ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរ កម្ពុជា និងថៃថា បានជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អ ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោកថ្លែងដូច្នេះ ក្នុងជំនួបជាមួយលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃនៅថ្ងៃទី ៥ កញ្ញា នៅវិមានសន្តិភាព រាជធានីភ្នំពេញ បន្ទាប់ពីលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
លោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា លោក ពុលថាប់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជំងឺកូវីដ ១៩ ជូនលោក និងមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាទាំងអស់ មិនត្រឹមតែស្ថានទូតថៃប្រចាំកម្ពុជាទេ គឺស្ថានទូតបរទេសទាំងអស់នៅទូទាំងកម្ពុជា។
លោកបានអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ានបានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលជោគជ័យ ដែលនោះបានឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោក ពុលថាប់ បានប្រាប់លោក ហ៊ុន សែន ថា ពេលលោកទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជាកាលពីឆ្នាំ ២០១៨ លោកបានប្ដេជ្ញាជូនលោក ហ៊ុន សែន ថា លោកនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។ នៅពេលនេះ លោកបានសម្រេចតាមការប្ដេជ្ញារបស់លោកហើយ។
លោក អ៊ាង សុផល្លែត បានដកស្រង់សម្ដីលោក ពុលថាប់ ថា៖ «កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង ២ ត្រូវបានពង្រីក និងត្រូវបានពង្រឹង។ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើង ១០ ភាគរយ ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ ១៩ ក៏ដោយ។ វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ»។
លោក អ៊ាង សុផល្លែតបន្តថា លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ពុលថាប់ ដែលបានប្រឹងប្រែង «អស់ពីកម្លាំងកាយចិត្ត» បំពេញបេសកកម្មការទូតនាំឱ្យប្រទេសទាំង ២ កម្ពុជា-ថៃ មានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។ លោក អ៊ាង សុផល្លែត បានដកស្រង់សម្ដីលោក ហ៊ុន សែន ថា៖ «ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ ១៩ ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ ផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ»។
កាលពីថ្ងៃទី ៣ កញ្ញា លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យបានជួបជាមួយប្រតិភូខេត្តស៊ីសាកេតនៃប្រទេសថៃ ដែលដឹកនាំដោយលោក វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេតរបស់ថៃដោយភាគីទាំង ២ បានពិភាក្សាគ្នា ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន និងរវាងខេត្ត និងខេត្តនៃប្រទេសទាំង ២ ដែលជាប់ព្រំដែនជាមួយគ្នា។
នាថ្ងៃទី ៤ កញ្ញាភាគីទាំង ២ បានលែងកូនត្រីរួមគ្នាជានិមិត្តរូបនៃការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រជាជន និងរវាងខេត្តនៃប្រទេសទាំង ២ ដែលពិធីលែងកូនត្រីប្រព្រឹត្តទៅនៅវេទិកាអុំទូកខេត្តក្នុងបរិវេណបឹងស្នោ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជាមួយគ្នានេះលោក ប៉ែន កុសល្យ បានអនុញ្ញាតឱ្យព្រះអនុគណស្រុកភូស៊ីង ខេត្តស៊ីសាកេត ដងែ្ហទៀនព្រះវស្សាអមដោយព្រះសង្ឃ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទថៃ ស្រុកភូស៊ីងជាច្រើន អង្គនាក់ នាំយកមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តប្រាសាទរាជាសំរោងផងដែរ។ លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វាគឺជារឿងសំខាន់ណាស់ដែលប្រទេសទាំង ២ កម្ពុជា និងថៃ ត្រូវពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយគ្នា។
លោកថ្លែងថា៖ «កម្ពុជាគួរតែស្នើឱ្យប្រទេសថៃផ្តល់ឱកាសអប់រំ និងវិជ្ជាជីវៈបន្ថែមទៀតដល់យុវជនកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំង ២»៕