ភ្នំពេញៈ មកដល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៩៦.៦ ភាគរយហើយ រីឯសម្រាប់ពេលវេលាជាក់លាក់ក្នុងការបើកដំណើរការសាកល្បង នឹងត្រូវប្រកាសដោយថ្នាក់ដឹកនាំនៅខែតុលា។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកហ៊ាង សុទ្ធាយុត្តិ នៅថ្ងៃទី ៧ ខែកញ្ញា។
លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ដូច្នេះ ធ្វើឡើងក្រោយពេលដែលការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវជួបនឹងបញ្ហាខ្លះ ដោយសារប្រជាពលរដ្ឋនាំគ្នាកាត់របងលួសអមសងខាងផ្លូវល្បឿនលឿន ដើម្បីសម្រួលការធ្វើដំណើររបស់សត្វពាហនៈដែលពួកគាត់ចិញ្ចឹម។ ការណ៍នេះបង្កឱ្យមានការសាងសង់ផ្លូវល្បឿនលឿន ត្រូវជួបភាពរអាក់រអួល។ ទោះយ៉ាងណា នៅចំពោះមុខបញ្ហានេះ ខាងអាជ្ញាធរកំពុងដោះស្រាយ ដោយណែនាំទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការកាត់របងលួសនេះ។ លើសពីនេះទៀត លោកថា ក្រសួងបានណែនាំទៅក្រុមហ៊ុន អាជ្ញាធរ និងមន្ទីរជំនាញ ដាក់ការងារភ្ជិតរបងអមសងខាងផ្លូវល្បឿនលឿននេះឱ្យបានឆាប់រហ័សសមស្របតាមស្តង់ដាឡើងវិញ។
លោក ហ៊ាង សុទ្ធាយុត្តិ លើកឡើងថា៖ «បើមិនភ្ជិតរបងឡើងវិញទេ គឺវានឹងប៉ះពាល់ដល់សត្វពាហនៈ និងមនុស្សអាចមានលទ្ធភាពឆ្លងកាត់បាន ហើយអាចបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍។ ក្រៅពីការងារកែលម្អរបងលួសឡើងវិញ យើងក៏នឹងណែនាំទៅកាន់ប្រជាពលរដ្ឋតាមអាជ្ញាធរមូលដ្ឋានបន្ថែមទៀតអំពីបញ្ហានេះ»។
កន្លងមក លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រសួងមហាផ្ទៃ ធ្វើការអប់រំប្រជាពលរដ្ឋមួយចំនួនដែលបានកាត់របងលួសនៅអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២។
តាមរយៈកិច្ចប្រជុំកន្លងទៅនេះ បើគ្មានការប្រែប្រួលណាមួយទេ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ដំណើរការសាកល្បងនៅដើមខែតុលា ឆ្នាំ ២០២២ នេះ ដោយមិនយកថ្លៃសេវារយៈពេល១ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានបើកបរសាកល្បង និងធ្វើដំណើរនៅលើដងផ្លូវនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាព នៃការធ្វើចរាចរណ៍នៅតាមផ្លូវនេះ ពីព្រោះប្រជាពលរដ្ឋ ដែលមានរថយន្តស៊េរីទំនើបៗ បើកបរក្នុងល្បឿនលឿន ដែលអាចបង្កឱ្យមានការគ្រោះថ្នាក់ទាំងអ្នកបើកបរ និងធ្វើដំណើររួមគ្នា។
លោកស្នើសុំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការផ្សព្វផ្សាយ និងណែនាំតាមរយៈវីដេអូ និងអប់រំដោយផ្ទាល់នៅកន្លែងបញ្ជរបង់លុយ ទៅដល់អ្នកប្រើប្រាស់ប្រាស់ផ្លូវនេះ ដើម្បីបានដឹងពីល្បឿនកំណត់។ មួយទៀត លោកស្នើសុំឱ្យបំពាក់ស្លាកសញ្ញានៅតាមដងផ្លូវ ឱ្យបានច្រើនទីតាំង និងបំពាក់កាមេរ៉ាសុវត្ថិភាព។
លោក គឹម បញ្ហា បានថ្លែងថា៖ «បើធ្វើបាន ដូចផ្លូវជាតិលេខ៣ មានកាមេរ៉ាចាប់ល្បឿន និងមានមន្ត្រីដែលពាក់ព័ន្ធមួយចំនួន ដើម្បីឃាត់ខ្លួន ក្នុងពេលពិនិត្យឃើញពលរដ្ឋយើងបើកលឿនៗ។ យើងឃើញហើយ មិនទាន់បើកឱ្យជិះផង មានអ្នកលួចជិះ ហើយគ្រោះថ្នាក់ជាបន្តបន្ទាប់»។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧,០ ៥គីឡូម៉ែត្រ និងបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអនុវត្តការសាងសង់ ដោយក្រុមហ៊ុន PPSHV Expressway Co.,Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ព្រមទាំងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន MINCONSULT SDN.BHD។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រើរយៈពេលសាងសង់ ៤៨ ខែ ដោយចំណាយថវិកាជិត ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ផ្លូវនេះមានគន្លងផ្លូវចំនួន ៤ គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧ កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣ កន្លែង ចំណតរថយន្ត ១ កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤ កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០ កន្លែង ស្ពានតូចចំនួន ៥ កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន ៤ ផ្សេងតៀត។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ ដែលនឹងជួយកាត់បន្ថយការចំណាយថវិកា និងពេលវេលាធ្វើដំណើរពីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ ម៉ោង មកនៅត្រឹមជាង ២ ម៉ោងប៉ុណ្ណោះ៕