កណ្តាលៈ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល កាល​ពី​ថ្ងៃទី ៨ កញ្ញា បាន​ចុះ​ផ្ទៀងផ្ទាត់ លើ​ការ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) នៅ​ស្រុក​ពញាឮ បន្ទាប់​ពី​ស្រុក​ចំនួន ៤ ក្នុង​ខេត្ត​នេះ ទទួល​បាន ODF ជា​ផ្លូវការ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។​

​លោក ហឿន ទ្រី អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​កណ្តាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ ភូមិ​-​ឃុំ​-​ស្រុក ត្រូវតែ​ខិតខំ​ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យមាន​ការ​យល់ដឹង​ខ្ពស់​អំពី​សុខភាព ភាព​ស្អាត និង​អនាម័យ​ជនបទ ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើឱ្យ​ស្រុក​ពញាឮ​ក្លាយជា​ស្រុក ODF មានន័យ​ថា ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពញាឮ​បាន​បញ្ឈប់​ទាំងស្រុង នូវ​ការ​បន្ទោបង​ពាសវាល​ពាសកាល​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តកណ្តាល​។​

​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង ក្នុង​ការចុះ​ផ្ទៀងផ្ទាត់ អំពី​ស្ថានភាព​បញ្ឈប់​ការ​បន្ទោបង់ ពាសវាល​ពាសកាល ODF ថ្នាក់​ស្រុក នៅ​ស្រុក​ពញាឮ ក្នុង​ឃុំ​គោលដៅ​ចំនួន ២ ឃុំ គឺ ឃុំ​ឈ្វាំង និង​ឃុំ​ជ្រៃលាស់ កាលពី​ថ្ងៃទី ៨ ខែ​កញ្ញា ដោយមាន​ការចូលរួម​ពី លោក សំអុល ចំរើន​ឧត្តម អភិបាលរង​ស្រុក​ពញាឮ អាជ្ញាធរ​ភូមិ​-​ឃុំ និង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ទៀត​។​

​លោក ហឿន ទ្រី បាន​បញ្ជាក់ថា ការចុះ​ផ្ទៀងផ្ទាត់ ODF នៅ​ស្រុក​ពញាឮ​នាពេល​នេះ គឺជា​ការចុះ​វាយតម្លៃ​ដោយ​ថ្នាក់​ខេត្ត ហើយ​នៅ​ពេល​ខាងមុខ​ក្រសួង​អភិវឌ្ឍន៍​ជនបទ នឹង​ចុះមក​វាយតម្លៃ​ម្ដងទៀត​។​

​នៅក្នុង​ការចុះ​វាយតម្លៃ​នោះ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹងមិន​ឱ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល​បានដឹង​ជាមុន​ថា ត្រូវ​ចុះ​នៅ​ទីតាំង ភូមិ ឃុំ ស្រុក ណាមួយ​នោះទេ​។​

​ហេតុដូច្នេះ​ហើយ​ទើប​លោក ហឿន ទ្រី បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់ ដោយ​ត្រូវ​ប្រាកដ​ថា ក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺ​នៅ​តាម​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក​ត្រូវមាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ត្រឹមត្រូវ មាន​ភាព​ស្អាត មិន​មាន​ក្លិន មានទឹក និង​សាប៊ូ សំដៅ​ធ្វើឱ្យ​ការចុះ​វាយតម្លៃ ODF ក្នុង​ខេត្ត​កណ្ដាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​នាឱកាស​នោះដែរ លោក សំអុល ចំរើន​ឧត្តម អភិបាលរង​ស្រុក​ពញាឮ បាន​ថ្លែង​នូវ​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ដែល​បាន​ចុះមក​ចុះ​ផ្ទៀងផ្ទាត់ វិនិច្ឆ័យ​អំពី​ស្ថានភាព​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF នៅ​ស្រុក​ពញាឮ​។​

​លោក សំអុល ចំរើន​ឧ​ត្ត​ម បញ្ជាក់ថា​រដ្ឋបាល​ស្រុក​នឹង​ផ្ដល់​កិច្ច​សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​មន្ទីរ ពីព្រោះ​តាមរយៈ​ការចុះ នាពេល​នេះ បាន​ជួយ​បង្ហាត់​បង្ហាញ​បន្ថែម​ទៀត​ទៅដល់​រដ្ឋបាល​ស្រុក ក្នុងការ​បញ្ឈប់​ការ បន្ទោបង់​ពាសវាល​ពាសកាល ជំរុញ​ឱ្យ​ស្រុក​ពញាឮ​ក្លាយជា​ស្រុក ODF​។​

​សូម​ជម្រាប​ផងដែរ​ថា ខេត្តកណ្តាល​ទទួល​បាន ODF ចំនួន ៤ ស្រុក​រួច​មកហើយ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ គឺមាន​ស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង ស្រុក​លើកដែក ស្រុក​ខ្សាច់កណ្តាល​។​

​បើតាម​រដ្ឋបាល​ខេត្ត​កណ្តាល នាពេល​ថ្មីៗ​នេះ ស្រុក​ល្វាឯម ស្រុក​កោះធំ និង​ស្រុក​មុខកំពូល​ក៏ត្រូវ​បាន​ជាប់​ជា​ស្រុក ODF ផងដែរ ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​របស់​ខេត្ត ដែល​មិនទាន់​ធ្វើលិខិត​បញ្ជូន​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។​

​ជំហាន​បន្ទាប់ ក្រុមការងារ​នឹង​បន្ត​ចុះ​ផ្ទៀងផ្ទាត់​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF ថ្នាក់​ស្រុក នៅ​ស្រុក​កៀនស្វាយ និង​ក្រុង​តាខ្មៅ​៕