ភ្នំពេញៈ របាយការណ៍ស្ទង់មតិមួយបានបង្ហាញថា អ្នកតបកិច្ចសម្ភាសន៍ជាងពាក់កណ្តាលចង់ឱ្យប្រទេសសមាជិកអាស៊ានបញ្ឈប់ការសាងសង់រោងចក្រដើរដោយធ្បូងថ្មថ្មីជាបន្ទាន់ ខណៈជិត ២ ភាគ ៣ នៃអ្នកតបកិច្ចសម្ភាសន៍ ចង់ឱ្យប្រទេសរបស់ពួកគេបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មជាបន្ទាន់ ឬនៅត្រឹមឆ្នាំ ២០៣០។
របាយការណ៍រកឃើញថា ជិត ១ ភាគ ៣ នៃអ្នកតបកិច្ចសម្ភាសន៍ បានកត់សម្គាល់នូវបាតុភូតអាកាសធាតុ គឺជាការគំរាមកំហែងចម្បងទៅដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសរបស់ពួកគេ។
វិទ្យាស្ថាន Yusof Ishak (ISEAS) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នាថ្ងៃទី ៨ ខែកញ្ញា បានចេញផ្សាយរបាយការណ៍ស្ទង់មតិអាកាសធាតុលើកទី៣ របស់ខ្លួនស្តីពីឥរិយាបថ និងការយល់ឃើញរបស់ប្រជាជន នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃរោងចក្រដើរដោយធ្យូងថ្ម និងអាកាសធាតុទៅលើសន្តិសុខស្បៀង។ ការស្ទង់មតិប្រចាំឆ្នាំ ២០២២ នេះ ត្រូវបានធ្វើឡើងទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងដោយការចុះជួបផ្ទាល់ ចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដា ដែលមានប្រធានបទពាក់ព័ន្ធនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង អភិបាលកិច្ចអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្រៅពីភាសាអង់គ្លេស ការស្ទង់មតិនេះ ត្រូវបានធ្វើឡើង ជាភាសាអាស៊ីអាគ្នេយ៍ ចំនួន ៦ ផ្សេងទៀត រួមមាន ភាសាBahasa របស់ឥណ្ឌូនេស៊ី ភូមា ឡាវ ខ្មែរ ថៃ និងវៀតណាម ដោយមានអ្នកតបកិច្ចសម្ភាសន៍សរុបចំនួន ១ ៣៨៦ នាក់ មកពីប្រទេសអាស៊ានទាំង ១០។
ការស្ទង់មតិនេះលើកឡើងថា៖ «អ្នកតបសម្ភាសន៍ នៃបណ្តាប្រទេសអាស៊ាន ជាង ៦០ ភាគយ ជឿជាក់ថា ប្រទេសក្នុងតំបន់គួរតែបញ្ឈប់ការសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មីជាបន្ទាន់។ ចំណែកឯជាង ៧២ ភាគរយ ចង់ឱ្យបញ្ឈប់ការពឹងផ្អែកលើធ្យូងថ្មជាបន្ទាន់ ដែលភាគរយនេះមានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុន»។
ការស្ទង់មតិនេះបង្ហាញថា អ្នកតបកិច្ចសម្ភាសន៍ជិត ២ ភាគ ៥ បានកត់សម្គាល់ឃើញថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគឺជាប្រទេសដឹកនាំអាកាសធាតុពិភពលោក។ ទោះជាយ៉ាងណា នៅពេលសួរថា តើប្រទេសណាអាចដើរតួនាទីសកម្មជាងក្នុងការចែករំលែកជំនាញ និងចំណេះដឹងផ្នែកអាកាសធាតុនៅក្នុងប្រទេសរបស់ពួកគេ អ្នកតបសម្ភាសន៍បានឆ្លើយសំដៅដល់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ជាជាងប្រទេសដៃគូសន្ទនាអាស៊ានដទៃទៀត។
ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ាន អ្នកតបកិច្ចសម្ភាសន៍ជាងពាក់កណ្តាលជឿជាក់ថា សិង្ហបុរីមានសក្តានុពលក្នុងការក្លាយជាប្រទេសដឹកនាំអាកាសធាតុក្នុងតំបន់ ខណៈប្រជាជនឥណ្ឌូនេស៊ីទំនងជ្រើសរើសប្រទេសរបស់ពួកគេសម្រាប់តួនាទីដឹកនាំ។
លោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន ISEAS បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ISEAS នាថ្ងៃទី ៨ ខែកញ្ញាថា បញ្ហាប្រឈមនៃថាមពល និងអសន្តិសុខស្បៀង កាន់តែមានភាពស្មុគស្មាញ ដោយសារវិបត្តិ ដូចជាជំងឺកូវីដ ១៩ និងជម្លោះអ៊ុយក្រែន។ ប៉ុន្តែគេក៏មិនត្រូវភ្លេចកត្តាចម្បង ដែលបណ្តាលមកពីការគំរាមកំហែង នៃការប្រែប្រួលអាកាសធាតុនោះដែរ ដែលនឹងធ្វើឱ្យមានការព្រួយបារម្ភដល់តំបន់ និងពិភពលោកក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោកថ្លែងថា៖ «ការកសាងភាពធន់នឹងអាកាសធាតុ គឺជាធាតុផ្សំដ៏សំខាន់ ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ នៃផលិតកម្មកសិកម្មក្នុងតំបន់ ដែលប្រជាជនអាស៊ីអាគ្នេយ៍ជាច្រើនយល់ស្របថា វាជាអាទិភាពខ្ពស់បំផុត»។
លោកស្រី Sharon Seah មន្ត្រីសម្របសម្រួលជាន់ខ្ពស់ នៃកម្មវិធីប្រែប្រួលអាកាសធាតុនៅអាស៊ីអាគ្នេយ៍ នៅវិទ្យាស្ថាន ISEAS ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ការព្រួយបារម្ភអំពីអាកាសធាតុបានកើនឡើងពី ១ ឆ្នាំទៅ ១ឆ្នាំ ដោយសារតំបន់បន្តប្រឈមនឹងផលប៉ះពាល់អាកាសធាតុខ្លាំង ប៉ុន្តែរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានមើលឃើញថា មានភាពយឺតយ៉ាវ និងពុំមានប្រសិទ្ធភាពក្នុងការឆ្លើយតប។
លោក Stanley Loh រដ្ឋលេខាធិការប្រចាំការនៃក្រសួងនិរន្តរភាព និងបរិស្ថាន របស់ប្រទេសសិង្ហបុរី បានថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ទង់មតិនេះ នាថ្ងៃទី ៨ ខែកញ្ញាថា កាលពីឆ្នាំមុន គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានលើកឡើងថា គ្រប់តំបន់ទាំងអស់ក្នុងពិភពលោកត្រូវបានព្យាករថានឹងជួបប្រទះរលកកម្តៅរយៈពេលយូរ និងខ្លាំងជាងមុនគ្រោះរាំងស្ងួត និងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក ការកើនឡើងល្បឿននៃកម្ពស់ទឹកសមុទ្រ និងការកើនឡើងព្យុះ។
លោកថ្លែងថា៖ «របាយការណ៍ដដែលនេះក៏បានវាយតម្លៃថា តំបន់អាស៊ីអាគ្នេយ៍ ក៏នឹងស្ថិតក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងជាងគេផងដែរ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកលដែលទាមទារឱ្យមានទាំងវិធានការថ្នាក់ជាតិ និងការឆ្លើយតបជាសកល ពីព្រោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៅគ្រប់កម្រិតបង្កើតឡើងវិញនូវភាពជាដៃគូអន្តរជាតិ និងភាពជាដៃគូក្នុងចំណោមប្រទេសអាស៊ានផងដែរ»៕