ភ្នំពេញៈ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់ (PAB) កាលពីថ្ងៃទី ៦ ខែកញ្ញា បានបើកកិច្ចប្រជុំ ជាលើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០២២ និងផែនការអនុវត្ត ឆ្នាំ ២០២៣ ដោយមានការចូលរួមពីភាគីរាជរដ្ឋាភិបាល ILO អង្គការសហជីព និងសមាគមនិយោជក។
នេះជាកិច្ចប្រជុំលើកទី៣ ដែលបានរាយការណ៍ពីសមិទ្ធផលសកម្មភាពគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងត្រីមាសទី៣ ឆ្នាំ ២០២២ ដែលការសិក្សាវិភាគលើឯកសារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងប្រទេសកម្ពុជា។
លទ្ធផលសិក្សាដែលពាក់ព័ន្ធនឹងអនុសញ្ញាលេខ ១៨៧ វឌ្ឍនភាពលើរៀបចំ និងអនុម័តលើឯកសារ បទដ្ឋានគតិយុត្តផ្សេងៗ ស្តីពីសុខភាព និងសុវត្ថិភាពការងាររួមមានគោលនយោបាយស្តីពីសុវត្ថិភាពការងារ ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រទេសកម្ពុជា និងផែនការមេស្តីពីសុខភាព និងសុវត្ថិភាពការងារជាដើម។
ជុំវិញការពិភាក្សាលើគម្រោងនេះ អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី ចាត់ទុកការប្រជុំលើកទី៣នេះដំណើរការទៅដោយរលូនល្អ ក្នុងគោលដៅលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់។
បើតាមលោក យ៉ាន់ ធី អង្គប្រជុំបានធ្វើការពិភាក្សាទៅលើបញ្ហាចំនួន ២ ទី១ គឺការពិភាក្សាទៅលើសុខភាព និងសុវត្ថិភាពការងារ របស់កម្មករវិស័យសំណង់ដោយមើលទៅលើច្បាប់ និងគោលនយោបាយរបស់ក្រសួងការងារ។
ចំណែកឯបញ្ហាទី២ គឺការពិភាក្សាផ្ដោតទៅលើបញ្ហាប្រឈម ស្ដីអំពីបញ្ហាផលិតផលមួយចំនួននៅក្នុងវិស័យសំណង់ ដែលមានជាតិអាបេស្ដុសហើយការប្រើប្រាស់ផលិតផលដែលមានជាតិអាបេស្តុសនេះ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពកម្មករ។
លោក យ៉ាន់ ធី បញ្ជាក់ថា៖ «កម្មករនៅវិស័យសំណង់ ច្រើនប្រឈមនូវគ្រោះថ្នាក់ការងារ ហើយមួយទៀតទាក់ទងនឹងប្រព័ន្ធកិច្ចគាំពារសង្គម។ នៅការដ្ឋានសំណង់បុរីមួយចំនួន ភាគច្រើនពួកគាត់មិនទាន់ទទួលបាន បសសនៅឡើយទេ»។
លោក យ៉ាន់ ធី បានសំណូមពរដល់ភាគីដែលពាក់ព័ន្ធ មានរដ្ឋាភិបាល និយោជក រួមគ្នាអនុវត្តនូវគោលការណ៍ឬគោលនយោបាយ ដែលបានសម្រេច និងកំពុងដាក់អនុវត្ត ដើម្បីគាំពារដល់កម្មករក្នុងវិស័យសំណង់នៅកម្ពុជា៕