
សកម្មភាពមន្ត្រីជំនាញបង្ក្រាបបទល្មើស។ រូបថត GRK
ភ្នំពេញៈ ជនសង្ស័យក្នុងបទល្មើសនេសាទ ៥២ នាក់ ត្រូវបានកម្លាំងបញ្ជាការស្រាលនៃគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទថ្នាក់ជាតិ និងថ្នាក់ខេត្តជុំវិញតំបន់បឹងទន្លេសាប កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ក្នុងនោះ មាន ២៦ នាក់ ត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោក អុឹង ទ្រី អ្នកនាំពាក្យរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ ថា គិតចាប់ពីដើមខែមីនា ដល់ដំណាច់ខែសីហា ឆ្នាំ ២០២២ កម្លាំងបញ្ជាការស្រាលនៃគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង ៦ ជុំវិញតំបន់បឹងទន្លេសាប បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៥២ នាក់ និងរឹបអូសវត្ថុតាងនៃបទល្មើស រួមមានអួនអូសទឹកសាបនិងអួនហ៊ុម សរុប ៥៧ វង់ របាំងស្បៃមុង និងសាច់អួនសរុបជាង ៤៣ ពាន់ម៉ែត្រ ឧបករណ៍ឆក់ ១ ២៩៧ គ្រឿង ម៉ាញ់ ១៤ វង់ ឈឹបយន្ត ២១ គ្រឿង លបលូស្បៃមុងជិត ៤ ៥០០ មាត់ ឬគ្រឿង បង្គោលចម្រឹងឈើនិងឫស្សីសរុបជិត ២៥ ម៉ឺនដើម និងរឹបអូសទូកនិងកាណូតសរុប ១៥៤ គ្រឿង។
លោកបានបញ្ជាក់ថា៖ «ជនសង្ស័យដែលត្រូវបានបង្ក្រាបចាប់ឃាត់ខ្លួនទាំង ៥២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះជនសង្ស័យ ២៦ នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទ នេសាទត្រីដោយប្រើប្រាស់ឧបករណ៍ឆក់ និងឧបរណ៍នេសាទទំនើបដែលទើបបង្កើតថ្មី ក្នុងដែនអភិរក្សត្រីមេពូជ តាមបញ្ញតិ្ត មាត្រា ៩៨ នៃច្បាប់ជលផល»។
យោងតាមមាត្រា ៩៨ នៃច្បាប់ជលផល ជនសង្ស័យទាំង ២៦ នាក់ នឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ឆ្នាំដល់ ៥ ឆ្នាំ។
បើតាមលោក អុឹង ទ្រី ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ត្រូវបានគេកត់សម្គាល់ថា បានបង្ក្រាបចាប់បានជនប្រព្រឹត្តបទល្មើសនេសាទ បញ្ជូនទៅឱ្យតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីបានច្រើនជាងគេ ក្នុងចំណោមខេត្តទាំង ៦ ជាប់បឹងទន្លេសាប។ ដោយក្នុងនោះខេត្តពោធិ៍សាត់ បានបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើសនេសាទបានចំនួន ២១ នាក់បញ្ជូនទៅតុលាការ និងបានស្រាវជ្រាវរកឃើញមុខសញ្ញាជនប្រព្រឹត្តបទល្មើសនេសាទចំនួន ៦ នាក់ផ្សេងទៀត ខណៈខេត្តសៀមរាប បានបង្ក្រាបចាប់ជនសង្ស័យចំនួន ១៧ នាក់ បញ្ជូនទៅតុលាការ និងស្រាវជ្រាវរកឃើញមុខសញ្ញាជនប្រព្រឹត្តបទល្មើសចំនួន ១០ នាក់។
ចំណែកខេត្តពោធិ៍សាត់ ជាប់លំដាប់ថ្នាក់ទី៣ ដែលបានបង្ក្រាបបានជនប្រព្រឹត្តបទល្មើសនេសាទចំនួន ៩ នាក់ បញ្ជូនទៅតុលាការ ខណៈខេត្តកំពង់ធំបង្ក្រាបចាប់បានជនសង្ស័យ ៥ នាក់ និងស្រាវជ្រាវរកឃើញមុខសញ្ញាជនប្រព្រឹត្តបទល្មើសនេសាទ ៣ នាក់។ រីឯខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបង្ក្រាបបានតែវត្ថុតាងនៃបទល្មើស ដូចជា មង លប និង សម្រាស់ តែប៉ុណ្ណោះ ចំណែកជនប្រព្រឹត្តបទល្មើសនេសាទ ចាប់មិនបាននោះទេ។
ជុំវិញករណីនេះ ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ ថា ខេត្តបាត់់ដំបងមានស្រុកចំនួន ៤ ជាប់បឹងទន្លេសាប រួមមាន ស្រុកសង្កែ ឯកភ្នំ មោងឫស្សី និងស្រុកថ្មគោល។
លោកបាននិយាយថា បទលើ្មសនេសាទនៅក្នុងខេត្តនេះ ភាគច្រើនជាបទល្មើសតូចតាច មិនជាដុំកំភួននោះទេ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា ជនប្រព្រឹត្តបទល្មើសមានល្បិចកលនិងបណ្ដាញច្រើន ដែលពេលខ្លះពួកគេបានដឹងខ្លួនមុន ហើយបានលាក់ទុកនូវឧបករណ៍នេសាទខុសច្បាប់របស់ពួកគេនៅក្នុងព្រៃ និងកប់ពន្លិចទៅក្នុងទឹក នៅពេលមានការចុះបង្ក្រាបដោយកម្លាំងសមត្ថកិច្ច ។
លោកបានថ្លែងថា៖ «បទល្មើសនេសាទភាគច្រើនកើតឡើងនៅក្នុងតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ដែលនៅឆ្ងាយពីភូមិ ការធ្វើដំណើរចុះទៅបង្ក្រាបតាមផ្លូវទឹកគឺមានរយៈចម្ងាយឆ្ងាយ អ៊ីចឹងទេពេលខ្លះទម្រាំកម្លាំងសមត្ថកិច្ចយើងចុះទៅដល់ ជនប្រព្រឹត្តបទល្មើសបានដឹងខ្លួនមុន ហើយពួកគេរើឧបករណ៍ខុសច្បាប់ចេញ ឬកប់លាក់ទុកនៅក្នុងទឹកអស់» ។
ថ្វីបើយ៉ាងដូច្នេះក្ដី លោក ជួង សុភា បានប្រាប់ឱ្យដឹងថា ក្នុងរយៈ ១ ខែកន្លងមកនេះ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការស្រាលខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសនេសាទសរុប ១៩ លើក ដោយរឹបអូសវត្ថុតាងសាច់មងបានជាង៣ម៉ឺនម៉ែត្រ ឡុកចំនួន ១១៥ ក្បាល លូស្បៃមុង ៣១ មាត់ បង្គោល ១៥ ៧៣០ ដើម សម្រាស់សាច់អួន ៨ ២០០ ម៉ែត្រ អ៊ុយ ១៨ មាត់ និងលែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ៥១២ គីឡូក្រាម ព្រមទាំងប្រមូលឧបករណ៍នេសាទខុសច្បាប់ពីប្រជាពលរដ្ឋយកមកប្រគល់ជូនមានដូចជា សាច់មង ១៧ ពាន់ម៉ែត្រ អាំងវុិចទ័រ ៤៣១ គ្រឿង ដងឆក់ ១៣ គូ ព្រមទាំងឧបករណ៍កែច្នៃខុសច្បាប់មួយចំនួនផងដែរ។
ស្រដៀងគ្នានេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះជាកម្លាំងសមត្ថកិច្ចបានប្រឹងប្រែងចុះល្បាត និងយាមប្រចាំការនៅក្នុងតំបន់ដែលធ្លាប់កើតមានបទល្មើសនេសាទជាញឹកញាប់ហើយក៏ដោយ ក៏បទល្មើសនេះនៅតែបន្តកើតមានក្នុងទ្រង់ទ្រាយតូចនិងដោយអន្លើ នៅក្នុងទីតាំងផ្សេងទៀត ព្រោះភូមិសាស្ត្រតំបន់បឹងទន្លេសាបវាមានវិសាលភាពធំ។
លោកថ្លែងថា៖ «ការបង្ក្រាបបទល្មើសនេសាទ ពិតជាមិនមានភាពងាយស្រួលនោះទេ ប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ »។
ជាមួយគ្នានេះលោកបានអំពាវនាវសុំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ បន្តចូលរួមរាយការណ៍ផ្ដល់ព័ត៌មានអំពីទីតាំង ឬជនប្រព្រឹត្តបទល្មើសនេសាទដល់សមត្ថកិច្ច ដើម្បីមានចំណាត់ការ បង្ក្រាបទប់ស្កាត់បទល្មើសបានទាន់ពេលវេលា៕