សៀមរាបៈ គិត​ត្រឹម​ថ្ងៃទី ​៥ ខែ​​កញ្ញា សមត្ថកិច្ច​ខេត្ត​សៀមរាប​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជាង​ ១០០​ បណ្តឹង ដើម្បី​ស្នើសុំ​ជួយ​ស្វែងរក​សាច់ញាតិ​ដែល​រត់​ទៅ​ចូល​ចម្ការ​របស់​​លោក ខឹម វាសនា ខណៈ​ពលរដ្ឋ​ដែល​កំពុង​បន្ត​ស្នាក់នៅ​ទីនោះ​នៅមាន​ប្រមាណ​រយ​នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ឱសានវាទ​ថ្ងៃទី​ ៥ ​កញ្ញា​។ នេះ​បើតាម​លោក​អភិបាល​ខេត្ត​សៀមរាប​។

យោងតាម​កិច្ចសន្យា​រវាង​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ​បាន​កំណត់​ឱ្យ​រំសាយ​ការជួបជុំ​ត្រឹម​ថ្ងៃទី​ ៥ ខែកញ្ញា ត្រឹម​វេលា​ម៉ោង​ ១៧ ​និង​ ៣០ ​នាទី​ជា​កំហិត​ និង​បញ្ឈប់​ការប្រមូលផ្តុំ​ជាដាច់ខាត​។

អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ថ្ងៃ​ឱសានវាទ ប្រជាពលរដ្ឋ​ជាច្រើន​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ រីឯ​នៅ​ចម្ការ​នោះ​ក៏​ឃើញ​មានការ​រុះរើ​សំណង់​ផងដែរ​។ ការងារ​នេះ​អាជ្ញាធរ​ក៏បាន​​ចុះ​សម្របសម្រួល​ជាមួយ​លោក ខឹម វាសនា ហើយ​ឈានដល់​ចំណុច​ឯកភាព​គ្នាច្រើន ខណៈ​សមត្ថកិច្ច​បន្ត​តាមដាន​ឃ្លាំមើល​ដោយ​ការយកចិត្ត​ទុកដាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​អត់​ទាន់​មាន​វិធានការ​អី គ្រាន់តែ​ថា យោង​តាម​កិច្ចសន្យា ភាគី​លោក ខឹម វាសនា បាន​សហការ​​ស្ទើរ​គ្រប់​ចំណុច ឥឡូវនេះ​មាន​​ការឯកភាព​គ្នា​ច្រើន​ចំណុច​ហើយ ហើយ​គាត់​ក៏​កំពុង​រុះរើ​តាម​កិច្ចសន្យា​ដែរ​...​បច្ចុប្បន្ននេះ អ្នក​បន្ត​ស្នាក់នៅ​ចម្ការ​នោះ នៅសល់​​តែ​ប៉ុន្មាន​រយ​នាក់​ទេ ហើយ​គាត់ ​(​ខឹម វាសនា​) ​ស្នើឱ្យ​អ្នក​ទាំងនោះ​នៅ​មើលថែ​ចម្ការ​»​។

បើតាម​លោក ទៀ សីហា ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ក៏​កំពុង​សិក្សា​លើ​ពាក្យបណ្តឹង ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៥ ខែកញ្ញា មាន​អ្នក​មក​ដាក់​​ពាក្យបណ្តឹង​ជាង​ ១០០ ​បណ្តឹង​។

ក្នុង​ពាក្យបណ្តឹង​នោះ​ពលរដ្ឋ​ស្នើ​​ឱ្យ​សមត្ថកិច្ច​ជួយ​រក​សាច់ញាតិ​ដែល​បាន​ចូលទៅ​ចម្ការ​របស់​លោក ខឹម វាសនា អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។

លោក​ថា​៖ «​ជាក់ស្តែង​ពេល​គាត់​ដាក់​ពាក្យបណ្តឹង​ហើយ​យើង​បាន​សម្រប​សម្រួល​ជាមួយ​លោក ខឹម វាសនា បាន​ជូន​គាត់​ទៅដល់​កន្លែង​ទីតាំង​ចម្ការ ដើម្បី​រក​សាច់ញាតិ​ត្រឡប់​ទៅផ្ទះ​វិញ ក្នុងនោះ​មាន​ប្រមាណ ២០ ​នាក់ បាន​សម្រេច​ចិត្ត​វិលត្រឡប់​មក​ជាមួយ​គ្រួសារ​វិញ​»​។

យ៉ាងណាក្ដី លោក​ថា ករណី​​នេះ​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត ព្រោះ​មាន​ពលរដ្ឋ​មួយចំនួន​ថា គាត់​ចង់​ចេញ​​ក៏ប៉ុន្តែ​គេ​មិនឱ្យ​ចេញ​។

លោក​ស្នងការ​បញ្ជាក់ថា​៖ «​ករណីខ្លះ​ដែល​ប្រជាពលរដ្ឋ​បាត់​កូន បាត់​អី​មែនទែន​ហ្នឹង​គឺ​​ពិបាក​ចេញចូល​មែន​។ ​ទាល់តែ​មាន​ការសម្របសម្រួល​ពី​ខាង​គាត់ ថ្នាក់ដឹកនាំ មេ​គាត់​ខ្លាំងណាស់​ទើប​ឱ្យចូល​។ អ៊ីចឹង​ក្នុង​ករណីនេះ ក៏​យើង​អាចសន្និដ្ឋាន​បឋម​ថា​ក៏​អាច​ជា​ការ​បង្ខាំង​មួយ​ដែរ​»​។

ដោយសារតែ​គេ​មើលឃើញ​សកម្មភាព​លោក​ ខឹម វាសនា ហាក់​មាន​ភាព​ខុសពី​ធម្មតា​ដែល​អាច​ពាក់ព័ន្ធ​ជំងឺ​សរសៃ​ប្រសាទ​នោះ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ​កញ្ញា​ថា ករណីនេះ​លោក​មិន​បានទទួល​ព័ត៌មាន​ពី​លោក​ ខឹម វាសនា ចូល​ពិនិត្យ​នៅ​មន្ទីរពេទ្យ​នោះទេ​។

ដោយឡែក​លោកគ្រូ​ពេទ្យ​ ១​ រូប​នៃ​មណ្ឌល​សុខភាព​ឃុំ​ត្បែង​ក្នុង​ស្រុក​បន្ទាយស្រី​ដែល​ស្នើសុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា ដោយសារ​ដីចម្ការ​លោក​ ខឹម វាសនា ស្ថិតក្នុង​ទឹកដី​ឃុំ​ត្បែង ហេតុដូច្នេះ​ទើប​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​តម្រូវ​ឱ្យ​មណ្ឌល​សុខភាព​ត្បែង​ទៅ​បោះតង់​ និង​ដាក់​គ្រូពេទ្យ​ប្រចាំការ​នៅ​ក្រៅរបង​ដីចម្ការ​នោះ​ ដើម្បី​ចាំ​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ចូល​ស្នាក់​នៅក្នុង​ចម្ការ​នោះ​។

លោក​ថ្លែងថា​៖ «​ខាង​គ្រូពេទ្យ​ខ្ញុំ​គ្រាន់តែ​នៅ​ខាង​ក្រៅរបង​ទេ ព្រោះ​ខាងក្នុង​ដីចម្ការ​គេ​ប្រាប់ថា មាន​គ្រូពេទ្យ​ហើយ​។ ​ប៉ុន្តែ​ពួកខ្ញុំ​បោះតង់​ប្រចាំការ​នៅក្រៅ​របង​ដីចម្ការ​នោះ​តាំងពី​ផ្ទុះ​រឿងនេះ​មក​។ ខាង​ខ្ញុំ​មិនដែល​ទទួល​បាន​ពលរដ្ឋ​ណា​ម្នាក់​ចេញមក​ពិនិត្យ​ជំងឺ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​បឋម​ស្ត្រី​ម្នាក់​ដែល​គាត់​មករក​កូន​ហើយ​ខ្ញុំ​សន្លប់​»​។

អភិបាលស្រុក​បន្ទាយស្រី​លោក ឃឹម ហ្វីណង់ បាន​ថ្លែងថា​៖ «​កិច្ចការងារ​នេះ​យើង​បាន​បញ្ចប់ និង​ឯកភាព​គ្នា​អស់ហើយ យើង​បាន​ធ្វើ​កិច្ចសន្យា​បញ្ចប់​នៅ​ល្ងាច​នេះ​ (​ថ្ងៃទី ​៥ ខែកញ្ញា​)​ នៅសល់​តែ​កម្លាំង​ និង​លោក ខឹម វាសនា បន្ត​នៅ​ចម្ការ ប៉ុន្តែ​យើង​បានធ្វើ​អត្តសញ្ញាណកម្ម​ត្រឹមត្រូវ​»៕

វីដេអូ៖