ភ្នំពេញៈ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០១២ រហូតមកដល់ឆ្នាំ ២០២២ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត «យុវជនសម្ដេចតេជោ» ហៅកាត់ថា TYDA បានធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ដោយចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានជិត ៣៥ ម៉ឺននាក់។ នេះបើតាមលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត «យុវជនសម្ដេចតេជោ»។
លោកស្រីបានគូសបញ្ជាក់ថា ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ ពាន់នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨ នាក់ បានទទួលការវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភពីសំណាក់ប្រមុខរដ្ឋាភិបាល និងភរិយា។
ការថ្លែងរបស់លោកស្រី ពេជ ចន្ទមុន្នី ដូច្នេះ ធ្វើឡើងនៅរសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងពិធីប្រកាសនិងប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្រស្ម័គ្រចិត្ត «យុវជនសម្ដេចតេជោ (TYDA)» ចំនួនជាង ៨០០ នាក់បន្ថែមទៀត។
តាមរយៈសមិទ្ធផលនេះ លោកស្រី ពេជ ចន្ទមុន្នី បានសម្ដែងអារម្មណ៍រីករាយ និងមានមោទនភាពយ៉ាងក្រៃលែងដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត «យុវជនសម្ដេចតេជោ» បានចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដើម្បីផ្ដល់នូវជីវិតទី២ ប្រកបដោយកាយវិការមនុស្សធម៌ និងគុណធម៌របស់សមាជិកចំពោះប្រជាពលរដ្ឋ។
សម្រាប់លោកស្រី ពេជ ចន្ទមុន្នី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) គឺជាយន្តការបើកច្រកនិងផ្ដល់ឱកាសឱ្យសមាជិកនិងសមាជិការបស់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេសដោយសហការជាមួយដៃគូនានា។
លោកស្រី ពេជ ចន្ទមុន្នី បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់សមាជិកសមាជិការបស់សមាគមទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញនិងបទពិសោធរបស់ខ្លួន ដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកស្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបាននិងកំពុងឧបត្ថម្ភសម្ភារនិងបរិក្ខារចាំបាច់ ដើម្បីអនុញ្ញាតឱ្យសមាគមមានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត។
គួរបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលត្រូវបានបង្កើតឡើង ១០ ឆ្នាំមកហើយនោះ មានសមាជិកសរុបចំនួន ៨ ពាន់នាក់៕