ព្រះវិហារៈ សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទូចឱ្យស្ថាប័នពាក់ព័ន្ធ ចុះទៅពិនិត្យមើលបទល្មើសព្រៃឈើជាក់ស្តែងក្នុងដែនជម្រកសត្វព្រៃព្រះរកា បន្ទាប់ពីសហគមន៍នេះបានបន្តរកឃើញបទល្មើសព្រៃឈើចំនួន ២៤៩ ករណីបន្ថែមទៀតក្នុងខែសីហា។
លោក ថោង ស៊ុត សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកញ្ញាថា ក្រុមល្បាតសហគមន៍បានចុះអង្កេតបទល្មើសព្រៃឈើចំនួន២លើក ដែលលើកទី១ ធ្វើកាលពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា និងលើកទី២ នៅថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៧ ខែសីហា។ សរុបរកឃើញបទល្មើសព្រៃឈើកើតឡើងចំនួន ២៤៩ ករណី ដែលក្នុងនោះមានក្តារបន្ទះបន្សល់ទុកចំនួន ២៨៦ សន្លឹក ឈើតាប់ចំនួន៣១៣ សន្លឹក ប្រទះឃើញរទេះក្របីកំពុងដឹកឈើចំនួន៣គ្រឿង គោយន្តចំនួន ២ គ្រឿងផងដែរ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយរូបនេះលើកឡើងទៀតថា ដើមឈើប្រណីត ដើមឈើធំៗ ក្នុងដែនជម្រកព្រៃព្រះរកាបច្ចុប្បន្ន ត្រូវបានកាប់បំផ្លាញដឹកយកចេញអស់ប្រមាណ៨០ភាគរយហើយ នៅសល់តែដើមឈើតូចៗ ដែលប្រើមិនសូវកើត។
លោកថ្លែងថា៖ «បើចង់ដឹងជាក់ស្តែង ឱ្យ[ស្ថានប័នពាក់ព័ន្ធ]ចូលមក ខ្ញុំនឹងបង្ហាញតឹកតាង។ ព្រៃព្រះរកាវាលអស់ហើយសព្វថ្ងៃនេះ។ គិតមើល៍តាំងពីដើម នៅរដ្ឋបាលព្រៃឈើដូចរាងតឹងរ៉ឹងទេ ដល់ពេលផ្ទេរពីឆ្នាំ ២០១៦ មកបរិស្ថាន វាកាន់តែរេចរឹលហិនហោចអស់»។
លោក ថោង ស៊ុត បញ្ជាក់ថា ដើម្បីដឹងច្បាស់ពីបទល្មើសព្រៃឈើទាំងនេះ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ចុះទៅពិនិត្យជាក់ស្តែង កុំចោទប្រកាន់ទៅលើក្រុមសហគមន៍ ដែលបានចុះពិនិត្យឃើញជាក់ស្តែង ហើយបញ្ចេញព័ត៌មានទៅ បែរជាចោទមកវិញថា ជាព័ត៌មានមិនពិតឬយ៉ាងណានោះ។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរ អំពាវនាវទាំងក្រសួងបរិស្ថាន មន្ទីរពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួម កុំឱ្យចោទម្ខាងៗ។ ខ្ញុំចង់ឱ្យចូលរួមតាំងពីសហគមន៍ មន្ត្រីតវ៉ា និងក្រសួងមន្ទីរទាំងអស់ ចូលរួមទាំងអស់គ្នា កុំឱ្យចោទឯង ចោទអញ»។
ទោះយ៉ាងណាលោកប្រាប់ថា ការចុះល្បាតទៅពិនិត្យមើលបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកានេះ មិនបានរាយការណ៍ដល់មន្ត្រីជំនាញបរិស្ថាន ឬអាជ្ញាធរទេ ដោយសារតែអ្នកទាំងនោះមិនចង់ឱ្យមានការចុះអង្កេតតាមដានបទល្មើសព្រៃឈើ និងថែមទាំងហាមឃាត់ក្រុមល្បាតសហគមន៍ មិនឱ្យចូលដោយសំអាងថា គ្មានតួនាទីក្នុងការចុះពិនិត្យតាមដានបទល្មើសទៀតផង។
សេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ចេញថ្ងៃទី ៥ ខែកញ្ញា ឱ្យដឹងថា សហគមន៍ខកចិត្ត និងមានក្តីព្រួយបារម្ភជាពន់ពេក ចំពោះការបណ្តែតបណ្តោយ និងភាពអសកម្មរបស់មន្ត្រីពាក់ព័ន្ធ ធ្វើឱ្យបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរកាបន្តកើតឡើងឥតស្រាកស្រាន្តពី ១ ថ្ងៃទៅ ១ ថ្ងៃ។ ឈើដែលត្រូវបានកាប់ភាគច្រើនជាប្រភេទឈើ ឈើទាល ពពេល គគីរ ត្រាច ដួងចែម ស្ទៀង ត្រសេក ក្រឡាញ់ មានមុខកាត់ចាប់ពី ៤០ សង់ទីម៉ែត្រ ដល់ ១៤០ សង់ទីម៉ែត្រ ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ បង្ហាញទស្សនៈថា ការមិនអើពើដោះស្រាយ និងទុកឱ្យបទល្មើសព្រៃឈើបន្តកើតឡើងនេះ វាមិនឆ្លើយតបទៅនឹងការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការបង្កើនគម្របព្រៃឈើឱ្យបាន ៦០ ភាគរយ ត្រឹមឆ្នាំ ២០២៩ ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិ ដែលដាក់ឱ្យអនុវត្ត ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០២៩ ព្រមទាំងការប្តេជ្ញាក្នុងសន្និសីទអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១ (COP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្តេជ្ញាចិត្តបង្កើនគម្របព្រៃឈើឱ្យបាន ៦០ ភាគរយ ដូចគ្នាត្រឹមឆ្នាំ ២០៣០ ឡើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែសីហាថា ក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការអធិប្បាយលើរបាយការណ៍របស់ភាគីទី៣ ណាមួយទេ។ ក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ក្រោមដែនយុត្តាធិការ របស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថានសូមជម្រាបជូនថា បច្ចុប្បន្ន បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសខ្នាតតូច ដែលមន្ត្រីជំនាញ ជាពិសេស មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បន្តទប់ស្កាត់ និងបង្ក្រាបជាប្រចាំ»។
លោកឱ្យដឹងទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ សម្រាប់ ៨ ខែ ឆ្នាំ ២០២២ នេះ ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៥ ខែសីហា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានចុះល្បាតចំនួន ១៤ ៦៩២ លើក បង្ក្រាបបានបទល្មើសចំនួន ៤ ២៥០ ករណី ដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
ជាមួយគ្នានោះមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ ដោយបានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួន ៧៥៨ ម៉ែត្រគុប ដកហូតវត្ថុតាងជាមធ្យោបាយ ឧបករណ៍សម្ភារ ក្នុងនោះ រួមមានរណារយន្តចំនួន១ ៧២៤ គ្រឿង រថយន្ត ៥១ គ្រឿង ត្រាក់ទ័រចំនួន ៧ គ្រឿង គោយន្តកន្ត្រៃចំនួន ១៣៨ គ្រឿង ម៉ូតូ ១៥២ គ្រឿង ដោះអន្ទាក់សត្វចំនួន ២៦ ៥៨៨ អន្ទាក់ ដកហូតអាវុធកែច្នៃចំនួន ៣៤៤ ដើម បានធ្វើការអប់រំកិច្ចសន្យាចំនួន ១ ១៦៧ ករណី បានធ្វើពិន័យអន្តរការណ៍ចំនួន ២៥៨ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ៣៥៣ ករណីផងដែរ៕