ភ្នំពេញៈ ថវិកាជិត ៦ លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន ៦ និងឃុំចំនួន ៧ ដែលទទួលផលប្រយោជន៍ពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាក់កាលទី ១ និងដើម្បីត្រៀមប្រកាសជាខេត្តដែលអស់មីននៅចុងឆ្នាំនេះ និងពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខ។
នេះបើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងការអនុវត្តផែនការបន្ត កាលពីថ្ងៃទី ៥ ខែកញ្ញា នៅទីស្នាក់ការអាជ្ញាធរមីន។
លោកបានលើកឡើងថា តបតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១ ខែកក្កដា កន្លងទៅ នៅក្នុងទិវាមច្ឆជាតិនៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ វិស័យឯកជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរជាច្រើនបានសម្រេចចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចឱ្យអាជ្ញាធរមីនក្នុងការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោយផ្ទាល់សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»នេះ។
លោក លី ធុជ មានប្រសាសន៍ថា៖ «រហូតដល់ពេលនេះ មានខេត្តចំនួន ៦ និងឃុំចំនួន ៧ បានទទួលផលប្រយោជន៍ពីគម្រោងសម្តេចតេជោដំណាក់កាលទី ១ នេះ ដែលខេត្តទាំងនោះមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង»។
អនុប្រធានទី ១ អាជ្ញាធរមីនរូបនេះបានបន្ថែមថា ចំណែកឃុំចំនួន ៧ ដែលទទួលបានផលប្រយោជន៍ពីគម្រោងនេះដែរនោះ គឺស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ថា៖ «ខេត្ត និងឃុំទាំងនេះ នឹងត្រូវធ្វើការបោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ៤២ ៥១៣ ៧២៩ ម៉ែត្រក្រឡា ឬ៤២,៥១ គីឡូម៉ែត្រក្រឡាដែលស្មើនឹង ៥២០ ចម្ការមីនដោយប្រើប្រាស់ថវិកាជាង ៥,៧ លានដុល្លារ»។
គួរបញ្ជាក់ថា អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រតិបត្តិករជាតិ រួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក,មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីរៀបចំផែនការបោសសម្អាតមីនជាអាទិភាព និងធ្វើការវិភាជន៍កម្លាំងបោសសម្អាតមីនរបស់ប្រតិបត្តិករឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោក លី ធុជ បានថ្លែងដែរថា អាជ្ញាធរមីន ក៏បានបញ្ជូនក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីនដើម្បីសិក្សា និងវាយតម្លៃស្ថានភាពចម្ការមីនជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីកាត់បន្ថយនូវរយៈពេលនៃការបោសសម្អាត និងការចំណាយផ្សេងៗគាំទ្រដល់ការងារបោសសម្អាតមីន។
លោកលី ធុជ បានបញ្ជាក់ថា៖«ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន និងប្រតិបត្តិជាតិទាំង ៣ ដែលបានបំពេញការងារយ៉ាងសកម្មភាព និងផ្តល់កិច្ចសហការគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរក្នុងគោលដៅរួមគឺពន្លឿនការបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹងឱ្យអស់ពីទឹកដីកម្ពុជា ក្នុងឆ្នាំ ២០២៥ ស្របតាមទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី»។
ដោយឡែក អាជ្ញាធរជាតិ ព្រះវិហារ និងកងកម្លាំងកំចាត់មីនមកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក៏បានចុះសិក្សានៅភូមិសា្រស្តក្នុងរមណីយដ្ឋានប្រាសាទកោះកេរនៃខេត្តព្រះវិហារ និងបានពិភាក្សាពីផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ ២០២៣ ។
យោងតាមអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ក្រុមការងាររបស់អង្គភាពស៊ីម៉ាក់នឹងជួយរៀបចំផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទៅតាមតំបន់អាទិភាពដែលបានស្នើដោយអាជ្ញាធរជាតិព្រះវិហារនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ថា ផលប៉ះពាល់ជាអវិជ្ជមានដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំពោះការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជានៅតែជាបញ្ហាចម្បងនៅឡើយ ដែលនាំឱ្យរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពមីនជាអាទិភាពមួយដ៏សំខាន់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកបានថែ្លងថា៖ «ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីននេះគឺជាការបោះជំហានឆ្ពោះទៅមុខដ៏រឹងមាំ និងប្រកបដោយមហិច្ឆតា»៕