ភ្នំពេញៈ លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៥ ថ្ងៃ ដោយផ្តោតសំខាន់លើការអភិវឌ្ឍជាតិ និងការពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៦ កញ្ញា បានឱ្យដឹងថា ការបំពេញទស្សនកិច្ចនៅកម្ពុជានេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ហើយក្នុងអំឡុងពេលនោះ លោកស្រីនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងពីវិស័យឯកជន និងសង្គមស៊ីវិល ដើម្បីពិភាក្សាពីការងារ និងការរួមចំណែករបស់ UNDP ដល់ការសម្រេចអាទិភាពនៃការអភិវឌ្ឍជាតិ និងការពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
ប្រភពដដែលបានឱ្យដឹងទៀតថា «លោកស្រី ក៏នឹងដឹកនាំកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ចំនួន ២ ក្រោមប្រធានបទពន្លឿនរបៀបវារៈអាកាសធាតុរបស់កម្ពុជា «អព្យាក្រឹតភាពកាបូន ភាពធន់នៃវិស័យថាមពល និងហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃទី ៩ ខែកញ្ញា និងប្រធានបទគំរូនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅកម្ពុជា «ការកាត់បន្ថយភាពក្រីក្រ កិច្ចគាំពារសង្គម និងការកសាងភាពធន់» នៅថ្ងៃទី ១២ ខែកញ្ញា»។
ក្រៅពីនេះ លោកស្រី Wignaraja ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបងជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (អាជ្ញាធរមីន) ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងបោសសម្អាតមីន និងការអប់រំពីគ្រោះថ្នាក់មីន ក៏ដូចជាជជែកពិភាក្សាជាមួយសហគមន៍មូលដ្ឋានដែលរស់នៅលើ ឬនៅជិតដីដែលបោសសម្អាតមីនរួចផងដែរ។
ជាមួយនេះដែរ លោកស្រីក៏នឹងធ្វើទស្សនកិច្ចទៅខេត្តកំពង់ធំ ដើម្បីសង្កេតមើលការងារបន្ស៊ាំទៅនឹងអាកាសធាតុ និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងការអភិវឌ្ឍខ្សែចង្វាក់តម្លៃប្រកបដោយនិរន្តរភាព។ នេះបើយោងតាមសេចក្តីប្រកាសរបស់ UNDP។
លោកស្រី Wignaraja មានបទពិសោធជាង ២៥ ឆ្នាំជាមួយនឹងការងារអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងមានចំណេះដឹងស៊ីជម្រៅពីតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពីការងារនៅកម្រិតសកល តំបន់ និងប្រទេសរបស់ UNDP ផ្នែកគោលនយោបាយ កម្មវិធីការគ្រប់គ្រង និងប្រតិបត្តិការ។
កាលពីឆ្នាំ ២០១៩ លោកស្រី Wignaraja ធ្លាប់កាន់តួនាទីជាឧបការីប្រធានស្តីទី និងជានាយិកាការិយាល័យសេវាគ្រប់គ្រងរបស់ UNDP និងជាទីប្រឹក្សាពិសេសរបស់ប្រធាន UNDP បន្ទាប់ពីបំពេញតួនាទីជាប្រធានការិយាល័យសម្របសម្រួលប្រតិបត្តិការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។ លោកស្រីបានចាប់ផ្តើមតួនាទីជាឧបការីប្រធាន UNDP និងនាយិកាការិយាល័យ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១៩។
UNDP បានអះអាងនៅក្នុងសេចក្តីប្រកាសថា UNDP បាននិងកំពុងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាចាប់តាំងពីឆ្នាំ ១៩៥៨ មក ហើយបានបន្តវត្តមានរបស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤។
UNDP ធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងកំណើនបៃតងប្រកបដោយបរិយាប័ន្ន និងភាពធន់ និងពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រឹមឆ្នាំ ២០៣០ ដោយមិនទុកនរណាម្នាក់ចោល។
UNDP បានបញ្ជាក់ថា «មុនពេលចូលរួមបំពេញការងារឱ្យអង្គការសហប្រជាជាតិ លោកស្រី Wignaraja ធ្វើការឱ្យមូលនិធិ Ford នៅទីក្រុងញូវយ៉ក។
រួមចំណែកដល់ការសរសេរឯកសារអត្ថបទ និងសនិ្នសីទជាច្រើនក្នុងវិស័យគោលនយោបាយសាធារណៈកំណែទម្រង់ស្ថាប័នការអភិវឌ្ឍសមត្ថភាពសិទ្ធិមនុស្ស និងភាពជាអ្នកដឹកនាំ។ លោកស្រី Wignaraja មានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ (សេដ្ឋកិច្ចអភិវឌ្ឍន៍) ពីសាកលវិទ្យាល័យ Princeton និងបរិញ្ញាបត្រសេដ្ឋកិច្ចពីមហាវិទ្យាល័យ Bryn Mawr»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ កញ្ញាថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា។ លោកបន្តថា ដោយសារសន្តិភាព និងស្ថិរភាពនយោបាយ វាធ្វើឱ្យកម្ពុជាមានឱកាសបង្ហាញទៅកាន់ពិភពលោកនូវកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈនយោបាយខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលជាបន្តបន្ទាប់។
លោកបានបន្ថែមថា៖ «ជាអាទិ៍ ការប្រកាសរបស់កម្ពុជានៅ COP26 អំពីការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ការមិនសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ និងការបង្កើនសមាសភាគថាមពលស្អាត (ដូចជាថាមពល ព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលអ៊ីដ្រូហ្ស៊ែនបៃតង ជាដើម)»។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងបន្តពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងសហប្រតិបត្តិការ និងភាពជាដៃគូក្នុងគោលដៅចម្បង ដើម្បីពង្រឹងតួនាទីជាម្ចាស់ក្នុងការកំណត់គោលនយោបាយ និងអាទិភាពនៃសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងធ្វើពិពិធកម្មភាពជាដៃគូ និងប្រភពហិរញ្ញវត្ថុដោយឯករាជ្យ ម្ចាស់ការ នៅក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ លោក ភក្ត្រា បានអះអាងថា កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍ «ការទទួលខុសត្រូវរួមតែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន» និងពហុភាគីនិយម ដោយបានដាក់របាយការណ៍នៃការរួមចំណែកជាតិក្នុងការអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួល អាកាសធាតុជាទៀងទាត់។
លោកបានបញ្ជាក់ថា៖ «កម្ពុជាក៏បានដាក់ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន» ក្នុងឆ្នាំ ២០២១ ដូចការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំកំពូលស្តីពី «មហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ» ឆ្នាំ ២០២០ ផងដែរ»។
ក្រៅពីសកម្មភាពទាំងនេះ លោកក៏បានអះអាងទៀតថា កម្ពុជាបន្តប្តេជ្ញាចិត្ត និងប្រកាន់ខ្ជាប់គោលការណ៍ជាច្រើនទៀត ក្នុងការធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍជាតិ និងពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាដូចជា ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន «LTS4CN» ដូចជាចក្ខុវិស័យនៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ ឆ្នាំ ខាងមុខ។
ក្រសួងបរិស្ថានបានប្រកាសថា តាមរយៈយុទ្ធសាស្ត្រទាំងនេះនឹងផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសុទ្ធដែលមានដល់ទៅ ២,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៥០ និងអត្ថប្រយោជន៍សង្គម និងបរិស្ថានជាច្រើនទៀតដែលមានទាំងអត្ថប្រយោជន៍រួមនៃការបន្ស៊ាំសម្រាប់សកម្មភាព LTS4CN ត្រូវបានប៉ាន់ប្រមាណថា មានចំនួនលើសពីផលប្រយោជន៍សេដ្ឋកិច្ចជិត ៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០៥០។ នេះបើតាមការអះអាងរបស់លោក នេត្រ ភក្ត្រា៕