបរ​នៅក្នុង​ស្រុក​ធ្វើ​»​។​

​​លោក​តុលា​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មកពី​ធ្វើការ​នៅប្រទេស​គេ​ភាគតិច​ណាស់​មាន​ជំនាញ​អាច​​មក​ប្រើប្រាស់​បាន​នៅ​ក្នុង​ស្រុក។

លោក​បាន​លើកឡើង​ថា៖ «អាច​ដោយសារ​រដ្ឋាភិបាល​គ្មាន​គោ​ល​នយោបាយ​ច្បាស់លាស់​សម្រាប់​ពលករ​ដែល​ធ្លាប់​​ធ្វើការ​នៅ​ស្រុក​គេ​។ អ៊ីចឹង​ហើយ​បានជា​ពលករ​មកពី​កូរ៉េ​មួយ​ចំនួន​ត្រូវ​ចំណាក​ស្រុក​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​បន្ត​»។

យ៉ាងណាមិញ ​លោក​តុលាក៏​បានលើក​ករណី​ថា៖ «មាន​ពលករ​យើង​មួយចំនួន​ដែរ​ដែល​គាត់​ទៅធ្វើ​ការ​នៅ​ម៉ា​ឡេ​​ពេល​មក​វិញ​ចេះ​ភាសា​ម៉ា​ឡេ​ក៏បាន​ចូលធ្វើការ​នៅ​រោងចក្រហើយ​អ្នក​ខ្លះទៅ​ធ្វើការ​នៅ​ថៃ​មកវិញ​ក៏បាន​ចូលធ្វើការ​នៅ​រោងចក្រ​​សាច់មាន់​របស់​ថៃ​នៅ​ខ្មែរ​»។​

​លោក ​ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៤ កញ្ញា​ថា គិត​ត្រឹមខែ​សីហា ឆ្នាំ ​២០២២ នេះ ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​បរទេស​សរុប​មាន ចំនួន ១ ៣០៩ ២១៩​ នាក់ (ស្រី​៥៣២ ២៣៨​ នាក់) ហើយ​ពួ​ក​គេ​បាន​ផ្ញើប្រាក់​ត្រឡប់​មក​កម្ពុជា​វិញ​ ប្រមាណ​ ៣ ប៊ីលា​ន​ដុល្លារ​អាមេរិក​/​ឆ្នាំ។

ចំពោះ​ពលករ​ដែល​កំពុង​ធ្វើ​ការ និង​ស្នាក់នៅ​ប្រទេស​កូរ៉េ គិត​ត្រឹម​ខែសីហា ឆ្នាំ​ ២០២២ ​នេះ មាន​ចំនួន ៤៦ ៤៦២ ​នាក់ (ស្រី​ ១០ ៩១៩​ នាក់) ក្នុង​នោះ​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហ​កម្ម ២៦ ៥៧១​ នាក់ កសិកម្ម​ ១៨ ៥៨៧​ នាក់ និ​ងសំ​ណង់ ចំនួន ១ ៣០៤ ​នាក់។ ជាការ​ពិត ពលករ​ទាំង​នោះ បាន​ចូល​រួ​មចំណែក​ជួយ​សេដ្ឋកិច្ច​ជាតិ និង​លើក​កម្ព​ស់ជីវភាព​គ្រួសារ​របស់​ពួក​គាត់។

លោក​បញ្ជាក់​ថា៖ «ពលករ​ ​(នៅ​កូរ៉េ)​ទាំង​នោះ​បាន​ផ្ញើប្រាក់​បញ្ញើ​ត្រឡប់​មក​ក្នុង​ប្រទេស​វិញ ចំនួ​នប្រ​មាណ ៥៣៩​ លាន​ដុល្លារ​អាមេ​រិក/ឆ្នាំ ដែល​ជាទុន​បន្ថែម​ សម្រាប់​វិនិយោគ​លើ​អាជីវក​ម្មដែល​មាន​ស្រាប់ ឬ​បង្កើត​អាជីវ​កម្ម​ថ្មី ដែល​នាំទៅ​ដល់​ការ​បង្កើត​ការងារ​បន្ថែម​ក្នុងប្រទេស​ផង​ដែរ​»។

លោក​បន្ថែម​ថា ក្រៅពី​នេះ ពលករ​ទាំង​នោះ បាន​ទទួល​ជំនាញ ចំណេះដឹង​ ធន​ធាន និង​បទពិសោធ​ក្នុង​វិស័យ​ឧស្សហ​កម្ម កសិកម្ម និង​សំណង់​របស់​ប្រទេស​កូរ៉េ ដែល​ជាប្រទេស​ជឿន​លឿន មាន​បច្ចេក​ទេស​ទំនើប។ លោក​បន្ថែម​ថា៖ «បងប្អូន​ពលករ​កម្ពុជា​អាច​រៀន​សូត្រ ដក​ពិសោធ និង​យកម​ក​អនុវត្ត​បាន​នៅ​ក្នុង​ប្រទេស ពេល​ចប់​អាណត្តិ​ការ​ងារ ដែល​បាន​ចូល​រួម​អភិវឌ្ឍ​ធន​ធាន​មនុស្ស​កម្ពុជា​។ អាច​ជាស្ពាន​សម្រាប់​ការ​ទាក់​ទាញ​វិនិយោគ​ដោយផ្ទាល់​របស់​កូរ៉េ មក​កម្ពុជា តាម​រយៈ​ការស​ង្កេត​ឃើញ​របស់​និយោជក​កូរ៉េ ចំពោះ​ពលករ​កម្ពុជា ដែល​តែងតែ​គោរព​វិន័យ​ការងារ​ត្រឹម​ត្រូវ ឥរិយាប​ទថ អំឡុង​ពេល​ស្នាក់​នៅនិង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​»។

ក្រសួង​ការងារ​កាល​ពីដើម​ឆ្នាំ​ ២០២២ ​បាន​បង្ហាញ​របាយកា​រណ៍​ថា ព​លករ​ចំណាកស្រុក​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​បរទេសបាន​ផ្ញើ​ប្រាក់​ត្រឡប់មក​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ស្រុក​កំណើត​បាន​ជាង​ ៣​ ពាន់​លាន​ដុល្លារ​នៅ ក្នុង​ ១​​ ឆ្នាំៗ​។

តាមរយៈ​លំហូរ​សាច់​ប្រាក់​​នេះរដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ស្តីពី​ការធ្វើ​ចំណាកស្រុក​​ការងារ​សម្រាប់​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣ ​និង​បទដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ដើម្បី​ការពារ​និង​លើកកម្ពស់​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​កម្ម​កររួមទាំង​ការការពារ​សង្គម​ក្នុង​ពេល​កំពុង​ធ្វើការ​ និង​ត្រឡប់​មក​ផ្ទះ​វិញ​។​

​ជា​ពលករ​ខ្មែរ​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក​ ឧត្តម​ យល់​ឃើញ​ថា ​ការ​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​អាច​​​រួម​ចំណែក​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​​​របស់​កម្ពុជា​។

ជាមួយ​បទពិសោធ​ជាពលករ​តស៊ូ​សន្សំ​ធនធាន​ និង​ចំណេះជំនាញ​សម្រាប់​ការ​​​​វិលត្រឡប់មក​មាតុភូមិ​វិញ​ លោក​បាន​លើក​ឡើង​ថា៖ «​កុំ​ខ្លាច​អាប់​មុខបើ​គ្រាន់​តែ​ចំណាកស្រុក​ទៅ​ធ្វើការ​​ដោយ​ស្របច្បាប់​នៅ​ស្រុក​គេ​នោះ​ មាន​អ្វី​​អន់​ គ្រាន់តែ​ទៅ​រៀន​សូត្រ​ពី​ប្រទេស​ជឿនលឿន​ ដែល​គេ​ទៅមុន​លឿន​ជាង​យើង​នោះ​?»៕