ភ្នំពេញៈ ​កញ្ញា គង់ មួយ​លី បានបង្ហាញ​នូវ​បំណងចង់ឃើញ​ឪពុក​របស់​នាង ឈ្មោះ​ គង់ សំអាន អាយុ​ ៧០​ ឆ្នាំ ឱ្យមាន​សេរីភាព​ឡើងវិញ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ក្រោយ​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​ ៧ ​ឆ្នាំ កាលពី​ឆ្នាំ​ ២០២០​។

នៅ​ថ្ងៃទី​ ៤ ខែ ឧសភា​ ឆ្នាំ​ ២០២២​ តុលាការ​កំពូល​សម្រេច​តម្កល់​សំណុំរឿង​លោក គង់ សំអាន ទុកជាបានការ​ដដែល បន្ទាប់ពី​តុលាការ​នេះ​បាន​បើកសវនាការ លើ​បណ្ដឹង​សារទុក្ខ​សំណុំរឿង​លោក គង់ សំអាន ដែល​បាន​ប្ដឹង​ប្រឆាំងនឹង​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​។ តុលាការ​ថ្នាក់ក្រោម ដែល​បាន​កាត់ទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ​ ៧​ ឆ្នាំ​ កាលពី​ឆ្នាំ​ ២០២០​។ លោក គង់ សំអាន និង​សកម្មជន​ ៦ ​នាក់​ផ្សេងទៀត ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រួមគំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ក្នុង​ឆ្នាំ​ ២០១៩​។​

កញ្ញា គង់ មួយ​លី ថ្លែងថា​៖ «​ខ្ញុំ​សុំ​រាជរដ្ឋាភិបាល​និង​លោក ហ៊ុន ម៉ា​ណែ​ត ជួយ​ឱ្យគេ​ដោះលែង​ឪពុក​ខ្ញុំ​មកវិញ​ផង​។ ពិបាក​ណាស់​ពេល​ពុក​ខ្ញុំ​មិន​នៅ​បាត់បង់​ចំណូល​មួយផ្នែក​។ ការដោះលែង​ឪពុក​ខ្ញុំ​មកវិញ គឺ​ដើម្បីឱ្យ​គាត់​មានឱកាស​ផ្ទេរ​ចំណេះដឹង​ទៅ​ក្មេងជំនាន់ក្រោយ ក្មេងជំនាន់ក្រោយ​ត្រូវការ​គាត់​»។

កញ្ញា​ថ្លែងបន្តថា​៖ «​នេះ​ក៏ដោយ​សារ​ខ្ញុំ​យល់ថា ឪពុក​មាន​វ័យចាស់​ណាស់​ហើយ ហើយ​ម្យ៉ាង​កំពុងមាន​ជំងឺ​ប្រចាំកាយ​ទៀត​ដូចជា ជំងឺ​ក្រពះ ដុះ​សាច់​តម្រងនោម និង​បញ្ហា​មាត់​ធ្មេញ​ជាដើម​»។

ទោះយ៉ាងណា​ក៏ដោយ លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បានឱ្យដឹងថា ស្ថានភាព​សុខភាព​របស់លោក គង់ សំអាន មាន​សភាព​ធម្មតា​ទេ​មិន​ធ្ងន់ធ្ងរ​ដូច​ក្ដី​ព្រួយបារម្ភ​របស់​គ្រួសារ​ឡើយ​។

លោក សវ​នា ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​ជួប​គាត់ ​(​លោក គង់ សំអាន​) ផ្ទាល់​មើលទៅ​ដូច​ធម្មតា​ទេ តែ​ខ្ញុំ​មិន​ហ៊ាន​វាយតម្លៃ​យ៉ាងម៉េច​ទេ តែ​ខ្ញុំ​សួរ​អ្នកជំនាញ​គេ​និយាយ​ប្រាប់ថា សុខភាព​គាត់​អត់​អី​ទេ ហើយ​គេ​ក៏​ប្រាប់​ខ្ញុំ​ដែរ​ថា គាត់​មានតែ​បញ្ហា​មាត់​ធ្មេញ​ប៉ុណ្ណោះ​»។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​អះអាងថា ក្រុមគ្រួសារ​អ្នក​ជាប់ឃុំ​បានចាត់ទុក​រឿងរ៉ាវរ​បស់​ឪពុក​ឬ​ប្ដី​របស់ខ្លួន​ជា​រឿង​នយោបាយ ដូច្នេះហើយ​ទើប​ពួកគេ​សង្ឃឹមលើ​អ្នកនយោបាយ​ដែល​អាច​នឹង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បាន​។

លោក អំ សំអាត ថ្លែងថា​៖ «​ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល​ខ្ញុំ​យល់ឃើញថា អ្នកនយោបាយ​ទាំងអស់ គួរ​ត្រឡប់មក​អនុវត្ត​វប្បធម៌​សន្ទនា​ឬ​ការចរចា​ដែល​អ្នកនយោបាយ​ខ្មែរ​ធ្លាប់ធ្វើ​ពី​ដើម​មក​ដើម្បីឱ្យ​អ្នក​ជាប់ឃុំ​បាន​នៅក្រៅ​ឃុំ​ឬ​ទម្លាក់ចោល​បទ​ចោទ​ព្រោះ​រូបភាព​នេះ​យើង​ធ្លាប់​ឃើញ​នាពេល​កន្លងមក​»។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា ចំពោះ​ការស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​ដោះលែង​សកម្មជន​នយោបាយ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ឬ​កាន់បិណ្ឌ វា​អាស្រ័យ​លើ​លក្ខខណ្ឌ​អនុវត្ត​ទោស​ដែល​ក្រសួងយុត្តិធម៌​ធ្លាប់​អនុវត្ត​ចំពោះ​អ្នកទោស​ទូទៅ​នាពេល​កន្លងមក​។​

លោក សុខ ឥសាន​៖ «​មុន​ដោះលែង ទណ្ឌិត​ម្នាក់ៗ​ត្រូវបំពេញ​ទោស​របស់ខ្លួន ឱ្យបាន​ ២ ​ភាគ ​៣​ សិន ទើប​ជា​មូលដ្ឋាន​ដើម្បី​ឱ្យគេ​យកមក​វាយតម្លៃថា ​បុគ្គល​ជា​ទណ្ឌិត​ហ្នឹង​មានការ​រីកចម្រើន​ក្នុងការ​កែប្រែ​ខ្លួន​ដែរ ឬទេ​?»៕