កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន ២ ពីស្ថាប័ន World Travel Award លើកទី២៩ ដែលពានរង្វាន់ទាំង ២ នេះ បានតាមរយៈការបោះឆ្នោតរបស់ភ្ញៀវទេសចរប្រមាណ ២ លាននាក់ ជុំវិញពិភពលោក ជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ ២០២២។
សូមជម្រាបថា World Travel Award គឺជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ឧស្សាហកម្មទេសចរណ៍ ដែលផ្តល់រង្វាន់ដល់អ្នកដឹកនាំក្នុងវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។
ពិធីប្រគល់ពានរង្វាន់ទាំង ២ នេះ បានប្រារព្ធធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២២។ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំង ២ នេះ តំណាងរដ្ឋាភិបាលឱ្យកម្ពុជា។
លោក ថោង រដ្ឋសក្ដិ បានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ ១៩ ឆ្នាំ ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៕