ភ្នំពេញៈជំងឺកូវីដ ១៩ បានរាតត្បាតទូទាំងសកលលោកចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតមកទល់បច្ចុប្បន្ន ក្នុងនោះកម្ពុជាក៏បានរងគ្រោះពីវិបត្តិសុខភាពសកលនេះផងដែរដែលនាំឱ្យវិស័យធំៗមួយចំនួននៅក្នុងប្រទេសមានការរង្គោះរង្គើ។ ទន្ទឹមនឹងផលប៉ះពាលនេះ វិស័យវាយនភណ្ឌកាត់ដេរ ក៏បានប្រឈមដែលធ្វើឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ បានបាត់បង់ការងារ ដោយសារតែរោងចក្រសហគ្រាសជាច្រើន បានបិទទ្វារ ព្រោះគ្មានការបញ្ជាទិញ។
ដោយសារតែទទួលរងស្ថានភាពបែបនេះហើយ ទើបរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញកម្មវិធីនានាដើម្បីពង្រឹងដល់សមត្ថភាពរបស់ពួកគេក្នុងរយៈពេលខ្លីពាកព័ន្ធនឹងជំនាញបច្ចេកទេសឬហៅថា ជំនាញរឹង និងទំនាញទ្រឹស្តី ឬជំនាញទន់ ក្នុងវិស័យនានាជាបន្តបន្ទាប់ ក្រោយពីពួកគេបានទទួលរងផលប៉ះពាល់បណ្តាយឱ្យបាត់បង់ការងារ។
កាលពីឆ្នាំ ២០២១ ក្រសួងបានបណ្តុះបណ្តាលជំនាញរឹងដល់កម្មករ និងពលរដ្ឋចំនួន ៦ ៥០០ នាក់ ហើយក្នុងនោះ ក៏បានរៀបចំបណ្តុះបណ្តាលជំនាញទន់ដល់កម្មករនិយោជិតសរុបចំនួន ៦៨ ០០០ នាក់ (ស្រី ៥៤ ៧៩៩ នាក់) មកពីរោងចក្រសហគ្រាសចំនួន ១០៨ ផងដែរ។
សម្រាប់ឆ្នាំ ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលគោលការណ៍ថ្មីបន្ថែមទៀតក្នុងការផ្តល់ការសិក្សាលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗចំនួន ៧ ៥០០ កន្លែង ដោយជំនាញទាំងនោះកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត។
អ្នកស្រី ភឿន សុខាល័យ ជាបុគ្គលម្នាក់ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល ៤ ខែ កាលពីដើមឆ្នាំ ២០២១ ក្នុងជំនាញធ្វើនំប៉័ងហើយបច្ចុប្បន្នបានបើកហាងនំជាលក្ខណៈគ្រួសារនៅស្រុកកំណើតដែលស្ថិតក្នុងស្រុកស៊ីន្ធរកណ្តាលខេត្តព្រៃវែង។
បន្ទាប់ពីរៀនចេះជំនាញថ្មីពីកម្មវិធីដែលផ្តល់ឱ្យដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកស្រី បានអះអាងថា អ្នកស្រីបានសម្រេចបើកអាជីវកម្មដោយខ្លួនឯង បន្ទាប់ពីបាត់បង់ការងារជាអ្នកបម្រើការតាមផ្ទះនៅក្រុមហ៊ុនឯកជន១កន្លែង ក្នុងរាជធានីភ្នំពេញ។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សព្វថ្ងៃ ខ្ញុំបានបើកលក់នំប៉័ង នំខេក នៅស្រុកជាលក្ខណៈគ្រួសារខ្នាតតូច។ ខ្ញុំបើកនៅខែ ១២ ឆ្នាំ ២០២១ ក្រោយរៀនវគ្គខ្លីចប់បានមួយរយៈ។ ដោយទទួលបានការបង្ហាត់បង្រៀន និងការណែនាំពីការប្រើប្រាស់ផលិតផល និងធ្វើនំពីគ្រូនៅក្នុងវិទ្យាស្ថាន។ អ្នកនៅក្នុងភូមិរបស់ខ្ញុំ គាត់ទទួលស្គាល់ថា នំដែលខ្ញុំធ្វើ គឺប្លែកពីនំប៉័ងកញ្ឆេ ព្រោះឆ្ងាញ់ជាង និងល្អជាង»។
ស្ថិតក្នុងស្ថានភាពអាជីវកម្មដំណើរការល្អបង្គួរ អ្នកស្រី សុខាល័យ បាននិយាយបន្តថា ការទទួលបានជំនាញថ្មី គឺបានជួយអ្នកស្រីឱ្យមានលំនឹងនៅក្នុងទីផ្សារ បើទោះមិនបានបន្តការងារជាអ្នកបម្រើការតាមផ្ទះនៅក្នុងក្រុមហ៊ុនបន្ត ក៏អ្នកស្រី អាចមានអាជីវកម្មផ្ទាល់ខ្លួន ដែលជួយដល់ជីវភាពប្រចាំថ្ងៃឱ្យបានល្អប្រសើរផងដែរ។
និយាយដោយការពេញចិត្តបន្ទាប់ពីរៀនចេះនូវជំនាញថ្មីដែលបានជួយឱ្យអ្នកស្រីមានពេលវេលាគ្រប់គ្រាន់បាននៅជិតគ្រួសារ និងកូនៗ ស្ត្រីមានវ័យជិត ៤០ ឆ្នាំ រូបនេះ បានរៀបរាប់ទៀតថា នៅពេលចេះជំនាញបន្ថែម គឺមិនត្រឹមមើលឃើញឱកាសទីផ្សារការងារកាន់តែទូលាយនោះទេ គឺវាបានបង្កលក្ខណៈងាយស្រួលឱ្យអ្នកស្រីកាន់តែច្រើនក្នុងការចាប់យកឱកាសបើកអាជីវកម្មដោយខ្លួនឯង។
អ្នកស្រីបានបន្ថែមថា៖ «សំខាន់ជាងគេ គឺមានមោទនភាពលើខ្លួនឯង ហើយចំណេះនេះ គឺអាចទុកតកូនតចៅទៅជំនាន់ក្រោយបានទៀត។ ខ្ញុំកំពុងពង្រឹងខ្លួនឯង និងចង់ឱ្យប្រជាពលរដ្ឋក្នុងភូមិរបស់ខ្ញុំគាត់ហូបរបស់ល្អឆ្ងាញ់ បើទោះជានំរបស់ខ្ញុំ មានតម្លៃថ្លៃជាងរបស់ទូទៅបន្តិចមែន តែគុណភាពរបស់យើងមានស្តង់ដា»។
លោក ម៉ៅ លីម ដែលជាកម្មកររោងចក្រផ្នែកតុកាត់ក្នុងរោងចក្រ ១ កន្លែងនៅរាជធានីភ្នំពេញបាននិយាយថា កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ លោកបានផ្អាកការងារមួយរយៈ ព្រោះតែវិបត្តិជំងឺរាតត្បាតកូវីដ ១៩។ លោក ម៉ៅ លឹម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងអំឡុងពេលព្យួរការងារ ក្រៅតែពីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល លោក ក៏ទទួលបានការបណ្តុះបណ្តាលជំនាញទ្រឹស្តី ឬហៅថា ជំនាញទន់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
លោក ម៉ៅ លឹម ដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយកម្មករដទៃទៀតនៅក្នុងរោងចក្រ បាននិយាយបន្តថា៖ «នៅពេលស្បើយពីកូវីដបន្តិច យើងក៏ទទួលបានការបង្ហាត់បង្រៀន មកកាន់ក្រុមកម្មករនៅរោងចក្រខ្ញុំផ្ទាល់តែម្តង។ គាត់ (មន្ត្រី) បានបង្ហាញ និងពន្យល់យើងទាំងអស់គ្នា អំពីការងាររកស៊ី និងរបៀបរបបនៃការរកស៊ី ហើយក៏បានពន្យល់យើងពីក្បួនខ្នាតនៃការដេរប៉ាក់អ៊ីចឹងទៅ។ គេបង្រៀនយើងឱ្យយកចិត្តទុកដាក់ និងមានគោលជំហរច្បាស់លាស់ ហើយយើងត្រូវមានគោលដៅរបស់យើងឱ្យបានច្បាស់លាស់ មិនត្រូវធ្វើអ្វីដោយប្រថុយប្រថានទេ»។
ឆ្លងកាត់បទពិសោធពីកម្មករធម្មតារហូតក្លាយជាកម្មករជំនាញនិងប្រឡូកការងារក្នុងរោងចក្រអស់ជាច្រើនឆ្នាំ លោក ម៉ៅ លឹម បន្តថា ការទទួលបានការបណ្តុះបណ្តាលជំនាញទន់នេះ គឺបានចូលរួមចំណែកផ្តល់នូវចំណេះដឹង និងជួយតម្រង់ទិសដល់លោកក្នុងការចាប់យកឱកាសផ្សេងៗដូចជាជំរុញឱ្យគិតគូរពីឱកាសក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន នៅពេលឈប់សម្រាកពីការងាររោងចក្រ។
លោកមានក្តីសង្ឃឹមថា៖ «នៅពេលខាងមុខ បើមានធនធាន និងមានសមត្ថភាព ខ្ញុំនឹងចាប់ឱកាសក្នុងការបើកក្រុមហ៊ុនតូចមួយពាក់ព័ន្ធជំនាញដែលខ្ញុំចេះ ហើយខ្ញុំនឹងបន្តស្វែងយល់បន្ថែមទៀតនូវជំនាញដែលផ្តល់ឱ្យដោយក្រសួងដើម្បីមើលថា ការបណ្តុះបណ្តាលណាដែលជួយពង្រឹងដល់ជំនាញ និងសមត្ថភាពរបស់ខ្ញុំ»។
កាលពីថ្ងៃទី ៤ សីហា ក្រសួងការងារ និងបណ្តុះបណ្តាល បានបង្ហាញការស្ទង់មតិមួយ ដោយរកឃើញថា អ្នកទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬ TVET ពីកម្រិត ១ ដល់កម្រិត ៤ ទទួលបានតួនាទីជាអ្នកបច្ចេកទេសរហូតដល់ទៅជាង ៤៥ ភាគរយ និងកម្រិតអ្នកគ្រប់គ្រងរហូតដល់ឯកទេសមានជាង ១៧ ភាគរយ ខណៈមុខរបរមួយចំនួនដែលប្រហែលជាមិនទាក់ទងនឹងជំនាញមាន ១៩ ភាគរយ។
ជាមួយនឹងការសិក្សានេះ ក្រសួង ក៏បានបង្ហាញដែរថា ចំពោះការងារលើវិស័យមេកានិចរថយន្ត គឺមានជាង ១៣ ភាគរយ ហើយអ្នកដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងរួច បានក្លាយជាសហគ្រិន ឬម្ចាស់អាជីវកម្មផ្ទាល់ខ្លួនមានជាង ៥ ភាគរយ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានលើកឡើងថា ការដែលពលរដ្ឋម្នាក់ៗ ជាពិសេស គឺកម្មករ កម្មការិនី មានជំនាញលើសពី ១ នោះនឹងធ្វើឱ្យពួកគាត់ មានសមត្ថភាពអាចឆ្លើយតបទៅតម្រូវការទីផ្សារ ជាពិសេសគឺធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការចាប់យកឱកាសការងារ ដោយគ្មានការភ័យខ្លាច។
បន្ថែមពីនេះ លោកថ្លែងថា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករ គឺជារឿងមួយដែលត្រឹមត្រូវដើម្បីកែប្រែនូវអ្វីដែលកម្ពុជាកំពុងជួបប្រទះ ខណៈកម្មករកម្ពុជាភាគច្រើន មិនមានពហុជំនាញដែលធ្វើឱ្យពួកគាត់ងាយរងគ្រោះនៅកន្លែងការងារបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា៖ «ការបង្កើតការងារឱ្យចំគោលដៅហ្នឹង ខ្ញុំគិតថា គួរតែត្រូវនឹងបរិបទនៅក្នុងសហគមន៍ និងទីផ្សារការងារនៅជិតពួកគាត់។ កន្លងមក យើងរកឃើញបញ្ហាដែរថា បើពួកគាត់ មិនមានព័ត៌មានទីផ្សារការងារនៅជិតមូលដ្ឋានរបស់គាត់ ហើយជំនាញរបស់គាត់មិនត្រូវនឹងអ្វីដែលគេចង់បាន ច្រើនតែមានការធ្វើចំណាកស្រុក»។
បន្ថែមពីនេះ លោក ឃុន ថារ៉ូ ក៏ចង់ឃើញរដ្ឋាភិបាលបន្តការគាំទ្រនៅក្នុងអំឡុងពេលកម្មករទទួលការបណ្តុះបណ្តាល និងក្រោយពេលទទួលបានការបណ្តុះបណ្តាលផងដែរ ដើម្បីឱ្យពួកគាត់មានលទ្ធភាពពេលលេញក្នុងការចាប់យកជំនាញប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «យើងក៏មិនគួរតែផ្តោតទៅលើកម្មករដែលបាត់បង់ការងារដែរគឺយើងគួរតែផ្តោតទៅលើនិយោជិត ដែលកំពុងបំពេញការងារផង ប្រសិនបើគាត់ចង់បង្កើននូវសមត្ថភាពជំនាញផ្សេងបន្ថែមទៀត ដែលនេះ គឺជារឿងមួយដ៏ល្អ។ ទាំងនេះទើបស្របនឹងបរិបទទីផ្សារការងារនៅក្នុងស្រុកខ្មែរយើង»។
លោក ថង សាម៉ុន អគ្គនាយករងអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបាននិយាយថា ការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលក្រសួងបានផ្តល់ជូននេះ គឺមិនត្រឹមមិនគិតថ្លៃនោះទេ តែក្រសួងក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ឬសិក្ខាកាម រួមទាំងកន្លែងខ្លះ ក៏បានផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃផងដែរ។
ជាមួយនឹងការអះអាងបែបនេះ លោក សាម៉ុន បានថ្លែងបន្តថា ការទទួលបានជំនាញរយៈពេលខ្លី មិនថា សិក្ខាកាម ទទួលបានវគ្គបណ្តុះបណ្តាលជំនាញថ្មីបន្ថែម ឬវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញរបស់ខ្លួននោះទេ គឺសុទ្ធតែជាឱកាសសម្រាប់សិក្ខាកាមក្នុងការចាប់យកឱកាសការងារនៅក្នុងទីផ្សារបច្ចុប្បន្ន និងអនាគត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យយុវជន កម្មករ កម្មការិនី មកចាប់អារម្មណ៍ឬក៏ងាកមកសិក្សាជំនាញបច្ចេកទេសនេះ ព្រោះយើងមានការផ្តល់អាហារូបករណ៍ ហើយកន្លែងខ្លះ មានផ្តល់កន្លែងស្នាក់នៅជាដើម។ ជាពិសេសនោះ យើង ក៏បានជួយតម្រង់ទិសឱ្យពួកគាត់ទទួលបានឱកាសការងារផ្សេងៗ និងការប្រឹក្សាយោបល់ផងដែរ»។
បើតាមលោក ថង សាប៉ុន ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រសួងបានបណ្តុះបណ្តាលជំនាញរយៈពេលខ្លីដល់សិក្ខាកាមជាមធ្យមក្នុងរង្វង់ប្រមាណ ៣ ម៉ឺននាក់ ក្នុង ១ ឆ្នាំ ហើយសរុបរយៈពេល ៥ ឆ្នាំនេះ មានសិក្ខាកាមសរុបយ៉ាងតិច ១៥ ម៉ឺននាក់ បានទទួលនូវការបណ្តុះបណ្តាលជំនាញខ្លីពីក្រសួង៕