ភ្នំពេញៈ អង្គភាពជំនាញព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែង ចំពោះបុគ្គលណាដែលរកឃើញថា បានក្លែងបន្លំម៉ាកផលិតផលថ្នាំជក់ ខណៈកន្លងមកនេះ អង្គភាពជំនាញនេះតែងតែទទួលបានពាក្យបណ្តឹងនៃផលិតផលថ្នាំជក់ក្លែងក្លាយ ឬក្លែងបន្លំម៉ាក។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី ៨ ខែកញ្ញា ថា រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាននេះតែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ ឬបារីក្លែងក្លាយ ឬក្លែងបន្លំម៉ាកដែលប្រព្រឹត្តដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ និងចែកចាយក្នុងប្រទេសកម្ពុជា។
ក.ប.ប បញ្ជាក់ថា សកម្មភាពទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត។
ក.ប.ប បញ្ជាក់ថា សកម្មភាពទាំងនេះអាចធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
អគ្គនាយកដ្ឋាន ក.ប.ប បានក្រើនរំឭកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងអ្នកចែកចាយ ផលិតផលថ្នាំជក់ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋាន ក.ប.ប ក្រើនរំឭកដូច្នេះគឺដើម្បីចូលរួមទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ ឬបារីក្លែងក្លាយ ឬក្លែងបន្លំម៉ាក ដែលអាចនៅតែបន្តកើតមានឡើងជាយថាហេតុ។ អគ្គនាយកដ្ឋាននេះលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែង ប្រកបដោយសមធម៌ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់។
អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា៖ «ក្នុងករណី រកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើ និងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នផ្តល់អាណត្តិដោយច្បាប់ នឹងចាត់វិធានការដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀតដោយមិនមានការលើកលែង»៕